កម្ពុជា​រក្សា​ជំហ​ជា​មិត្ត​នៃ​គ្រប់​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភពលោក ជា​ពិសេស​សហរដ្ឋ​អាមេរិក​ ដែល​នឹង​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋបាល​លោក​ ដូណាល់ ត្រាំ នា​ខែ​មករា​ ខាង​មុខ​នេះ។ 


អ្នក​វិភាគ​យល់​ថា ប្រសិន​បើ​លោក​ ត្រាំ យក​ចិត្ត​ទុក​ដាក់​ខ្លាំង​តំបន់​នេះ អាស៊ាន​នឹង​រង​សម្ពាធ​នៃ​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​កាន់​តែ​ខ្លាំង។

ឆ្លើប​តប​នឹង​សំណួរ​អ្នកសារព័ត៌មាន​ កាល​ពី​ថ្ងៃ​ទី​​​​ ៧ ខែ​វិច្ឆិកា លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ថា កម្ពុជា​គ្មាន​សត្រូវ​ទេ​នៅ​លើ​ពិភពលោក ហើយ​កម្ពុជា​ចង់​ធ្វើ​ជាមិត្ត​ជាមួយ​គ្រប់​ប្រទេស​ទាំង​តូច​ទាំង​ធំ ជា​ពិសេស​ចង់​ធ្វើ​ជា​មិត្ត​របស់​មហា​អំណាច​កំពូល​របស់​ពិភពលោក គឺ​សហរដ្ឋ​អាមេរិ។


លោក​ថា នៅ​ឆ្នាំ ​២០២៥​នេះ ទំនាក់​ទំនង​ការទូត​សហរដ្ឋ​អាមេរិក​នឹង​ឈាន​ដល់​ខួប ​៧៥​ឆ្នាំ ដែល​ជា​ឱកាស​សម្រាប់​ពង្រឹង​ទំនាក់​ទំនង​ការទូត​នេះ។

ខណៈ​ដែល​កម្ពុជា​គឺ​ជា​ប្រទេស​​សម្រួល​ដៃ​គូ​សន្ទនា​អាស៊ាន-អាមេរិក​សម្រាប់​ឆ្នាំ​ ២០២៤-២០២៧ កម្ពុជា​នឹង​រក​មធ្យោបាយ​ពង្រឹង​ទំនាក់​ទំនង​ការទូត​ឲ្យ​រឹង​មាំទាំ​ល្អ​រវាង​អាស៊ាន និង​អាមេរិក។


លោក​និយាយ​ថា៖ «នៅ​ក្នុង​បរិបទ​ពិសេស​នៃ​ទំនាក់​ទំនង​ការទូត ៧៥​ឆ្នាំ កម្ពុជា​ប្រាថ្នា​ចង់​ឃើញ​ការ​ពង្រឹង​ឲ្យ​រឹង​រិតតែ​មាំទាំ​នៃ​ទំនាក់​ទំនង​កម្ពុជា-អាមេរិក»។

យ៉ាងណា​ក៏​ដោយ ប្រទេស​នៅ​ក្នុង​តំបន់​នេះ​អាច​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​កាន់​តែ​ខ្លាំង​រវាង​ចិន​នឹង​អាមេរិក ហើយ​កម្ពុជា​នឹង​ពិបាក​ដោយសារ​តែ​ស្ថិត​នៅ​ក្នុង​ទីតាំង​យុទ្ធសាស្ត្រ​សំខាន់​នៃ​ការ​ប្រកួត​ប្រជែង​ឥទ្ធិពល​នៃ​មហា​អំណាច​នឹង​ប្រឈម​មុខ​ខ្លាំង​ជាង​គេ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា។

យ៉ាង​ណា​ក៏ដោយ លោក​ថា ទំនាក់​ទំនង​រវាង​អាមេរិក​និង​អាស៊ាន​អាច​មាន​ភាព​ប្រសើរ​ឡើង​ពីព្រោះ​នៅ​ចុង​ឆ្នាំ ​២០១៩ លោក​ត្រាំ​ ចង់​ឲ្យ​មាន​កិច្ច​ប្រជុំ​ដៃគូសន្ទនា​អាស៊ាន-អាមេរិក ប៉ុន្តែ ជា​អកុសល​ ជំងឺ​កូវីដ១៩ បាន​មកដល់​ហើយ​ក្រោយ​មក​អាណត្តិ​របស់​លោក​ក៏​បាន​ផុត​ទៅ។

