ប្រាក់ចំណូល​សារពើពន្ធ​សរុប​របស់​ប្រទេស​ចិន ​បាន​កើនឡើង ៦,៤ ភាគរយ​ក្នុង​ឆ្នាំ ២០២៣ បើ​ធៀប​ទៅនឹង​ឆ្នាំ ២០២២។ ការណ៍​នេះ​បានបង្ហាញ​ពី​ភាពប្រសើរឡើង​គួរឱ្យកត់សម្គាល់​ពី​ការកើនឡើង​ត្រឹមតែ ០,៦ ភាគរយ ​ក្នុងអំឡុង​ពេលដែល​ប្រទេស​ចិន​រង​ផលប៉ះពាល់​ដោយ​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីដ ១៩ ឆ្នាំ ២០២២។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​​របស់​អនុ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ចិន​លោក វ៉ាង តុង​វ៉ី (Wang Dongwei) នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ប៉េកាំង​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ។

សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ បាន​ជួបនឹង​ការលំបាក​ក្នុងការ​ងើបឡើង​វិញ​ជា​បន្តបន្ទាប់ ដោយសារ​ទទួលរង​ផលប៉ះពាល់​ពី​វិបត្តិ​កូ​វីដ ១៩ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ ដោយ​អត្រា​បរិត្តផរណា​កើន​ឡើងជា​បន្តបន្ទាប់​ត​ម្លៃ​អចលនទ្រព្យ​ក៏​ធ្លាក់ចុះ​ក្នុង​រយៈពេល​យូរហើយ​បញ្ហា​ប្រឈម​ភូមិសាស្ត្រ​នយោបាយ​ក៏​កំពុង​បន្ត ដែលជា​ហេតុនាំឱ្យ​មានកា​រ​អំពាវនាវ​ដល់​រដ្ឋា​ភិ​បាល ឱ្យ​ដាក់ចេញ​គោលនយោបាយ​គាំទ្រ​សេដ្ឋកិច្ច​ជាបន្ទាន់។


នៅ​ឆ្នាំ ២០២៣ ការចំណាយ​សារពើពន្ធ​របស់​ចិន​បាន​កើនឡើង ៥,៤%។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​លោក​ វ៉ាង។ លោក​ក៏បាន​លើកឡើងថា «រដ្ឋាភិបាល​គ្រោង​នឹង​បន្ត​ចំណាយ​ក្នុង​កម្រិត​មួយ​ជាក់លាក់​ក្នុង​ឆ្នាំ ២០២៤ ។ ការ​ងើប​ឡើងវិញ​នៃ​ប្រាក់ចំណូល​សារពើពន្ធ​របស់​ប្រទេស​ចិន ​សម្រាប់​ឆ្នាំ ២០២៣ គឺ​បានមកពី​ការកែលម្អ​គោលនយោបាយ​សេដ្ឋកិច្ច​និង​ការដែល​សេដ្ឋកិច្ច​អាច​ងើប​ឡើងវិញ​ដោយសារ​ការកាត់បន្ថយ​ពន្ធ​និង​ថ្លៃ​សេវាផ្សេងៗយ៉ាងច្រើន​ក្នុង​ឆ្នាំ២០២២»។ 

លោក​បាន​បន្តថា ចំណូល​ថវិកា​សាធារណៈ​ដែល​ចិន​ប្រមូលបាន មាន​រហូតដល់​ទៅ ២,៩៣ពាន់​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំមុន។


