មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បានផ្តល់​អនុសាសន៍​ឱ្យ​ចក្រភព​អង់គ្លេស​ គួរតែ​ចៀសវាង​ការកាត់បន្ថយ​ពន្ធ​បន្ថែម​ដោយបាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​អង់គ្លេស​នឹង​មាន​តម្រូវការ​ចំណាយ​ទៅលើ​សេវាសាធារណៈ​កើនឡើង​ និង​ការវិនិយោគ​លើសពី​ផែនការ​ដែលមាន​ស្រាប់​របស់រដ្ឋាភិបាល។ ការលើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី IMF បានធ្វើការ​វាយតម្លៃ​ចុងក្រោយ​ទៅលើ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​ជារួម។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​បញ្ជាក់ថា​ការកាត់បន្ថយ​ការចំណាយ​ដោយ​រតនាគារជាតិ​អង់គ្លេស​សម្រាប់​ឆ្នាំនេះ​គឺ​មិន​ឆ្លុះបញ្ចាំង​ពី​ភាពជាក់ស្ដែង​ទេ។ យ៉ាងណាក៏ដោយ អធិការបតី លោក ចេ​រ៉េមី ហាន់ (Jeremy Hunt) បាន​និយាយថា​ការកាត់បន្ថយ​ពន្ធ​អាច​ជំរុញ​កំណើនសេដ្ឋកិច្ច​បាន​ច្រើន។លោក​ថែមទាំង​បានបង្ហាញ​ពី​គម្រោង​ថា​នឹង​កាត់​បន្ថយពន្ធ​បន្ថែមទៀត​នៅក្នុង​ថវិកា​ខែមីនា​ខាងមុខនេះ។


IMF គឺជា​ស្ថាប័ន​អន្តរជាតិ​មួយ​ដែលមាន​ប្រទេស​សមាជិក​ចំនួន១៩០ប្រទេស ដែល​ក្នុងនោះ​ក៏មាន​ចក្រភព​អង់គ្លេស​ផងដែរ។ សមាជិក​ទាំងអស់​តែងតែ​ខិតខំ​ធ្វើការ​សហការគ្នា​ចេញ​សេចក្ដីណែនាំ ឬ​អនុសាសន៍​ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក​មាន​ស្ថិរភាព។

តួនាទី​សំខាន់​មួយ​ក្នុងចំណោម​តួនាទី​ជាច្រើន​របស់​ស្ថាប័ន​IMF គឺ​ផ្តល់​ការណែនាំ​ដល់​សមាជិក​របស់ខ្លួន​លើ​វិធីសាស្ត្រ​លើកកម្ពស់​សេដ្ឋកិច្ច​របស់​ពួកគេ។ជាការ​កត់សម្គាល់ថ្មីៗនេះ IMF បាន​ព្យាករ​កំណើនសេដ្ឋកិច្ច​រប​ស់​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំក្រោយ​ថា​នឹង​ធ្លាក់ចុះ​ពី២%ទៅ១,៦%។


សេដ្ឋកិច្ច​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ២០២៣ កន្លងទៅ និង​នៅ​ឆ្នាំ២០២៤ នេះ ត្រូវបាន​គេ​រំពឹងថា​នឹងមាន​កំណើន​ទាប​ជាង០,៥% និង០,៦% ដែល​តួលេខ​នេះ​បានធ្វើឱ្យ​អង់គ្លេស​មាន​កំណើនសេដ្ឋកិច្ច​យឺត​បំផុត​ទី២ ក្នុងចំណោម​ក្រុម​ប្រទេសG7 បន្ទាប់ពី​ប្រទេស​អាល្លឺម៉ង់។

មូលនិធិ IMF ក៏បាន​ព្យាករ​ពី​ការកាត់បន្ថយ​អត្រា​ការប្រាក់​របស់​ធនាគារ​អង់គ្លេស​ដែល​អាច​នឹង​ធ្លាក់ចុះ​ទាប​បើ​ធៀប​នឹង​ការរំពឹងទុក​របស់​ទីផ្សារ​ប្រមាណ​ជា ៥,២៥% នៅក្នុង​ឆមាស​ទី១ នៃ​ឆ្នាំ​នេះហើយ​អាច​នឹង​ថយចុះ០,៥% នៅ​ឆមាស​ទី។

យ៉ាងណាក៏ដោយ រដ្ឋាភិបាល​អង់គ្លេស​បាន​ច្រានចោល​ការណែនាំ​របស់​IMF ជុំវិញ​ការកាត់បន្ថយ​ពន្ធ​ដោយ​អះអាងថា​កំណើនសេដ្ឋកិច្ច​របស់​អង់គ្លេស​មាន​ភាពប្រសើរ​ឡើង​គឺ​ដោយសារតែ​ការកាត់បន្ថយ​ពន្ធ​លើ​ការវិនិយោគ​របស់​អាជីវ​កម្ម​គោលដៅ។ 

