តុលាការ​ខេត្ត​ Kien Giang នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​វៀតណាម​ កាល​ពី​ថ្ងៃ​ពុធ បាន​កាត់​ទោស​បុរស ​៣ ​នាក់​ ឱ្យ​ជាប់​គុក​អស់​មួយ​ជីវិត​ ពាក់​ព័ន្ធ​នឹង​ការ​បាញ់​​មនុស្ស​ ២​ នាក់​ឱ្យ​ស្លាប់​ និង ​៤​​ នាក់​រង​របួស​ធ្ងន់​ធ្ងរ​ ដោយ​សា​រ​តែជម្លោះ​ដី​ធ្លី​នៅ​លើ​កោះ​ត្រល់​ (កោះ​ភូកុក-Phu Quoc​)។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ VnExpress ​ពិរុទ្ធ​ជន​ទាំង​ ៣ នាក់​ មាន​​ឈ្មោះ​​ Doan Thien Long អាយុ ​២៣​ ឆ្នាំ​ឈ្មោះ​ Nguyen Van Thai ​អាយុ​ ៣៦​ ឆ្នាំ​ និង​​ឈ្មោះ​​ ​Bui Duc Ngoc ​អាយុ​ ៣២​ ឆ្នាំ​។ ពួក​គេ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ពិរុទ្ធ​​ពី​បទ​«​ឃាតកម្ម​»​ និង​«​ការ​ប្រើ​ប្រាស់​អាវុធ​យោធា​ដោយ​ខុស​ច្បាប់​»​​។

​បុរស​​២​នាក់​ទៀត​​ដែល​ពាក់​ព័ន្ធ​ ត្រូវ​បាន​កាត់​ទោស​ដូច​គ្នា ដោយ​ម្នាក់​ឈ្មោះ​Pham Anh Hieu ត្រូវ​ជាប់​​គុក​ ២០ ឆ្នាំ​ និង​ម្នាក់​ឈ្មោះ​ Bui Minh Trung ​ត្រូវ​ជាប់​គុក​ ១៤ ឆ្នាំ​។


ហេតុការណ៍​បាញ់​ប្រហារ​បាន​ផ្ដើម​ចេញ​ពី​ចម្លោះ​ដី​ធ្លី​រវាង​​​​ប្រជាជន​​មូលដ្ឋាន​ និង​បុរស​២​នាក់​ មក​ពី​ខេត្ត​​ Ca Mau ​ជាប់​ព្រំដែន​ខេត្ត​ Kien Giang ​ដែល​ជា​ខេត្ត​នៃ​កោះ​ត្រល់​។

​នៅ​ថ្ងៃ​ទី​២៧​ ខែ​តុលា ​ឆ្នាំ​ ២០២២​​មនុស្ស​ជាង​ ៥០​ នាក់​ ដែល​ធ្វើ​ការ​ឱ្យ​បុរស​ទាំង​២​​នាក់​មក​ពី​ខេត្ត​ Ca Mau បាន​ធ្វើ​ដំណើរ​​កន្លែង​ដី​ជម្លោះ​​លើ​កោះ​​ ​​Phu Quoc ​តាម​ឡាន​​ចំនួន ​៨​ ដើម្បី​ដោះ​ស្រាយ​ជម្លោះ​​ ប៉ុន្តែ​បាន​ប្រដាប់​​​ដោយ​កាំភ្លើង ​និង​កាំបិត​ ខណៈ​ដែល​​មាន​​កម្មករ​​ជា​​ច្រើន​​នាក់​​កំពុង​​សង់​​ផ្ទះ​​វីឡា​នៅ​​​លើ​​ដី​ជម្លោះ​​នោះ​។ 


ពេល​កំពុង​ប៉ះ​ទង្គិច​គ្នា​ ក្រុម​បុរស​ពី​ខេត្ត​ Ca Mau បាន​បាញ់​ប្រហារ​ទៅ​លើ​បុរស​ ៦​​ នាក់ ​បណ្ដាល​ឱ្យ ២ ​ស្លាប់ និង​ ៤ នាក់​ទៀត​រង​របួស​ធ្ងន់​។ ​ ​​​ខ្សែ​​វីដេអូ​​​ពី​​កាមេរ៉ា​​សុវត្ថិភាព​ ​​​បាន​​បង្ហាញ​ថា​ ជន​ដៃ​ដល់​ បាន​ធ្វើ​ការ​បាញ់​ប្រហារ​​​យ៉ា​ង​​ហោច​​ណាស់​ ចំនួន​ ១២ គ្រាប់​។ ​​

​បើ​តាម​គណៈ​វិនិច្ឆ័យ​ ម្នាក់​ឈ្មោះ​​ Long ដែល​ត្រូវ​ជាប់​គុក​អស់​មួយ​ជីវិត​​មាន​ភាព​សកម្ម​ជាង​គេ​អំឡុង​ពេល​បាញ់​ប្រហារ​ ដោយ​បាន​បាញ់​ប្រហារ​ចំនួន​ ៣ ដង​ ទៅ​លើ​ជន​រង​គ្រោះ​ចម្ងាយ​ប្រហែល​ពី​ ១០-១៥ ម៉ែត្រ​ ​​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​ និង​ «​ ៦​ នាក់​រង​របួស​»​។

