​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ លោក​ វ៉ាង យី​ បាន​និយាយ​នៅ​​ថ្ងៃ​អង្គារ​ទី៩ខែ​មករា​​​ថា​ ទំនាក់​ទំនង​​រវាង​ចិន​ និង​​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​មុន​ «​មាន​ស្ថិរភាព​»​ ​ខណៈ​មហា​អំណាច​ទាំង​​២​ព្យាយាម​ដាក់​ទំនាក់​ទំនង​ឱ្យ​កា​ន់​​តែ​រឹង​មាំ​នៅ​ឆ្នាំ​ ២០២៤​។  ​ 

លោក​ វ៉ាង​ បាន​និយាយ​​​នៅ​​ទីក្រុង​ប៉េកាំង​ថា ​​ទោះ​បី​ជា​ទំនាក់​ទំនង​ចិន​-អាមេរិក​ បាន​ជួប​ប្រទះ​នឹង​ការ​លំបាក​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ដើម​ឆ្នាំ​២០២៣​ ពិត​​មែន​ក្ដី​ ប៉ុន្តែ​ដោយ​សារ​តែ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ «ភាគី​ទាំង​​២​បាន​រៀប​ចំ​រចនា​សម្ព័ន្ធ​ទំនាក់​ទំនង​ និង​ការ​សន្ទ​នា​​ឡើង​វិញ​ ហើយ​ទំនាក់​ទំនង​ទ្វេ​ភាគី​បាន​ឈប់​ធ្លាក់​ចុះ​ និង​មាន​ស្ថិរភាព​»​។

អ្នក​ការ​ទូត​ជើង​ចាស់​​បាន​បន្ថែម​​​ថា​ ទីក្រុង​ប៉េកាំង​​បង្ហាញ​ជំហរ​ដ៏​ឧឡារិក​របស់​ខ្លួន​ ដោយ​ទាម​ទារ​ឱ្យ​សហរដ្ឋ​អាមេរិក​ផ្លាស់​ប្តូរ​ការ​យល់​ច្រឡំ​​ចំពោះ​ប្រទេស​ចិន​ ហើយ​ត្រឡប់​ទៅ​រក​គោល​នយោ​បា​យ​​ចិនដែល​​ប្រកប​ដោយភាព​​សម​ហេតុផល ​និង​ភាព​​​ជាក់​ស្តែង​​។ ​


ទំនាក់​ទំនង​រវាង​​ក្រុង​ប៉េកាំង ​និង​ក្រុង​វ៉ាស៊ីនតោន​ ​បាន​ក្លាយ​ជា​ជូរ​ចត់​​ក្នុងរយៈ​ពេល​​ប៉ុន្មាន​​ឆ្នាំ​ថ្មី​ៗ​នេះ​ លើ​បញ្ហា​ចាប់​តាំង​ពី​បច្ចេកវិទ្យា​ និង​ពាណិជ្ជកម្ម​ រហូត​ដល់​បញ្ហា​សិទ្ធិ​មនុស្ស​ ជម្លោះ​​​តៃវ៉ាន់​ និង​​ភា​ព​​ចម្រូង​ចម្រាស់​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។ ​​

ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ដ៏​អាក្រក់​បំផុត​មួយ​ចំនួន​ក្នុង​ទសវត្សរ៍​នេះ​ ប្រធានាធិបតី​អាមេរិក​ លោក​ ចូ បៃ​ដិន​ បាន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជិនភីង​។ ដូច​ជា​ជំនួប​នៅ​ទី​​ក្រុង​សានហ្វ្រង់ស៊ីស្កូ​ កាល​ពី​​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ ​ដែល​ភាគី​ទាំង​២​​អះ​អាង​ថា​ ប្រកប​ទៅ​ដោយ​ផ្លែ​ផ្កា​ជា​ដើម​។ 


ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ​​ការ​​វាយ​​តម្លៃ​បែប​សុទិដ្ឋនិយម​របស់​លោក​ វ៉ាង​ ធ្វើ​ឡើង​ខណៈ​ដែល​ភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​២​នៅ​តែ​បន្ត​​កើន​ឡើង​។ 

​​ការ​បោះឆ្នោត​​សកល​នៅ​កោះ​តៃវ៉ាន់​ ​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុង​សប្ដាហ៍​នេះ​ ខណៈ​​តៃវ៉ាន់​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ​រវា​ង​អាមេរិក​ និង​ចិន​។ ​ចិន​​ទាមទារ​​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន​ ហើយ​​ប្ដេជ្ញា​ថា​នឹង​វាយ​យក​ដោយ​កម្លាំង​​ប្រសិន​បើ​ចាំ​បាច់​ ​ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​ ​គឺ​ជា​អ្នក​គាំទ្រ​សន្តិសុខ​ដ៏​សំខាន់​​​​បំផុត​របស់​កោះ​នេះ​ ​​ហើយ​បាន​ព្រមាន​​កុំ​​ឱ្យ​ចិន​ធ្វើ​សកម្មភាព​គឃ្លើន​។ ​

មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ ភាគី​ទាំង​​២​ក៏​បាន​ប៉ះ​ទង្គិច​គ្នា​ផង​ដែរ​ជុំ​វិញ​គោល​នយោបាយ​​កាន់​តែ​គឃ្លើន​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ចិន​ទាម​ទារ​ស្ទើរ​តែ​ទាំង​មូល​ថា​ជា​ដែន​ទឹក​របស់​ខ្លួន​៕