លោក​បានបញ្ជាក់​បន្ថែម​ថា «សេដ្ឋកិច្ច​របស់​ចិន​ក្នុង​ខេត្ត​ទាំង ៣១ មាន​កំណើន​ចំណូល​សារពើពន្ធ​គួរឱ្យកត់សម្គាល់»។ យ៉ាងណាក៏ដោយ​ការស្ទង់មតិ​ផ្លូវការ​មួយ​កាលពីពេលថ្មីៗនេះ ​បាន​បង្ហាញថា​សេដ្ឋកិច្ច​ចិន​នៅ​ដើមឆ្នាំ ២០២៤ កំពុងមាន​ដំណើរការ​តិចតួច​ និង​ទាមទារ​ការគាំទ្រ​ពី​គោលនយោបាយ​រដ្ឋាភិបាល​បន្ថែម។ ការស្ទង់មតិ​នេះ​បាន​គូសបញ្ជាក់​ពី​ការធ្លាក់ចុះ​នៃ​សកម្មភាព​ផលិតកម្ម​កាលពី​ខែ​មុន​ដែល​ភាគច្រើន​ដោយសារតែ​តម្រូវការ​ចុះខ្សោយ​ជា​បន្តបន្ទាប់។

វិបត្តិ​អចលនទ្រព្យ​នៅ​ប្រទេស​ចិន​ ក៏បាន​ប៉ះពាល់​ដល់​ចំណូល​សារពើពន្ធ​របស់​រដ្ឋាភិបាល​ក្នុង​តំបន់​ដោយសារ​ប្រាក់ចំណូល​ពី​ការលក់​ដី​រដ្ឋ​គឺជា​ប្រភព​ចំណូល​ចម្បង​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។ ទន្ទឹមនឹងនេះ ដើម្បី​ដោះស្រាយ​ហានិភ័យ​បំណុល​ដែល​កំពុង​កើនឡើង​ប្រទេស​ចិន​ បានដាក់​ចេញ​វិធាន​ការឱ្យ​រដ្ឋបាល​ក្នុង​តំបន់​ដែល​ជំពាក់​បំណុល​ច្រើន ពន្យារពេល​ឬ​ផ្អាក​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ទទួល​មូលនិធិ​គាំទ្រ​ពីរ​ដ្ឋ​មួយចំនួន​នេះ​បើ​យោងតាម​ការរាយការណ៍​ដោយសារ​ព័ត៌មាន ​Reuters កាលពី​ខែ​មុន។

មន្ត្រី​រដ្ឋាភិបាល​ចិន​ជាច្រើន​បាន​ប្តេជ្ញា​អនុវត្ត​គោលនយោបាយ​សារពើពន្ធ​យ៉ាងសកម្ម​នៅ​ឆ្នាំ២០២។ ការប្តេជ្ញាចិត្ត​នេះ​ធ្វើឡើង​បន្ទាប់ពី​ការអនុម័ត​ដាក់ចេញ​នូវ​មូល​ប​ត្រ​បំណុល​រដ្ឋាភិបាល​ចំនួន​ប្រមាណ​ជាជាង ១៤០ ពាន់​​លាន​ដុល្លារ​សហរដ្ឋអាមេរិក កាលពី​ខែតុលា ​ឆ្នាំមុន ​ដើម្បី​គាំទ្រ​ដល់​លើ​ទីផ្សារ​មូល​ប​ត្រ ដោយ​រំពឹងថា​ការចំណាយ​សារពើពន្ធ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​សេដ្ឋកិច្ច​ទាំងមូល។

ប្រទេស​ចិន​អាច​នឹងមាន​ឱនភាព​ថវិកា​ចំនួន ៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ក្នុង​ឆ្នាំ ២០២៤ ដែល​តួលេខ​នេះ​មានការ​ថយចុះ​ពី​គោលដៅ​ដែល​ធ្លាប់បាន​ប៉ាន់ប្រមាណ​ក្នុង​ឆ្នាំ ២០២៣ ចំនួន ៣,៨%។ យោងតាម​ការរាយការណ៍​កាលពី​ខែ​មុន​ដោយសារ​ព័ត៌មាន Reuters បានឱ្យដឹងថា​ចិន​អាច​នឹង​ប្រើប្រាស់​បំណុល​ក្រៅ​ថវិកាជាតិ (Off-budget Debt) សម្រាប់​បំពេញបន្ថែម​ទៅលើ​ចំណាយ​សារពើពន្ធ​របស់ខ្លួន៕