ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានប្ដេជ្ញាថា នឹងពង្រឹងការបង្ក្រាបប្រឆាំងអំពើពុករលួយរបស់ប្រទេសនេះឱ្យកាន់តែស៊ីជម្រៅជាពិសេសនៅក្នុងវិស័យឧស្សាហកម្ម និងជំនួញធំៗនៅក្នុងស្រុក។មិនត្រឹមតែប៉ុណ្ណោះលោកស៊ីជីនភីងថែមទាំងបានបញ្ជាក់ថា លោកនឹងបង្កើនការដាក់ទណ្ឌកម្មចំពោះអ្នកដែលផ្តល់សំណូកណាមួយទៀតផង។
យោងតាមរបាយការណ៍ពីទូរទស្សន៍រដ្ឋ CCTV ចេញពីកិច្ចប្រជុំនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តសម្រាប់ការត្រួតពិនិត្យវិន័យកាលពីខែមករាលោកស៊ីជីនភីងបានជំរុញឱ្យមានការត្រួតពិនិត្យកាន់តែតឹងរ៉ឹងដើម្បីទប់ស្កាត់ការរីករាលដាលនៃអំពើពុករលួយដល់វិស័យផ្សេងទៀត។
ក្នុងនោះ ប្រធានាធិបតី ស៊ី ជីនភីង បានបញ្ជាក់ដោយផ្ដោតសំខាន់លើវិស័យហិរញ្ញវត្ថុថាមពលហេដ្ឋារចនាសម្ព័ន្ធឱសថនិងក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ។
ប្រធានាធិបតីចិនរូបនេះប្តេជ្ញាម្តងហើយម្តងទៀតថានឹងមិនមានការអត់ឱនចំពោះអំពើពុករលួយណាមួយឡើយ ចាប់តាំងពីលោកបានចូលកាន់តំណែងក្នុងឆ្នាំ២០១២ មក ហើយការបង្ក្រាបអំពើពុករលួយរបស់លោកគឺធ្វើឡើងតាមរយៈយុទ្ធនាការបោសសម្អាតអំពើពុករលួយក្នុងវិស័យឧស្សាហកម្មធំៗដោយរួមបញ្ចូលទាំងវិស័យសុខាភិបាលនិងហិរញ្ញវត្ថុផង។
ក្នុងឆ្នាំ២០២៣កន្លងទៅគេបានកត់សម្គាល់ឃើញចំនួនមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ ត្រូវបានឃុំខ្លួន ខណៈដែលការស៊ើបអង្កេតរបស់ប្រធានធនាគារល្បីៗបានបង្កឱ្យមានការភ្ញាក់ផ្អើលពេញទាំងវិស័យហិរញ្ញវត្ថុរបស់ចិនតែម្ដង។
ទាក់ទិននឹងករណីនេះលោកស៊ីជីនភីង បានប្ដេជ្ញាថានឹងដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរទៅលើអ្នកដែលត្រូវបានគេរកឃើញថាមានកំហុសក្នុងការផ្តល់សំណូក។
ប៉ុន្តែបើទោះបីជាប្រទេសចិន បានអនុវត្តច្បាប់ដ៏តឹងរ៉ឹង ដើម្បីប្រឆាំងអំពើពុករលួយអស់រយៈពេល ១ ទសវត្សរ៍ ហើយក្ដីលោកស៊ីផ្ទាល់នៅតែទទួលស្គាល់ថាស្ថានភាពអំពើពុករលួយនៅក្នុងប្រទេសនៅតែមានភាពស្មុគស្មាញដែលជាហេតុធ្វើឱ្យលោកចង់ពង្រឹងការបង្ក្រាបកាន់តែខ្លាំង។
យុទ្ធនាការប្រឆាំងអំពើពុករលួយ ដែលមិនធ្លាប់មានពីមុនមកនោះបានចាប់ផ្តើមបន្ទាប់ពីការបញ្ចប់សមាជជាតិលើកទី១៨ នៃបក្សកុម្មុយនីស្តចិន ដែលបានធ្វើឡើងនៅទីក្រុងប៉េកាំងកាលពីខែវិច្ឆិកា ឆ្នាំ២០១២៕