ចំណែក​ឯ​ម្នាក់​ឈ្មោះ​ Ngoc ដែល​ត្រូវ​ទទួល​ទោស​ដូច​គ្នា​​វិញ​ ​បាន​ដើរ​តួយ៉ាង​សំខាន់​នៅ​ពេល​ញុះ​ញង់​បញ្ឆេះ​កំហឹង​​ និង​រៀប​ចំ​យាន​ជំនិះ​​​ឱ្យ​​បក្ស​ពួក​របស់​ខ្លួន​ ធ្វើ​ដំណើរ​ទៅ​កន្លែង​កើត​ហេតុ​ ហើយ​បាន​ប្រគល់​កាំ​ភ្លើងទៅ​ឱ្យលោក​​ ​ Long ​ដោយ​បញ្ជា​ថា​ឱ្យ​ «​ការ​ពារ​មេ​» របស់​ខ្លួ​ន​។ ចំពោះ​​ពិរុទ្ធ​ត្រូវ​ជាប់​គុក​អស់​មួយ​ជីវិត​ម្នាក់​ទៀត​ ឈ្មោះ Thai ត្រូវ​បាន​តុលាការ​កំណត់​ថា​ មាន​​តួនាទី​ជា​អ្នក​ដឹក​នាំ​ និង​អ្នក​រៀប​ចំ ដែល​បាន​ផ្តល់​អាវុធ​ដល់​ចុង​ចោទ​ផ្សេង​ទៀត​ និង​ផ្តួច​ផ្តើម​ការ​ប្រយុទ្ធ​។

លោក​ Hieu ដែល​ត្រូវ​ជាប់​គុក​ ២០ ឆ្នាំ​វិញ​​ដឹង​ថា​នឹង​មាន​ភាព​វឹកវ​រ​​អាច​បង្ក​ការ​ប្រយុទ្ធ​គ្នា​ ប៉ុន្តែ​នៅ​តែ ចង់​បញ្ចប់​ការ​វាស់​វែង​ដីជម្លោះ​ ​​ហើយ​ជ្រើស​រើស​មិន​ខ្វល់​នឹង​ផល​វិបាក​។ ​​​យ៉ាង​​ណា​មិញ​ លោក​Hieu ​មិន​​បា​ន​​ដឹក​នាំ​ ឬ​​បញ្ជា​​អ្នក​​ដទៃ​​ឲ្យ​​ប្រព្រឹត្ត​​បទ​​ល្មើស​​នោះ​​​ទេ​។

​​ដី​ធ្លី​មាន​ជម្លោះ​ ដំបូង​ឡើយ​​គឺ​ជា​កម្ម​សិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ​ Nguy Van Khieu​។ ក្រោយ​មក ដី​នេះ​​ត្រូវ​បាន​លក់​ទៅ​ឱ្យ​បុរស​ម្នាក់​ឈ្មោះ​ ​​Khuc Van Doai​ ក្នុង​តម្លៃ​១១ ប៊ីលាន​ដុង​ (៤៥០ ០០០ ដុល្លារ​) ​​ប៉ុន្តែ​លោក​Doai​បាន​បង់​​ប្រាក់​​ត្រឹម​តែ​១,១ ប៊ី​លាន​​ដុង​ប៉ុណ្ណេះ​ ហើយ​លែង​បង់​ប្រាក់​ត​ទៀត​។

មិន​ត្រឹម​តែប៉ុណ្ណោះ​ លោក​​Doai​បាន​ពុះ​ដី​ជា​ឡូតិ៍​​​តូច​ៗ​ ហើយ​លក់​ទៅ​ឱ្យ​អ្នក​ផ្សេង​ ដែល​ធ្វើ​ឱ្យ​លោក​ Khieu ​​​ជួល​​មេធាវី​​ម្នាក់​ និង​​មនុស្ស​​​២​​នាក់​​ទៀត​ ​​ឲ្យ​​ជួយ​​ដោះ​ស្រាយ​​។ពេល​​មនុស្ស​របស់​លោក​ Khieu ចុះ​ទៅ​វាស់​វែង​ដី​ មនុស្ស​របស់​លោក​ Doai បាន​ចេញ​រា​រាំង​។

ក្រោយ​មក​ លោក​ Khieu បាន​សុំ​ឱ្យ​ម្នាក់​ឈ្មោះ​ Thai ​ដែល​មក​ពី​​ក្រុម​ទំនើងដ៏​​ល្បី​​​​ ត្រួត​ពិនិត្យ​ការ​ពារ​​​ដី​ជម្លោះ​ ​​​ដើម្បី​ឱ្យ​ក្រុម​ការងារ​​​បញ្ចប់​ការ​វាស់​វែង​ ជា​ថ្នូរ​នឹង​ប្រាក់​ ៤ ប៊ីលាន​ដុង​។ ​ Thai បាន​បបួល​ក្មេង​ទំនើង​ផ្សេង​ទៀត​ឱ្យ​រួម​ដៃ​ជាមួយ​ខ្លួន​ ហើយ​ពួក​គេ​នោះ​ហើយ​ ដែល​ត្រូវ​ជាប់​ទោស​នៅ​ទី​បំផុត​ ចំពោះ​ការ​ប្រព្រឹត្ត​​បទ​ឧក្រិដ្ឋ​ក្នុង​សំណុំ​រឿង​នេះ​​​៕