លោក​ហាន់ នឹង​ទទួលបាន​តួលេខ​ហិរញ្ញវត្ថុ​បន្ថែមទៀត​ពី​ភ្នាក់ងារ​ព្យាករណ៍​ឯករាជ្យ​របស់​រដ្ឋាភិបាល ហៅ​កាត់​ថា​OBR ដែល​នឹង​បង្ហាញ​ពី​ចំណុច​ដែល​ត្រូវ​កាត់បន្ថយ​ពន្ធ​ឬ​ចំណុច​ដែល​ត្រូវ​បង្កើន​ចំណាយ​បន្ថែម។ដោយឡែក លោ​ករី​ឆាដ ហ៊ូ​ច (Richard Hughes) ប្រធាន​OBR បាន​រិះគន់​ផែនការ​ចំណាយ​ក្រោយ​ការបោះឆ្នោត​របស់​រដ្ឋាភិបាល​ថា​មិនមាន​ឯកសារ​ជាក់លាក់ និង​មិន​គ្រប់គ្រាន់។

ប្រសិនបើ​រដ្ឋាភិបាល​នៅ​បន្ត​ផែនការ​ចំណាយ​ដោយ​កាត់​បន្ថយពន្ធ ហើយ​សេដ្ឋកិច្ច​មាន​ភាពប្រសើរ​ឡើង​នោះ ​លោក ​អធិការបតី​ ហាន់ អាច​នឹងមាន​ភាពបត់បែន​កាន់តែច្រើន​ក្នុងការ​បំពេញ​តាម​គោលដៅ​នៃ​ការខ្ចីប្រាក់​ចំនួន២០ប៊ី​លាន​ផោន​ក្នុង១ឆ្នាំ។

ប៉ុន្តែ វិទ្យាស្ថាន​សម្រាប់​ការសិក្សា​សារពើពន្ធ (IFS) បាន​ព្រមាន​ថា​អ្នកនយោបាយ​អាច​នឹងត្រូវ​ពិចារណា​ឡើងវិញ​អំពី​ការកាត់បន្ថយ​ពន្ធ​ដែល​បាន​សន្យា​ដោយសារតែ​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​អាច​កើតចេញពី​ការសម្រេចចិត្ត​ក្នុងស្ថានភាព​លំបាក​បែប​នេះ ដូច​ទៅនឹង​ទសវត្សរ៍​ឆ្នាំ១៩៥។

លោក​ខាល អេ​មើ​សុន (Carl Emmerson) នាយករង ​IFS បាន​សម្តែង​ការព្រួយបារម្ភ​អំពី​សមត្ថភាព​របស់​អធិការបតី​ក្នុងការ​បំពេញ​គោលដៅ​កាត់បន្ថយ​បំណុល​ក្នុង​រយៈពេល៥ឆ្នាំ​តាម​ការ​ព្យាករ​របស់​IMF ។ លោក អេ​មើ​សុន​បាន​ស្នើឱ្យ​ពន្យារពេល​កាត់​បន្ថយពន្ធ​រហូតដល់​ពេល​បំណុល​មានការ​ថយចុះ​ហើយ​ការកាត់បន្ថយ​ចំណាយ​ត្រូវមាន​ភាពច្បាស់លាស់។

លោក ហាន់ ដែលជា​សមាជិកសភា​អភិរក្សនិយម​បាន​គូសបញ្ជាក់​អំពី​កំណើនសេដ្ឋកិច្ច​ដែល​បណ្ដាលមកពី​ការបន្ធូរបន្ថយ​ពន្ធ​ខណៈដែល​លោក​ដា​រ៉េ​ន ចូ​ន (Darren Jones) មកពី​គណបក្ស​ពលករ បាន​រិះគន់​ក្រុម​អភិរក្សនិយម​ថា​កំពុង​បរាជ័យ​ផ្នែក​សេដ្ឋកិច្ច។

IMF បាន​ព្យាករ​ពី​និន្នាការ​វិជ្ជមាន​សម្រាប់​សេដ្ឋ​កិច្ច​ពិភពលោក​ដោយ​រំពឹងថា​នឹងមាន​កំណើន៣,១% នៅ​ឆ្នាំនេះ​កើនឡើង​ពី​ការប៉ាន់ប្រមាណ​លើក​មុន​ចំនួន ២,៩%។ កំណើន​នេះ​គឺ​ដោយសារ​មានការ​រួមចំណែក​ច្រើន​ពី​សហរដ្ឋអាមេរិក​ម៉ិ​ក​ស៊ិ​ក​និង​ឥណ្ឌា។ ដោយឡែក​កំណើនសេដ្ឋកិច្ច​របស់​រុស្ស៊ី​ក៏​នឹង​កើន​ដល់២,៦% បើទោះជា​មានការ​ដាក់ទណ្ឌកម្ម​ក៏ដោយ​ខណៈដែល​កំណើនរ​បស់​ចិន​ត្រូវបាន​គេ​ព្យាករ​ថា​នឹង​កើន ៤,៦%។

IMF ក៏បាន​សង្កត់ធ្ងន់​លើ​ស្ថិរភាព​តម្លៃ​ខណៈដែល​ពិភពលោក​កំពុង​ជួប​បញ្ហា​ប្រឈម​ជា​សកល​រួមទាំង​ការព្រួយបារម្ភ​អំពី​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​និង​ភាព​តានតឹង​នៅ​មជ្ឈិមបូព៌ា។IMF ក៏បាន​ជំរុញ​ឱ្យ​ធនាគារកណ្តាល​គ្រប់​ប្រទេស ផ្តោតលើ​ការកាត់បន្ថយ​អតិផរណា​ដោយ​រំពឹងថា​នឹងមាន​ការថយចុះ​ជាស​កល​ពី៦,៨%ទៅ៥,៨%នៅ​ឆ្នាំនេះ៕