អ៊ីស្រាអែល​ និង​អាហ្រ្វិក​ខាង​ត្បូង ​នឹង​ប្រឈម​មុខ​ដា​ក់​គ្នា​នៅ​តុលាការ​កំពូល​របស់​អង្គការ​សហ​ប្រជា​ជាតិ​ (UN) ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​​​ទៅ​ បន្ទាប់​ពី​រដ្ឋាភិបាល​​ក្រុង​ព្រ៊ីតូរីយ៉ា​ បាន​ចោទ​ប្រកាន់​អ៊ីស្រាអែល ​ពី​បទ​​ប្រល័​យ​​ពូជ​សាសន៍​នៅ​តំបន់​ហ្គាហ្សា​។  ​

ទីភ្នាក់ងារ​សារព័ត៌មាន​ AFP បាន​រាយការណ៍​ថា​ ​​ក្នុង​ពាក្យ​បណ្ដឹង​កម្រាស់​ ៨៣ ទំព័រ​ទៅ​កាន់​​​តុលាការ​យុត្តិ​ធ​ម៌​អន្តរជាតិ​ (ICJ) ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​ជំរុញ​ឱ្យ​ចៅ​ក្រម​បញ្ជា​ឱ្យ​អ៊ីស្រាអែល​ «​ផ្អាក​ប្រតិបត្តិកា​រ​យោធា​របស់​ខ្លួន​ជា​បន្ទាន់​»​ នៅ​ក្នុង​តំបន់​ហ្គាហ្សា​។

អាហ្រ្វិក​ខាង​ត្បូង​បាន​ចោទ​ប្រកាន់​ថា​ អ៊ីស្រាអែល​​ «បានពាក់​ព័ន្ធ​ កំពុង​ពាក់​ព័ន្ធ​ ហើយ​នឹង​បន្ថែម​ការ​ពាក់​ព័ន្ធ​​នឹង​​​ការ​ប្រព្រឹត្ត​​អំពើ​ប្រល័យ​ពូជ​សាសន៍​ ប្រឆាំង​នឹង​ប្រជាជន​ប៉ាឡេស្ទីន​នៅ​​តំបន់​ហ្គាហ្សា»​​​។


ប្រទេស​ដដែល​បន្ត​ថា​ ​សកម្មភាព​របស់​អ៊ីស្រាអែល​នៅ​ហ្គាហ្សា​គឺ​ «​មាន​បំណង​នាំ​មក​នូវ​ការ​បំផ្លិច​បំផ្លាញ​​ផ្នែក​មួយ​យ៉ាង​សំខាន់​នៃ​ក្រុម​​ពូជ​សាសន៍​ ​ជាតិ​សាសន៍​​របស់​ប៉ាឡេស្ទីន​»​។​ «​អំពើ​ប្រល័យ​ពូជ​សាសន៍​»​ របស់​អ៊ីស្រាអែល​ ផ្តើម​ចេញ​ពី​ការ​សម្លាប់​ជន​ជាតិ​ប៉ាឡេស្ទីន​រាប់​ពាន់​នាក់​នៅ​ហ្គាហ្សា ​ការ​ផ្លាស់​លំនៅ​ដោយ​បង្ខំ​ និង​រារាំង​ការ​ទទួល​បាន​ជំនួយ​គ្រប់​គ្រាន់​ ដែល​បណ្តាល​ឱ្យ​មាន​ការ​​អត់​ឃ្លាន​។

យ៉ាង​ណា​មិញ​ អ៊ីស្រាអែល​​បាន​ប្រតិកម្ម​យ៉ាង​​​​ខឹង​សម្បា​​ចំពោះ​​ការ​ចោទ​ប្រកាន់​​​នេះ​ ដោយ​​អ្នក​នាំ​ពាក្យ​​រដ្ឋាភិបាល​​លោក​ Eylon Levy ​បាន​​ប្តេជ្ញា​​ប្រឆាំង​​នឹង​ពាក់​បណ្ដឹង​របស់​​​​​អាហ្វ្រិក​​ខាង​ត្បូង​​ ដែល​​លោក​​បាន​​ព​ណ៌​​នា​​ថា​​ជា​ «​​ការ​​​​មួល​បង្កាច់​​​ឈាម» ដោយ​​​​មិន​​សម​ហេតុ​ផល​។


