​កងកម្លាំង​នៃ​របប​យោធា​​មី​យ៉ាន់​ម៉ា​ដែល​បរាជ័យ​ផ្ទួនៗ​ក្នុង​សមរភូមិ​នៅ​ភាគ​ខាងជើង​ប្រទេស​ជាប់​ប្រទេស​ចិន បណ្តាលឱ្យ​បាត់បង់​តំបន់​មួយចំនួន​ទៅលើ​ក្រុម​តស៊ូ​ដែល​គាំទ្រ​លទ្ធិ​​ប្រជាធិបតេយ្យ បាន​បង្កើន​ការ​​វាយបក​លើ​ក្រុម​តស៊ូ​។​

​សាក្សី​ក្នុង​តំបន់ និង​ក្រុម​សិទ្ធិ​មនុស្ស​បាន​អះអាង​កាលពី​ថ្ងៃ​​អាទិត្យ​ថា ការវាយប្រហារ​តាម​អាកាស​របស់​យោធា​មី​យ៉ាន់​ម៉ា​ទៅលើ​ភូមិ​មួយ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុម​​តស៊ូ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ បានសម្លាប់​ជន​ស៊ីវិល​យ៉ាងតិច ១៧​ ​នាក់ រួមទាំង​កុមារ ៩ នាក់​ក្នុងនោះ​។  

​ទីភ្នាក់ងារសារព័ត៌មាន AP បាន​រាយការណ៍​ថា រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​បាន​ច្រានចោល​ការចោទប្រកាន់ ហើយ​ការ​វាយ​ប្រហារ បានកើត​ឡើង​ទៅលើ​តំបន់​Sagaing ក្នុងភូមិ Kanan​ នៃ​ក្រុង Khampat ដែល​ស្ថិត​ជិត​ព្រំដែន​នៃ​រដ្ឋ​ម៉ា​នី​ពួរ​របស់​ប្រទេស​ឥណ្ឌា​។​


​សាក្សី​ម្នាក់ ដែលជា​ប្រជាជន​ក្នុងភូមិ​រងគ្រោះ និង​ជា​អ្នក​ដែល​ជួយ​ប្រតិបត្តិ​ការសង្គ្រោះ បាន​ប្រាប់ AP ថា ការ​វាយ​​ប្រហារ​បានកើត​ឡើង​ដោយ មាន​យន្តហោះ​ចម្បាំង​ ១​ គ្រឿង ទម្លាក់​គ្រាប់បែក​ចំនួន ៣ ​គ្រាប់ ទៅលើ​អគារ​ក្បែរ​សាលារៀន បណ្ដាលឱ្យ​មនុស្ស​ ១៧​ នាក់​ស្លាប់ និង​ប្រមាណ​ ២០ ​នាក់​ផ្សេងទៀត​រងរបួស​។​

​ទីភ្នាក់ងារសារព័ត៌មាន​អន​ឡាញ​ឯករាជ្យ KhitThit Media និង​បណ្ដាញ​ព័ត៌មាន​ផ្សាយ​ជា​ភាសា​ភូមា BBC បាន​រាយ​ការណ៍​ពី​ការវាយប្រហារ​តាម​អាកាស​កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​រដ្ឋាភិបាលយោធា​បាន​បដិសេធ​ការទទួលខុសត្រូវ​ដោយ​អះអាងថា វា​ជា​ព័ត៌មាន​មិន​ពិត ដែល​ផ្សាយ​ដោយ KhitThit Media ដែលមាន​ទំនោរ​គាំទ្រ​ក្រុម​តស៊ូ​ប្រឆាំងនឹង​រដ្ឋាភិបាលយោធា​។​


​ទូរទស្សន៍​រដ្ឋ​មី​យ៉ាន់​ម៉ា MRTV បាន​ផ្សាយ​កាលពី​យប់​ថ្ងៃអាទិត្យ ដោយ​ស្រង់​សម្តី​ជា​អនាមិក​ពី​មន្ត្រី​នៃ​តំបន់​កើត​ហេតុថា គ្មាន​យន្ត​​ហោះណា​ហោះហើរ​កាត់​តំបន់​នេះ​ទេ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។​

​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​ទៅក្នុង​ភាព​វឹកវរ​ផ្នែក​នយោបាយ​ក្រោយ​ក្រុម​យោធា​បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់លោក​​ស្រី អ៊ុង​សាន ស៊ូ​ជី នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​ ២០២១​។ រដ្ឋប្រហារ​បាន​បង្កើត​ជា​ចលនា​ប្រឆាំង​របប​យោធា ដែល​ធ្វើឱ្យ​មី​យ៉ាន់​ម៉ា​ធ្លាក់​ទៅក្នុង​ជម្លោះ​។​

​ក្រោយ​រដ្ឋប្រហារ រដ្ឋាភិបាលយោធា​បាន​បង្កើន​ការវាយប្រហារ​តាម​ផ្លូវអាកាស​ប្រឆាំងនឹង​ក្រុម​​តស៊ូ រួមមាន កងកម្លាំង​ប្រដាប់​អាវុធ​ការពារ​ប្រជាជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​ក្រុម​ទ័ពព្រៃ​ជនជាតិភាគតិច​៕