​ក្រោយ​ ១​ ថ្ងៃ​ បន្ទាប់ពី​សមាជិកសភា​ស​ហ​រដ្ឋ​អាមេរិក​មកពី​គណបក្ស​ទាំង​ ២ ​គឺ​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​ដែល​កំពុង​ដឹកនាំ​សភា បាន​ព្រមព្រៀងគ្នា​បង្កើត​ច្បាប់​ដែល​នឹង​អនុ​ញ្ញាត​ឱ្យ​រដ្ឋាភិបាល​លោក ចូ បៃ​ដិ​ន ចាយប្រាក់​ដើម្បី​វិស័យ​ការពារជាតិ និង​ផ្តល់ជំនួយ​ដល់​សម្ព័ន្ធមិត្ត​ដល់​កំពុង​ជាប់ដៃ​ក្នុង​សង្គ្រាម មន្ត្រី​សេត​វិមាន​ប្រជុំគ្នា​ដើម្បី​រិះរក​វិធី​ជួយ​អ៊ុយ​ក្រែ​ន​។​

​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ មន្ត្រី​សេត​វិមាន​របស់​រដ្ឋ​​បាល​លោក ចូ បៃ​ដិ​ន បាន​ជួបប្រជុំគ្នា​កាលពី​ថ្ងៃ​ចន្ទ​ជាមួយ​មេដឹកនាំ​នៃ​ក្រុមហ៊ុន​បណ្តាក់ទុន និង​ឧស្សាហកម្ម បច្ចេកវិទ្យា និង​ក្រសួងការពារជាតិ ក្នុង​កិច្ចខិតខំ​ប្រឹង​ប្រែង​ដើម្បី​ពង្រឹង​ចំណាប់អារម្មណ៍​របស់រ​ដ្ឋ​បាល​របស់​ប្រធានាធិបតី ចូ បៃ​ដិ​ន ក្នុងការ​គាំទ្រ​ដល់​ការចូល​ប្រើប្រាស់​របស់​​អ៊ុយ​ក្រែ​ន​ទៅកាន់​ឧបករណ៍​ទំនើបៗ​របស់​សហរដ្ឋអាមេរិក​។​

​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ មេដឹកនាំ​នៃ​គណបក្ស​ទាំង​ ២ ​ក្នុង​រដ្ឋសភា​បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ដែល​នឹង​អនុម័ត​ឱ្យ​រដ្ឋាភិបាល​ចំណាយ​ទឹកប្រាក់ ១,៦៦  ពាន់​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២៤ ក្នុងនោះ​មានការ​ចំណាយ​ទៅលើ​វិស័យ​ការ​ពារ​ជាតិ​ធំជាងគេ​។​


​មេដឹកនាំ​នៃ​គណបក្ស​ទាំង​ ២ ​ក្នុង​រដ្ឋសភា​អាមេរិក​បានប្រកាសថា កិច្ចព្រមព្រៀង​នោះ​អនុញ្ញាត​ឱ្យមាន​ការចំណាយ​លើ​វិស័យ​ការពារជាតិ​ចំនួន​ ៨៨៦,៣ ​ពាន់​លាន​ដុល្លារ និង​ទឹកប្រាក់ ៧៧២,៧ ​ពាន់​លាន​ដុល្លារ​សម្រាប់​ចំណាយ​តាម​ការ​សម្រេចចិត្ត​។ ក្រៅពីនោះ​ក៏មាន​កញ្ចប់​ថវិកា​សម្រាប់​បង្ការ​គ្រាអាសន្ន​ក្នុង​វិស័យ​សុខាភិបាល និង​ថវិកា​សម្រាប់​កាត់បន្ថយ​អតិផរណា​ផងដែរ​។ នេះ​បើតាម Washinton Post​។​

​នៅក្រោយ​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ចន្ទ​ចំនួន ៥​ ម៉ោង តាម​រ៉​យ​ទ័​រ មន្ត្រី​ម្នាក់​ក្នុងចំណោម​អ្នក​បាន​ចូលរួម​ប្រជុំបាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ក្នុងអំឡុងពេល​ហៅ​ទូរស័ព្ទ​ថា​៖«​ការសន្ទនា​បាន​ផ្តោតលើ​ប្រព័ន្ធ​មួយចំនួន រួមទាំង​ប្រព័ន្ធ​ការពារ​ដែនអាកាស​គ្មាន​មនុស្ស​បើក របៀប​ទប់​ទល់នឹង​ប្រព័ន្ធ​អាកាស​គ្មាន​មនុស្ស​បើក ហើយ​បន្ទាប់មក​ក៏​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​កិច្ច​ការដោះមីន​បន្សល់ទុក​ក្នុង​សង្គ្រាម​ផងដែរ​»​។​


​មន្ត្រីរដ្ឋបាល​ទី​២ នៃ​សេត​វិមាន បាន​និយាយថា លោក Jake Sullivan ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​សេត​វិមាន​បាន​កោះប្រជុំ​ដើម្បី​ជំរុញឱ្យមាន «​ការ​សង្កត់ធ្ងន់ ជាថ្មី​លើ​ការជួយ អ៊ុយ​ក្រែ​ន​ឱ្យ​យកឈ្នះ​លើ​បញ្ហា​ប្រឈម​ខាង​បច្ចេកវិទ្យា​សំខាន់ៗ​ទាំងនេះ ដែល​ពួកគេ​បាន​កំណត់ថា​រារាំង​ការរីកចម្រើន និង​សម្ទុះ​របស់​ពួកគេ​នៅលើ​សមរភូមិ​»​។​

​សមាជិក​សំខាន់ៗ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​​ជាតិ​បាន​ជួប​ជាមួយ​នាយក​ប្រតិបត្តិ​ឧស្សា​​ហ​កម្ម​មកពី​ក្រុមហ៊ុន Fortem Aerospace ក្រុមហ៊ុន​បច្ចេកវិទ្យា​កា​រពារ​ជាតិ ដូចជា ក្រុមហ៊ុន Palantir Technologies Inc (PLTR.N) និង​ក្រុមហ៊ុន Anduril Industries Inc ក៏ដូចជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​គ្មាន​មនុស្ស​បើក Skydio ក្នុងចំណោម​អ្នកផ្សេង​ទៀត​ដែល​ត្រូវបាន​អញ្ជើញ​ចូលរួម​ប្រជុំ​នៅ​សេត​វិមាន​។​

​ក្រុមមន្ត្រី​បាន​សង្កត់ធ្ងន់ថា កិច្ចខិតខំ​ប្រឹង​ប្រែង​ណាមួយ​ដើម្បី​គាំទ្រ​អ៊ុយ​ក្រែ​ន​នឹង​ត្រូវបាន​ទប់ស្កាត់​ដោយ​គ្មាន​កញ្ចប់​ជំនួយ​បន្ថែម​ជាង​ ១០០​ ពាន់​លាន​ដុល្លារ ដែល​ប្រ​ធានា​ធិបតី ចូ បៃ​ដិ​ន បាន​ជំរុញ​ឱ្យ​សមាជិកសភា​អនុម័ត​ដែល​រួមបញ្ចូល​ទាំង​ជំនួយ​សន្តិសុខ​ថ្មី​ប្រហែល ៥០ ​ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន ខណៈដែល​រដ្ឋាភិបាល​លោក​វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី កំពុង​ប្រយុទ្ធ​ទប់​ទល់នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​៕