ប្រទេស​ចិន​ នៅ​ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បាន​រាយការណ៍​ ពី​ឧប្បត្តិហេតុ​ចារកម្ម​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អង់គ្លេស (MI6) ដោយ​បញ្ជាក់ថា ពួកគេ​បាន​ប្រើប្រាស់​មនុស្ស​ម្នាក់​នៅក្នុង​ប្រទេស​ចិន​ដើម្បី​ប្រមូលយក​ព័ត៌មាន​សម្ងាត់​ពី​ចិន។

ករណិចុងក្រោយ​នេះ​ បាន​បន្ថែម​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង តាមរយៈ​ការចោទប្រកាន់​គ្នា​ទៅវិញទៅមក​ពីបទ​ចារកម្ម​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​របស់​ពួកគេរៀងៗខ្លួន។

ក្រសួង​សន្តិសុខ​រដ្ឋ​របស់​ប្រទេស​ចិន​បាន​ចែករំលែក​សារ​នៅលើ​គណនី WeChat របស់ខ្លួន​ថា បុគ្គល​ម្នាក់​ដែលមាន​នាមត្រកូល​ថា ហួង (Huang)ដែល​ដឹកនាំ​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​ក្រៅប្រទេស បាន​មាន​ទំនាក់​ទំនងជា​មួយក្រុម​ស៊ើបការណ៍​សម្ងាត់MI6 របស់​អង់គ្លេស​ចាប់តាំងពី​ឆ្នាំ២០១៥ មកម្ល៉េះ។


ភ្នាក់ងារ MI6 បាន​បញ្ជា​ឱ្យ​លោក ហួង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​ជា​ច្រើនដង ដោយ​ប្រើ​អត្តសញ្ញាណ​ក្លែងបន្លំ ដើម្បី​លួច​ប្រមូល​ព័ត៌មាន​សម្ងាត់​សម្រាប់​ផ្ដល់ឱ្យ​ក្រុម​ចារកម្ម​អង់គ្លេស នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ចិន។

រដ្ឋាភិបាល​ចិន​បាន​បន្ថែមថា ភ្នាក់ងារ MI6 ក៏បានផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​ស៊ើបការណ៍​សម្ងាត់​យ៉ាង​អាជីព​ទៅដល់​លោក ហួង នៅ​ចក្រភព​អង់គ្លេស និង​កន្លែង​ផ្សេងទៀត ហើយ​ក៏មាន​ផ្ដល់​ឧបករណ៍​ចារកម្មពិសេសៗ សម្រាប់​ប្រើប្រាស់​ក្នុង​ដំណើរ​ការប្រមូល​ព័ត៌មាន​សម្ងាត់​ពី​ប្រភពផ្សេងៗគ្នា។


រដ្ឋា​ភិ​បាន​ចិន​បាន​រៀបរាប់ថា បន្ទាប់ពី​ការស៊ើបអង្កេត​យ៉ាង​ម៉ត់ចត់ ពួកគេ​បាន​រកឃើញ​ភស្តុតាង​យ៉ាងច្បាស់​ថា លោក ហួង​គឺ​ពិតជា​កំពុង​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ធ្វើ​ចារកម្ម​នេះ​មែន។

ចិន​បាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​រូបលោក ប៉ុន្តែ​មិនបាន​បង្ហាញ​ពី​ភ្នាក់ងារ​ប្រឹក្សា​ដែល​ពាក់ព័ន្ធ​នោះទេ​ប៉ុន្តែ​ការិយាល័យ​ការបរទេស​អង់គ្លេស​មិនបាន​ឆ្លើយតប​នឹង​ការរកឃើញ​របស់​ចិន​នេះ​នៅឡើយ​ទេ។

យ៉ាងណាក៏ដោយ រដ្ឋាភិបាល​អង់គ្លេស​ធ្លាប់បាន​អះអាង​ចោទប្រកាន់ថា អ្នកស៊ើប​ការណ៍​សម្ងាត់​របស់​ប្រទេស​ចិន​កំពុង​ដាក់​គោលដៅ​ទៅលើ​មន្ត្រី​ក្នុងតួនាទីសំខាន់ៗក្នុង​នយោបាយ​អង់គ្លេស​ក្នុង​វិស័យ​ការពារជាតិ និង​អ្នកជំនួញ​ជាច្រើន ដើម្បី​ទទួលបាន​ព័ត៌មាន​សម្ងាត់​ក្នុង​ប្រតិបត្តិការ​ពិសេស​មួយចំនួន។

ថ្មីៗនេះ អ្នកស្រាវជ្រាវ​នៅ​សភា​អង់គ្លេស​ម្នាក់​ដែល​ទទួលរង​ការចោទប្រកាន់​ពី​អង់គ្លេស បាន​បដិសេធថា ខ្លួន​មិនមែនជា​ចារកម្ម​របស់​ចិន​នោះទេ។ ប្រទេស​ចិន​ក៏បាន​ធ្វើការ​រិះគន់​ការចោទប្រកាន់​របស់​អង់គ្លេស ហើយ​បាន​ជំ​រុញឱ្យ​អង់គ្លេស​បញ្ឈប់​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ឈប់​ធ្វើការ​ចោទប្រកាន់​ដោយ​ចេតនា​ប្រឆាំងនឹង​ពួកគេ។

កន្លងមកនេះ ប្រទេស​ចិន​កំពុង​ចាត់វិធានការ​ជាច្រើន​ដើម្បី​ប្រឆាំងនឹង​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់ខ្លួន ដោយបាន​លាតត្រដាង​ក​រ​ណី​ចារកម្ម​មួយចំនួន​ផងដែរ។

រដ្ឋាភិបាល​ចិន​កំពុង​ដាស់តឿន​ប្រជាពលរដ្ឋ​របស់ខ្លួន​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ពី​ហានិភ័យ​នៃ​ការចូល​ពាក់ព័ន្ធ​ក្នុង​ចារកម្ម។ រដ្ឋាភិបាល​ចិន​ក៏​កំពុង​ផ្សព្វផ្សាយ​ឱ្យ​មនុស្ស​ជួយ​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​ចារកម្ម ដោយ​រាយការណ៍​ពី​ករណី​ណា​ដែល​គួរឱ្យ​សង្ស័យ។

បច្ចុប្បន្ននេះ ប្រទេស​ចិន​កំពុង​បង្ក្រាប​ក្រុមហ៊ុន​ប្រឹក្សា​បរទេស និង​ក្រុមហ៊ុន​មួយចំនួនទៀត ដោយសារ​ពួកគេ​បារម្ភ​ថា​ក្រុមហ៊ុន​ទាំងអស់នេះ​អាច​នឹង​លាតត្រដាង​ព័ត៌មាន​សម្ងាត់​របស់រ​ដ្ឋ​ចិន។ ការធ្វើ​បែបនេះ​បានធ្វើ​ឲ្យ​ក្រុមហ៊ុន​បរទេស​ដែល​ប្រតិបត្តិការ​ក្នុងប្រទេស​ចិន​មានការ​ព្រួយបារម្ភ​ជាខ្លាំង៕