កិច្ច​ប្រជុំ​នេះ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្រោម​រដ្ឋបាល​របស់​លោក ចូ បៃដិន នៅ​ឆ្នាំ​ ២០២២ ដែល​កម្ពុជា​ជា​ប្រធាន​អាស៊ាន។

លោក គិន ភា យល់​ថា ការ​ងាក​មក​យក​ចិត្ត​ទុកដាក់​របស់​អាមេរិក​នៅ​តំបន់​អាស៊ាន គឺ​ដើម្បី​បន្ត​គោល​នយោបាយ​ប្រឆាំង​ជាមួយ​ចិន ដែល​ចាំបាច់​ត្រូវ​តែ​ចាប់​យក​អាស៊ាន។ លោក​ថា កាល​ពី​ លោក ត្រាំ ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក​ពី​ឆ្នាំ​ ២០១៧ ដល់​ ២០២១​នោះ​ ឥទ្ធិពល​របស់​អាមេរិក​នៅ​អាស៊ាន​បាន​ថយ​ចុះ​ ហើយ​ឥទ្ធិពល​ចិន​កាន់​តែ​រះ​ត្រដែត​ឡើង។

លោក​និយាយ​ថា៖ «ដូច្នេះ​ហើយ ខ្ញុំ​គិត​ថា ​គាត់​អាច​នឹង​មាន​គោល​នោយបាយ​និង​ទំនាក់​ទំនង​ជាមួយ​អាស៊ាន​ខ្លាំង​ជាង​មុន ដោយសារ​កត្តា​ភូមិសាស្ត្រ​នយោបាយ។ ប៉ុន្តែ វា​ជា​ទ្វេគ្រោះ​សម្រាប់​យើង និង​សម្រាប់​អាស៊ាន។ នៅ​ពេល​គាត់​ងាក​ខ្លាំង​មក​រក​អាស៊ាន ប្រហែល​អាស៊ាន​ទាំង​មូល ឬ​ប្រទេស​ជា​សមាជិក​អាស៊ាន អាច​នឹង​ត្រូវ​បង្ខំ​ឲ្យ​ជ្រើសរើស​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក»។

លោក​បន្ត​ថា៖ «ប្រសិន​បើ​ដូច្នេះ​មែន យើង​នឹង​ស្ថិត​នៅ​ក្នុង​សម្ពាធ​ភូមិសាស្ត្រ​នយោបាយ​មួយ​ធ្ងន់ធ្ងរ ព្រោះ​ពេល​ដំរី​ជល់​គ្នា​ វា​ងាប់​ស្រមោច​សង្អារ។ ពួក​ប្រទេស​មហា​អំណាច​មិន​ដែល​ចង់​ឲ្យ​យើង​នៅ​កណ្ដាល​ទេ គេ​ចង់​ឲ្យ​តែ​គាំទ្រ​របៀប​វារៈ​របស់​គេ​រៀងៗ​ខ្លួន»។

ដោយ​ឡែក​ចំពោះ​ទំនាក់​ទំនង​កម្ពុជា និង​អាមេរិក លោក​យល់​ថា លោក​ ត្រាំ អាច​យក​ចិត្ត​ទុកដាក់​លើ​ទំនាក់​ទំនង​នេះ ព្រោះ​លោក​ក៏​ធ្លាប់​បាន​សរសេរ​លិខិត​ឆ្លើយ​ឆ្លង​ជាមួយ​អតីត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​ស្ដារ​ទំនាក់​ទំនង​និង​ទំនុក​ចិត្ត និង​ចង់​បង្កើត​ឲ្យ​មាន​ក្រុម​ការងារ​ធ្វើ​កិច្ច​ការ​ងារ​នេះ​ផង​ដែរ។

