រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង​គឺ​លោក Shin Won-sik នឹង​ចាក​ចេញពី​ប្រទេស​កូរ៉េ​ដើម្បី​ធ្វើដំណើរ​ទស្សនកិច្ច​រយៈ​ពេល៧ថ្ងៃ​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា (Middle East) គោលបំណង​ជួបពិភាក្សា​ថ្នាក់​រដ្ឋមន្ត្រី​ជាមួយ​បណ្ដា​ប្រទេស​នៃ​តំបន់​មជ្ឈិមបូព៌ា​និង​ចូលរួម​ការតាំងពិព័រណ៍​សព្វាវុធ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​លោក Shin គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ​សម​ភាគី​របស់ខ្លួន​គឺ​លោក Mohammed bin Mubarak Al Mazroueiដែលជា​រាជទាយាទ​នៃ​ប្រទេស​អេ​មី​រ៉ាត់​អារ៉ាប់​រួម​និង​ជួប​ជាមួយ​ទាហាន​កូរ៉េខាងត្បូង​នៅឯ​កង​អនុ​សេនា​ពិសេស​ដោយ​គេ​ស្គាល់​ថា​ជា​អង្គភាព​ Akh ដែល​បានដាក់​ពង្រាយ​នៅ​ទីនោះ​តាំងពី​ឆ្នាំ២០១។

លោក​ក៏​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ថ្ងៃទី៣កុម្ភៈ​សម្រាប់​កម្មវិធី​ការពារ​ពិភពលោក​នៅ​ទីក្រុង​រី​យ៉ា​ដ។បន្ទាប់មក​លោក​នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កាតា​ដើម្បី​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​របស់​ប្រទេស​នេះ​គឺ​លោក Khalid bin Mohammed Al Attiyah។


បើតាម​ទិន្នន័យ​ពី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បានបង្ហាញ​ថា​ប្រទេស​កូរ៉េខាងត្បូង​បាន​កសាង​ឈ្មោះ​ល្បី​រន្ទឺ​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ក្នុងនាម​ជា​ប្រទេស​នាំចេញ​អាវុធ​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក។ក្លាយជា​ប្រទេស​នាំចេញ​អាវុធ​ដ៏​ធំ​មួយ​របស់​ពិភពលោក
ដោយហេតុថា​ការលក់​សព្វាវុធ​របស់​កូរ៉េខាងត្បូង​បាន​កើនឡើង​ពី៧,២៥ពាន់​លាន​ដុល្លារ​រហូតដល់១៧ពាន់​លាន​ដុល្លារ​ដោយ​ចំណាយពេល​ត្រឹមតែ១ឆ្នាំ​ប៉ុណ្ណោះ។

ក្នុងនោះ​ការនាំចេញ​អាវុធ​របស់​ប្រទេស​កូរ៉េខាងត្បូង​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​បាន​កើនឡើង​ប្រមាណ​ជិត១០ដង​ក្នុង​ចន្លោះ​ឆ្នាំ២០១៣ និង២០២។ នេះ​បើ​យោងតាម​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​របស់​កូរ៉េ។


យ៉ាងណាមិញ​មូលហេតុ​នៃ​ការ​ក្លាយខ្លួនជា​ទីផ្សារ​ផ្គត់ផ្គង់​អាវុធ​ដ៏​សំខាន់​របស់​កូរ៉េខាងត្បូង​នេះ​ត្រូវបាន​អ្នកជំនាញ​មើលឃើញថា​ដោយសារតែ​តម្លៃ​សព្វាវុធ​ទាំងនោះ​ធូរ​ជាង​តម្លៃ​ទីផ្សារ​ទូទៅ​បូកផ្សំ​ជាមួយនឹង​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​ការដឹកជញ្ជូន​ដែល​រហ័ស​ទាន់​ចិត្ត​របស់​កូរ៉េខាងត្បូង​បើ​ធៀប​នឹង​ទីផ្សារ​ប្រទេស​ដទៃ។

គួរ​បញ្ជាក់ថា​ទំនាក់ទំនង​របស់​កូរ៉េខាងត្បូង​ជាមួយ​បណ្ដា​ប្រទេស​មួយចំនួន​ពី​តំបន់​មជ្ឈិមបូព៌ា​គឺជា​ទំនាក់ទំនង​ជិតស្និទ្ធ​មួយ។ជាក់ស្ដែង​ក្នុងអំឡុងពេល​នៃ​សង្គ្រាម​ឧបទ្វីប​កូរ៉េ​អារ៉ាប៊ីសាអ៊ូឌីត​ជា​ប្រទេសមួយ​ដែល​ចាប់ដៃ​ជាមួយ​លោកខាងលិច​ប្រឆាំងនឹង​របប​កុម្មុយនីស្ត។

នាពេលនោះ​ប្រជាជន​កូរ៉េ​ជាច្រើន​នាក់​បានធ្វើ​ចំណាកស្រុក​ចូលទៅ​រស់នៅ​ក្នុងប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ផងដែរ។

ក្រោយ​សង្គ្រាម​នោះ​ប្រទេស​ទាំង២បាន​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​លើ​ផ្នែក​សេដ្ឋកិច្ច​និង​ការទូត​ដោយ​បច្ចុប្បន្ននេះ​វិនិយោគិន​កូរ៉េខាងត្បូង​បាន​ក្លាយជា​អ្នកវិនិយោគ​ដ៏​សំខាន់បំផុត​សម្រាប់​អារ៉ាប៊ីសាអ៊ូឌីតជារឿយៗប្រទេស​ទាំង២តែង​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​លើ​វិស័យសំខាន់ៗផងដែរ៕