ឥណ្ឌា​បានដាក់​ពង្រាយ​យ៉ាងហោចណាស់​នាវាចម្បាំង​រាប់សិប​គ្រឿង​នៅ​ភាគ​ខាងកើត​នៃ​សមុទ្រ​ក្រហម​ដើម្បី​ត្រៀម​ការពារ​សន្តិសុខ​ប្រឆាំងនឹង​ចោរ​សមុទ្រ​និង​បាន​ស៊ើបអង្កេត​នាវា​ជាង ២៥០ គ្រឿង​ ខណៈ​មហាអំណាច​លោកខាងលិច​ផ្តោតលើ​ការវាយប្រហារ​ក្រុម​ហ៊ូធី (Houthi) របស់​យេ​ម៉ែន គាំទ្រ​ដោយ​អ៊ីរ៉ង់។

គួរ​ជម្រាប​ថា ឥណ្ឌា​មិនបាន​ចូលរួម​ជាមួយ​ក្រុមការងា​រដឹក​នាំ​ដោយ​សហរដ្ឋអាមេរិក​ដែលមាន​ប្រទេស​មហាអំណាច​ជាច្រើន​ចូលរួម​ជុំវិញ​បញ្ហា​សមុទ្រ​ក្រហម​ទេ​ហើយក៏​មិនមាន​នាវាចម្បាំង​នៅ​ទី​នោះដែរ។

ប៉ុន្តែ​បច្ចុប្បន្ន​មន្ត្រី​ឥណ្ឌា​ បាន​និយាយថា​ខ្លួន​មាន​នាវាចម្បាំង​ជួរមុខ ២គ្រឿង​នៅ​ឈូង​សមុទ្រ Aden និង​នាវាចម្បាំង​យ៉ាងហោចណាស់១០គ្រឿង​នៅ​ភាគ​ខាងជើង​និង​ខាងលិច​សមុទ្រ​អារ៉ាប់​រួមជាមួយ​នឹង​យន្តហោះ​ស៊ើបការណ៍។ហើយ​នេះ​គឺជា​ការដាក់​ពង្រាយ​កង​ទ័ព​ដ៏​ធំ​បំផុត​របស់​ឥណ្ឌា​នៅក្នុង​តំបន់។


រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា ​លោក ​Subrahmanyam Jaishankar បាន​និយាយថា​ សមត្ថភាព​ផលប្រយោជន៍​និង​កេរ្តិ៍ឈ្មោះ​ដែល​កំពុង​កើនឡើង​របស់​ប្រទេស​ឥណ្ឌា​បាន​ធានា​ពី​ជំនួយ​របស់ខ្លួន​ក្នុងស្ថានភាព​លំបាក។

ក្នុង​កម្មវិធី​សាធារណៈ​មួយ​នៅ​ថ្ងៃទី៣០ ខែមករា ​រដ្ឋមន្ត្រី​រូបនេះ​ បាន​ថ្លែងថា៖ «យើង​នឹងមិន​ត្រូវបាន​ចាត់ទុក​ថា​ជា​ប្រទេស​ដែលមាន​ការទទួលខុសត្រូវ​ទេ​នៅពេលដែល​មានរឿង​អាក្រក់​កើតឡើង​នៅ​ប្រទេសជិតខាង»។


​ប្រទេស​ជាច្រើន​មាន​វត្តមាន​ទ័ពជើងទឹក​ក្នុង​តំបន់​រួមមាន​ សហរដ្ឋអាមេរិក​ បារាំង​និង​ ចិន​ ប៉ុន្តែ​ មន្ត្រី​ឥណ្ឌា​និយាយថា ​វត្តមាន​របស់​ឥណ្ឌា​គឺ​ធំជាងគេ។

មន្ត្រី​យោធា​និង​ការពារជាតិ​ឥណ្ឌា​បាន​និយាយថា ​បុគ្គលិក​កងទ័ពជើងទឹក​ រួមទាំង​កង​កុម្ម៉ង់ដូ​ពិសេស​ បាន​ស៊ើបអង្កេត​កប៉ាល់​និង​ទូកតូចៗជាង ២៥០ គ្រឿង ក្នុង​រយៈពេល ២ ខែ​ចុង​ក្រោយនេះ​ខណៈដែល​ចោរ​សមុទ្រ​វិលត្រឡប់​មកវិញ​បន្ទាប់ពី​អវត្តមាន​រយៈពេល ៦ ឆ្នាំ។

មន្ត្រី​ឥណ្ឌា​បាន​និយាយថា​យ៉ាងហោចណាស់​ឧប្បត្តិហេតុ​ចំនួន ១៧ នៃ​ការ​ប្លន់​ការប៉ុនប៉ង​ប្លន់​និង​វិធីសាស្ត្រ​គួរឱ្យ​សង្ស័យ​ត្រូវបាន​កត់ត្រា​ដោយ​កងទ័ពជើងទឹក​ឥណ្ឌា​ចាប់តាំងពី​ថ្ងៃទី១ ខែធ្នូ​ ឆ្នាំ២០២៣។

ក្រុម​ហ៊ូធី​របស់​យេ​ម៉ែន​ចាប់តាំងពី​ខែវិច្ឆិកា​បាន​វាយប្រហារ​លើក​ប៉ាល់​ជាច្រើន​នៅ​សមុទ្រ​ក្រហម​ដែលជា​ផ្នែក​មួយ​នៃ​ផ្លូវ​ដែល​ដើរតួ១២ភាគរយ​នៃ​ចរាចរណ៍​ដឹកជញ្ជូន​ផ្លូវទឹក​របស់​ពិភពលោក​ហើយ​ការវាយប្រហារ​នេះ​ត្រូវបាន​ពួកគេ​ចាត់ទុកថា​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​គាំទ្រ​ប៉ា​ឡេ​ស្ទី​ន​ក្នុង​សង្គ្រាម​ជាមួយ​អ៊ីស្រាអែល។

ក្រុមការងារ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ដែល​កំពុង​ការពារ​នាវា​នៅក្នុង​សមុទ្រ​ក្រហម បាន​បើក​ការវាយប្រហារ​នៅ​ទូទាំងប្រទេស​យេ​ម៉ែន​សំដៅលើ​កងកម្លាំង​ហ៊ូធី ក្នុង​ខែមករា​ឆ្នាំ២០២៤នេះ ​ខណៈ​អ្នកជំនាញ​ឥណ្ឌា​បាន​និយាយថា​ជម្លោះ​កំពុង​រីក​រាលដាល​ហួស​សមុទ្រ​ក្រហម​ហើយ៕