ការ​មួល​បង្កាច់​ឈាម​ ​​សំដៅ​លើ​ការ​ចោ​ទ​ប្រកាន់​បែប​រឿង​ព្រេង​​ក្នុង​​​​ទំនោរ​ស្អប់​ជន​ជាតិ​ជ្វីហ្វ​ ដែល​​ថា​ជន​ជាតិ​នេះ​បាន​​សម្លាប់​ពួក​គ្រិស្តសាស​និក​ដើ​ម្បី​​យ​ក​ឈាមទៅ​​ប្រើ​ក្នុង​ពិធី​សាសនា​។ ​
​លោក​Levy ​បាន​បន្ថែម​ថា​៖«​វាពិ​ត​ជា​គួរ​ឱ្យ​សោក​ស្ដាយ​​ណាស់ ​ដែល​​ប្រជាជាតិ​​ឥន្ទធនូ​ ដែល​មាន​មោទនភាព​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រើស​អើង​ជាតិ​សាសន៍​ នឹង​ធ្វើ​ការ​ដោយ​មិន​យក​កម្រៃ​ដើម្បី​ផល​ប្រយោ​ជន៍​សម្រាប់​ពួក​​​រើស​អើង​ជាតិ​សាសន៍​ ដែល​ស្អប់​ជន​ជាតិ​ជ្វីហ្វ​»។

ពាក្យ​ថា​​ប្រជាជាតិ​​ឥន្ទធនូ​ដែល​លោក​ប្រើ​​ សំ​ដៅ​លើ​​​សង្គម​អាហ្វ្រិក​ខាង​ត្បូង​ ដែល​ពោរ​ពេញ​ទៅ​ដោយ​​ភាព​​​ចម្រុះ ​និង​ពហុ​វប្បធម៌​។ 

លោក Levy ​បន្ថែម​ថា​ បណ្ដឹង​របស់​អាហ្វ្រិក​ខាង​ត្បូង​ គ្រាន់​តែ​ទង្វើ​បិទ​បាំង​ផ្នែក​នយោបាយ​​ និង​ផ្លូវ​ច្បាប់​ សម្រាប់​ក្រុម​ហាម៉ាស់​ប៉ុណ្ណោះ​ ហើយ​វា​គឺ​ជា​​ ​«​​បទ​ឧក្រិដ្ឋ​ស្រប​គ្នា​​នឹង​​យុទ្ធនាការ​​ប្រល័យ​ពូជ​សាសន៍​​របស់​​ក្រុម​​ហាម៉ាស់​​ប្រឆាំង​​នឹង​​ប្រជាជន​អ៊ីស្រាអែល​»។ ​​

ចំណែក​ឯ​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ លោក​ បេនចាមីន​ នេតានីយ៉ាហ៊ូ​ វិញ​ បាន​និយាយ​ថា​៖ «អត់​ទេ​ អាហ្វ្រិក​ខាង​ត្បូង​! យើង​​​មិន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​ទេ​ គឺ​ក្រុម​ហាម៉ាស់​ទៅ​វិញ​ទេ​ ដែល​ធ្វើ​ដូច្នេះ​»​។ 

ក្រុម​ហាម៉ាស់​​បាន​បើ​ក​ការ​វាយ​ប្រហារ​​លើ​អ៊ីស្រាអែល​នៅ​ថ្ងៃ​ ៧ តុលា​ ឆ្នាំ​មុន​ ដោយ​សម្លាប់​មនុស្ស​ជាង​ ១ ២០០ នាក់​ និង​ចាប់​ជំរិត​មនុស្ស​រាប់​រយ​នាក់​ផ្សេង​ទៀត​ ដែល​ភាគ​ច្រើន​ជា​ជន​ស៊ីវិល​។

អ៊ីស្រាអែល​ប្ដេជ្ញា​​បោសសម្អាត​ក្រុម​ហាម៉ាស់​ ដោយ​ចាប់​ផ្ដើម​ទម្លាក់​គ្រាប់​បែក​ និង​វាយ​ប្រហារ​ដោយ​ផ្ទាល់​ទ្រ​ង់​ទ្រាយ​ធំ​នៅ​តំបន់​ហ្គាហ្សា​ ទោះ​បី​ជា​មាន​ការ​រិះ​គន់​ និង​បង្ហាញ​ការ​ព្រួយ​កង្វល់​ខ្លាំង​ចំពោះ​សកម្មភាព​យោ​ធា​របស់​ខ្លួន​ក្ដី​។