លោក គិន ភា ក៏​ឃើញ​ដែរ​ថា លោក ត្រាំ ទំនង​ជា​មិន​សូវ​ខ្វាយ​ខ្វល់​ច្រើន​ពេក​រឿង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​នោះ​ទេ ហើយ​ទំនាក់​ទំនង​អាច​នឹង​ប្រសើរ​ឡើង។ លោក​មើល​ឃើញ​ឧបសគ្គ​មួយ​ចំនួន​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក។

លោក​ គិន ភា៖ «ឧបសគ្គ​នៃ​ទំនាក់​ទំនង​កម្ពុជា​ និង អាមេរិក ដែល​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស លំហប្រជាធិតេយ្យ អី​ជាដើម​នោះ គឺ​ជាការ​មើល​ឃើញ​ស្ថានភាព​មួយ​ដោយ​កាណុង​កាំម៉ារា​ផ្សេង​គ្នា ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​រង្គាស​ចិត្ត​និង​ចាត់​ទុក​ថា​ជា​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង»។

លោក​បន្ត​ថា៖ «រឿង​មួយ​ទៀត​គឺ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​របស់​កម្ពុជា​ជាមួយ​ចិន។ កន្លង​មក​សហរដ្ឋ​អាមេរិក​ចេះ​តែ​បារម្ភ​ថា កម្ពុជា​ជា​រដ្ឋ​ស្ថិត​នៅ​ក្រោម​របៀប​វារៈ​របស់​ចិន (client state)។ ​បញ្ហា​មួយ​ទៀត​គឺ​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​តែ​ម្ដង ដោយសារ​តែ​កម្ពុជា​ស្ថិត​នៅ​ក្នុង​តំបន់​យុទ្ធសាស្ត្រ​ដែល​ត្រូវ​តែ​បង្ខំ​ឲ្យ​ជ្រើស​រើស​រវាង​ចិន​និង​អាមេរិក»។

លោក ថុង ម៉េងដាវីត​ អ្នក​សិក្សាស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី យល់​ឃើញ​ថា គោល​នយោបាយ​ការ​បរទេស​របស់​លោក ដូណាល់ ត្រាំ ពិបាក​ទស្សន៍​ទាយ​ទុក​មុន​ណាស់។ ដោយសារ​តែ​លោក​រក្សាគោលនយោបាយ​​គាំពានិយម American first ធ្វើ​អ្វីៗ​ដើម្បី​ផល​ប្រយោជន៍​អាមេរិកាំង សូម្បី​តែ​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ខ្លួន​ឯង​ក៏​ពិបាក​គិត​ទុក​មុន​អំពី​គោល​នយោបាយ​របស់​លោក​ដែរ។

លោក​យល់​ថា ការប្រាស្រ័យ​ទាក់ទង​របស់ លោក ត្រាំ ជាមួយ​នឹង​អាស៊ាន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​កម្រិត ​ដោយសារ​តែ​អាមេរិក​នឹង​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ធនធាន​របស់​ខ្លួន​ទៅ​តំបន់​ផ្សេងៗ​ទៀត។ ដូច​លោក គិន ភា ដែរ លោក​ ម៉េងដាវីត យល់​ថា សកម្មភាព​របស់​សហរដ្ឋ​អាមេរិក​ជាច្រើន​នៅ​អាស៊ី រួម​ទាំង​នៅ​កម្ពុជា គឺ​ពាក់​ព័ន្ធ​នឹង​ការ​ទប់​ទល់​នឹង​ចិន។

លោក​បន្ត​ថា៖ «នេះ​អាច​ធ្វើ​ឱ្យ​មាន​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច និង​ការទូត​មក​លើ​កម្ពុជា ពាក់ព័ន្ធ​នឹង​ទំនាក់​ទំនងនឹង​ទីក្រុង​ប៉េកាំង​ ដែល​ស្រប​ទៅ​នឹង​កិច្ច​ប្រឹង​ប្រែង​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​កាត់​បន្ថយ​ឥទ្ធិពល​ចិន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍»៕