​កសិករ​អាល្លឺម៉ង់​ចាប់ពី​ថ្ងៃ​ចន្ទ​ បាន​ប្រើប្រាស់​ត្រាក់ទ័រ​បិទផ្លូវ​ក្នុងការ​តវ៉ា​មួយ​ដែល​គ្រោង​ធ្វើ​រយៈពេល ១​ សប្តាហ៍​ នៅ​ទូទាំងប្រទេស​ប្រឆាំងនឹង​ផែនការ​បញ្ចប់​ជំនួយ​ផ្នែក​កសិកម្ម​ដល់​កសិករ​។ ចំណែក​រដ្ឋាភិបាល​វិញ បាន​អះអាងថា ការតវ៉ា​ដ៏​កម្រ​នេះ​ជាការ​សហការ​ញុះញង់ និង​កេងចំណេញ​ផ្នែក​នយោបាយ​ដោយ​ក្រុម​គណបក្ស​ស្តាំនិយម​។​

​ក្បួន​ត្រាក់ទ័រ និង​រថយន្ត​ដឹកទំនិញ​ដែល​ខ្លះ​តុបតែង​ដោយ​បដា​តវ៉ា​ដែល​សរសេរថា ​«​គ្មាន​ស្រា​បៀរ​ទេ បើ​គ្មាន​កសិករ​» និង​ខ្លះទៀត​ដាក់​ផ្ទាំង​បដា​ពី​គណបក្ស​ស្តាំនិយម​អាល្លឺម៉ង់ (AfD) បាន​ប្រមូល​ផ្តុំគ្នា​នៅលើ​ដងផ្លូវ​ក្នុង​សីតុណ្ហភាព​ក្រោម ០​ អង្សារ​សេ នៅមុន​ពេលព្រឹក​ព្រលឹម ខណៈពេលដែល​ក្រុមអ្នកតវ៉ា​ខ្លះទៀត​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស និង​អ្នកនយោបាយ​ជួរមុខ​របស់​រដ្ឋាភិបាល​ដែល​លើក​ឡើង​ថា ភាពចលាចល​នេះ​បង្កឡើង​ដោយ​ក្រុម​ជ្រុលនិយម​។​

​ប៉ូលិស​អាល្លឺម៉ង់​បាន​និយាយថា​ផ្លូវថ្នល់ និង​ផ្លូវ​ហាយវ៉េ ត្រូវបាន​បិទ​នៅ​ទីតាំង​ជាច្រើន​ទូទាំងប្រទេស​រួមទាំង​ច្រកព្រំដែន​ជាច្រើន​ជាមួយ​ប្រទេស​​បារាំង​ដែល​បណ្តាលឱ្យ​មានការ​ក​ក​ស្ទះចរាចរណ៍​នៅពេល​ព្រឹក​ថ្ងៃ​ចន្ទ​។​


​ក្រុម​កសិករ​បាន​ហៅ​ការតវ៉ា​នេះ​ថា​ជាការ​ឆ្លើយតប​ទៅនឹង​ការសម្រេច​​ចិត្ត​របស់​រដ្ឋាភិបាល​លើ​គម្រោង​លុប​ចោលការ​ឧបត្ថម្ភ​ក្នុង​វិស័យ​កសិកម្ម​និង​ព្រៃឈើ ពោល​គឺជា​គម្រោង​ដក​ការឧបត្ថម្ភ​លើ​ប្រេងម៉ាស៊ូត​សម្រាប់​កសិកម្ម​ជា​ជំហានៗ​ក្នុង​រយៈពេល ៣ ​ឆ្នាំ​ខាងមុខ​។​

​កសិករ​ម្នាក់​មកពី​ទីក្រុង​បា​វ៉ា​រៀ​លោក Ralf Huber បាន​និយាយថា​៖ «​សម្រាប់​កសិដ្ឋាន​ដូច​ខ្ញុំ​គម្រោង​នេះ​នឹង​ធ្វើឱ្យ​យើង​ខាតបង់​ប្រហែល ​១ ​ម៉ឺន​អឺរ៉ូ ហើយ​វា​នឹង​ក្លាយជា​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​អាជីវកម្ម​របស់​យើង​»​។​


​លោក Hermann Blinkert មកពី​វិទ្យាស្ថាន​អាល្លឺម៉ង់​សម្រាប់​ចម្លើយ​សង្គម​ថ្មី (INSA) បាន​និយាយថា​រដ្ឋាភិបាល​កំពុង​ជាប់គាំង ព្រោះ​មើលទៅ​វា​អាក្រក់​ណាស់ ប្រសិនបើ​កាត់ផ្តាច់​ប្រាក់ឧបត្ថម្ភ​ផ្នែក​កសិកម្ម​ទាំង​​ស្រុង ក៏ប៉ុន្តែ​វា​នឹង​កាន់តែ​អាក្រក់​ទៅទៀត​បើ​ជម្លោះ​បែបនេះ​នៅតែ​បន្ត​។​

​គណបក្ស​ AfD​ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​គណបក្ស​ស្តាំនិយម និង​ជា​គណបក្ស​ដែល​សង្ឃឹម​ទទួលបាន​លទ្ធផល​ល្អ​នៅក្នុង​ការបោះឆ្នោត​តាម​រដ្ឋ​ជាច្រើន​នៅ​ឆ្នាំ​នេះនោះ បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការតវ៉ា​របស់​កសិករ​ដើម្បី​បង្ហាញថា ខ្លួន​មិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​បច្ចុប្បន្ន​។​

​បច្ចុប្បន្ននេះ​បើ​យោងតាម​ការ​ស្ទង់​មតិ​ដោយ INSA គណបក្ស AfD កំពុង​កាន់កាប់​សំឡេងឆ្នោត ២៣ ​ភាគរយ​នាំមុខ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន SPD របស់លោក Scholz​ និង​ដៃគូ​ចម្រុះ​ ២ គឺ​គណបក្ស Greens និង Free Democrats​។​

​ក្នុង​គម្រោង​កាត់​ផ្តាច់ជំនួយ​ផ្នែក​កសិកម្ម​ដែល​បច្ចុប្បន្ន​ជួយ​កសិករ​បាន​ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ​ ៩០០ ​លាន​អឺរ៉ូ (៩៨០ ​លាន​ដុល្លារ​) ក្នុង​ ១​ ឆ្នាំនេះ​ក្រុម​កសិករ​បាន​និយាយថា វា​ជា​បន្ទុក​ដ៏​អយុត្តិធម៌​ហើយនឹង​រុញច្រាន​ឱ្យ​ពួកគេ​ចេញពី​អាជីវ​កម្មនេះ​ថែមទៀត​៕