ប្រតិបត្តិការ​របស់​អ៊ីស្រាអែល​មក​ទល់​ពេល​នេះ​ បាន​សម្លាប់​មនុស្ស​ជាង​ ២២ ០០០ នាក់​ ដែល​ភាគ​ច្រើន​ជា​ជន​ស៊ីវិល​ដែល​ជាកុមារ ខណៈ​​អង្គការ​សហ​ប្រជាជាតិ​ប៉ាន់​ប្រមាណ​ថា​ ប្រជាជន​នៅ​ហ្គាហ្សា​ ១,៩ លា​ន​នាក់​ បាន​ផ្លាស់​ទី​លំនៅ​ ហើយ​​ការ​ភ័យ​ខ្លាច​ចំពោះ​គ្រោះ​ទុរ្ភិក្ស​ និង​ជំងឺ​កើន​ឡើង​។

ពាក់​ព័ន្ធ​ទៅ​នឹង​រឿង​ក្ដី​ប្រឆាំង​អ៊ីស្រាអែល​របស់​អាហ្វ្រិក​ខាង​ត្បូង​ លោក​ Johann Soufi​មេធាវី ​និង​ជា​អ្នក​ជំនាញ​ផ្នែក​យុត្តិធម៌​អន្តរជាតិ​ បាន​ប្រាប់ ​AFP ​ថា​​ វា​នឹង​មាន​ជះ​ឥទ្ធិពល​ខ្លាំង​ ប្រសិន​​បើ​តុលាការ​សម្រេច​ប្រឆាំង​នឹង​អ៊ីស្រាអែល​។​

លោក​ Soufi​ ដែល​ធ្វើ​ការ​ឱ្យ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុ​ក​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន​នៅ​​ហ្គាហ្សា​ បាន​និយាយ​ថា​៖ «​ជា​ការ​ពិត​ណាស់​ មាន​បញ្ហា​ក្នុង​ការ​អនុវត្ត​សេចក្តី​សម្រេច​នេះ​។​ ប៉ុន្តែ​នៅ​ចុង​បញ្ច​ប់​​នៃ​ថ្ងៃ​នោះ ​យុត្តិធម៌​អន្តរជាតិនៅ​តែ​មាន​»​។

​​ICJ មាន​ច្បាប់​​ស្តី​ពី​វិវាទ​រវាង​រដ្ឋ​ ​ហើយ​​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​មាន​កាតព្វកិច្ច​ស្រប​ច្បាប់ ​ប៉ុន្តែ​​អំណាច​របស់​ស្ថាប័ន​ដដែល​មាន​​កំណត់​​ក្នុង​ការ​អនុវត្ត​។ ​តាម​ទ្រឹស្តី ​តុលាការ​អាច​បញ្ជា​អ៊ីស្រាអែល​ឱ្យ​បញ្ឈប់​ការ​ឈ្លាន​ពាន​របស់​ខ្លួន​ ប៉ុន្តែ​​​បើ​អ៊ីស្រាអែល​មិន​គោរព​តាម​ ក៏អាច​​ថា​បាន​។ គំរូបែប​នេះ​ គេ​ឃើញ​ម្ដង​រួច​ហើយ​ នៅ​ពេល​ដែល​ ICJ បញ្ជា​ឱ្យ​រុស្ស៊ី​បញ្ឈប់​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​។ 

អាហ្រ្វិក​ខាង​ត្បូង​អាច​​ប្តឹង​អ៊ីស្រាអែល​បាន​ ដោយ​សារ​តែ​ប្រទេស​ទាំង​​២​បាន​ចុះ​ហត្ថលេខា​លើ​អនុ​សញ្ញា​ប្រល័យ​ពូជសាសន៍​របស់​អង្គការ​សហប្រជាជាតិ​​ឆ្នាំ​១៩៤៨​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​សម្លាប់ជន​ជាតិ​ជ្វីហ្វ​​​រង្គាល​ Holocaust ។

ប្រទេស​ណា​ក៏​ដោយ​ ដែល​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​នេះ​ អាច​ប្តឹង​ទៅ​ICJ ​ប្រសិ​ន​បើ​ពួក​គេ​មិន​យល់​ស្រប​លើ​«​ការ​បក​ស្រាយ​ ការ​ដាក់​ពាក្យ​ ឬ​ការ​បំពេញ​»​ នៃ​ច្បាប់​ ដែល​បាន​រចនា​ឡើង​ដើម្បី​ការពា​រ​ប្រឆាំង​នឹង​​អំពើ​ប្រល័យ​ពូជ​សាសន៍​​៕​