នៅក្នុង​សវនាការ​មួយ​ស្ថិតនៅ​វិមានរដ្ឋសភា ហៅថា ​កា​ពី​តូ​លហ៊ីល​ (Capitol Hill) កាលពី​ថ្ងៃ​ពុធ លោក​ Mark Zuckerberg នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Meta បាន​ថ្លែង​សុំទោស​ដល់​ក្រុមគ្រួសារ​ ដែល​បានលើកឡើង​ថាកូនៗរបស់​ពួកគេ​បាន​រងគ្រោះ​ ដោយសារតែ​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលជា​បណ្ដាញ​សង្គម​របស់​ក្រុមហ៊ុន Meta និង​បណ្ដាញ​សង្គម​ដទៃទៀត។

ការ​ថ្លែង​សុំទោស​របស់លោក Zuckerberg ធ្វើឡើង​នៅ​អំឡុងពេល​សវនាការ​រ​បស់​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ស្តីពី​ផលប៉ះពាល់​នៃ​បណ្តាញ​សង្គម​លើ​កុមារ​ដែល​ក្នុងនោះ មានការ​ពិភាក្សា​អំពី​បញ្ហា​ជាច្រើន ដោយ​ផ្ដោត​សំខាន់​ទៅលើ​ការកេងប្រវ័ញ្ច​កុមារ​តាម​អ៊ីនធឺណិត។

សវនាការ​នេះ ធ្វើឡើង​ដោយមាន​វត្តមាន​ចូលរួម​ពី​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បណ្ដាញ​សង្គមផ្សេងៗ ដូចជា​បណ្ដាញ​សង្គម Discord បណ្ដាញ​សង្គម Snap បណ្ដាញ​សង្គម X និង​បណ្ដាញ​សង្គម TikTok ជាដើម។ ក្នុង​សវនាការ​ក៏មាន​ការចាក់​បញ្ចាំង​វីដេអូ​របស់​កុមារ​ជាច្រើន​ដែល​បាន​ចែករំលែក​បទពិសោធន៍​របស់​ពួកគេ ពាក់ព័ន្ធ​នឹង​ការគំរាមកំហែង​និង​ការរំលោភបំពាន​លើ​អ៊ីនធឺណិត។


ប្រធាន​គណៈកម្មាធិការ​សវនាការ លោក ឌី​ក ដឺ​ប៊ី​ន (Dick Durbin) បាន​រិះគន់​វេទិកា​បណ្ដាញ​សង្គម​ខាងលើ​ថា​មិនបាន​ចាត់វិធានការ​ដើម្បី​ការពារ​កុមា​រហើយ​សមាជិក​ព្រឹទ្ធសភា​លោក លីន​សី ហ្ក្រា​ហាំ (Lindsey Graham) បាន​ចោទប្រកាន់​លោក​Zuckerberg ថា​ជា​មនុ​ស្សមាន​ឈាម​ប្រឡាក់​នៅលើ​ដៃ​ដោយសារតែ​បណ្ដាញ​សង្គម​របស់លោក​កំពុង​សម្លាប់​ជីវិត​មនុស្ស។គួរ​បញ្ជាក់ថា ក្រុមគ្រួសារ​ដែល​រងគ្រោះ​ក៏បាន​ចូលរួម​នៅក្នុង​សវនាការ​នោះ និង​បាន​ចែករំលែក​រឿងរ៉ាវកូនៗរបស់​ពួកគេ​ផងដែរ។

នៅពេល​មានការ​សាកសួរ​ទៅកាន់​លោក Zuckerberg ដោយ​សមាជិក​ព្រឹទ្ធសភា លោក ចូ​ស ហា​ឡេ​យ (Josh Hawley)ថា​តើ​គាត់​ចង់​ធ្វើការ​សុំទោស​ដល់​ជនរងគ្រោះ​ដែរឬទេ លោក Zuckerberg ក៏បាន​ថ្លែង​សុំទោស​ដោយផ្ទាល់ភ្លាមៗទៅកាន់​ក្រុមគ្រួសារ​ដែលមាន​វត្តមាន​នៅក្នុង​សវនាការ​នោះ​ទាំងអស់។


លោក Zuckerberg បាន​និយាយថា៖«ខ្ញុំ​សុំទោស​ចំពោះ​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​បាន​ឆ្លងកាត់»។ លោក​បាន​បន្ថែមថា៖​«គ្មាន​នរណាម្នាក់​ចង់​ឆ្លងកាត់​រឿងរ៉ាវ​ដែល​គ្រួសារ​របស់​អ្នក​បាន​រង​ទុក្ខ​នោះទេ​ហើយ​នេះ​ជា​មូលហេតុ​ដែល​យើង​ប្រឹងប្រែង​វិនិយោគ​យ៉ាងច្រើន​ហើយ​យើង​នឹង​បន្ត​ការខិតខំ​ប្រឹងប្រែង​លើ​វិស័យនេះ​បន្ថែម​ដើម្បី​ប្រាកដថា​គ្មាន​នរណាម្នាក់​ដែល​ត្រូវ​ឆ្លងកាត់​រឿងរ៉ាវ​ដែល​គ្រួសារ​របស់​អ្នក​ធ្លាប់បាន​រងគ្រោះ​នោះទេ»។

លោក Zuckerberg និង​នាយក​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមផ្សេងៗទៀត​បាន​គូសបញ្ជាក់​ពី​វិធានការ​សុវត្ថិភាព​កុមារ​តាម​អ៊ីនធឺណិត​របស់​ពួកគេរៀងៗខ្លួន។ជាក់ស្ដែង ក្រុមហ៊ុន Meta បាន​រាយការណ៍​ថា ខ្លួន​បាន​ចំណាយ​ទឹកប្រាក់​រហូតដល់​ទៅ ៥ ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៅលើ​ប្រព័ន្ធ​សុវត្ថិភាព​និង​សន្តិសុខ​ក្នុង​ឆ្នាំ២០២។

ពួកគេ​ក៏បាន​សម្តែង​ការប្តេជ្ញាចិត្ត​ក្នុងការ​សហការ​ជាមួយ​សមាជិកសភា​ឪពុកម្តាយ​អង្គការ​សង្គម​ស៊ីវិល​ក្នុងការ​អនុវត្ត​ច្បាប់ផ្សេងៗដើម្បី​ការពារ​អនីតិជន។យ៉ាងណាក៏ដោយ​លោក Zuckerberg មិន​យល់ព្រម​ចំពោះ​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា លោក ហា​ឡេ​យ ដែល​ចង់ឱ្យមាន​ការបង្កើត​មូលនិធិ​សំណង​សម្រាប់​ជនរងគ្រោះ​នោះទេ។

កន្លងមក ចំនួន​សមាជិកសភា​កាន់តែច្រើន​បានចាប់ផ្ដើម​ជំរុញឱ្យមាន​វិធានការ​ទប់ស្កាត់​រូបភាព​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​តាម​អ៊ីនធឺណិត​និង​ធ្វើយ៉ាងណា ឱ្យ​វេទិកា​បច្ចេកវិទ្យា​ទាំងអស់​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ការការពារ​កុមារ ដូច្នេះ សវនាការ​ព្រឹទ្ធសភា​នេះ​គឺជា​ការបោះ​ជំហាន​ឆ្ពោះទៅរក​ការអនុម័ត​ច្បាប់ ដើម្បី​ដោះស្រាយ​ភាព​អសកម្ម​នៃ​បទ​ប្បញ្ញត្តិ​មួយចំនួន​ដែល​មិនបាន​អនុវត្ត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ៕