​ចិន​បាន​ក្លាយជា​ប្រទេស​នាំ​​ចេញ​រថយន្ត​ធំជាងគេ​បំផុត​របស់​ពិភពលោក​កាលពី​ឆ្នាំមុន​ជា​លើកដំបូង ដោយបាន​ទម្លាក់​ប្រទេស​ជប៉ុន​ចេញពី​កំពូល​តារាង ដោយសារតែ​កំណើន​នៃ​ការ​លក់ដាច់​ខ្លាំង​នៃ​រថយន្ត​អគ្គិសនី​នៅក្រៅ​ប្រទេស​។​

​កាសែត​ជប៉ុន Nikkei Asia បាន​ចុះផ្សាយ ដោយ​ស្រង់​សម្ដី​សមាគម​ក្រុមហ៊ុន​ផលិត​រថយន្ត​ពីថ្ងៃ​ពុធ​ថា ជប៉ុន​បាន​នាំចេញ​រថយន្ត​ចំនួន ​៤,៤២​ លាន​គ្រឿងក្នុង​ឆ្នាំ​ ២០២៣ កើនឡើង ១៦ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២២​។ ប៉ុន្តែ​យោងតាម​សមាគម​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន ចិន​បាន​នាំ​ចេញ​រថយន្ត រហូតដល់ ៤,៩១ លាន​គ្រឿង​កាលពី​ឆ្នាំមុន​។​


​តួលេខ​ដដែល​បង្ហាញថា ជប៉ុន​ធ្លាក់ខ្លួន​ពី​កំពូល​តារាង​ជា​លើកដំបូង​ក្នុង​រយៈពេល​ ៧ ​ឆ្នាំ​មកនេះ រាប់​តាំងពី​អាល្លឺម៉ង់​វ៉ា​ដាច់​ជប៉ុន​ម្ដង​លើ​ការលក់​រថយន្ត​ក្នុង​ឆ្នាំ​ ២០១៦​។ គេ​មើលឃើញថា ការ​វ៉ា​ដាច់​របស់​ចិន​ កាលពី​ឆ្នាំមុន គឺ​ដោយសារតែ​កំណើន​នាំចេញ​ឡាន​ទៅ​រុស្ស៊ី​របស់​ចិន ខណៈ​រុស្ស៊ី​គឺជា​ទីផ្សារ​លក់​ឡាន ដែល​ជប៉ុន និង​លោកខាងលិច​ងាក​ចេញ ដោយ សារតែ​សង្គ្រាម​ឈ្លា​ន​ពាន​អ៊ុយ​ក្រែ​ន​។

​កត្តា​ជំរុញ​ឱ្យ​ចិន​វ៉ា​ដាច់ ​១ ​ទៀត​ដ៏​សំខាន់ គឺ​កំណើន ៨០ ភាគរយ​នៃ​នាំចេញ​រថយន្ត​ថា​ម​​ពល​ថ្មី​របស់​ប្រទេស​ចិន​ ដែល​រួមបញ្ចូល​ទាំង​រថយន្ត​អគ្គិសនី​។ និមិត្តសញ្ញា​នៃ​កំណើន​នេះ គឺ​ក្រុមហ៊ុន​ឡាន​អគ្គិសនី​ចិន ​BYD ដែល​បាន​វ៉ា​ដាច់​ក្រុមហ៊ុន​ Tesla ក្នុង​ការលក់​រថយន្ត​អគ្គិសនី​ទូទាំង​ពិភពលោក​ជា​លើកដំបូង​ដែល​មិន​ធ្លាប់មាន ក្នុងអំឡុង​ត្រីមាស​ទី​ ៤ ឆ្នាំមុន ។​


​នៅ​ឆ្នាំ​ ២០២២ ក្រុមហ៊ុន​ BYD បានប្រកាស​ពី​សមត្ថភាព​ផលិត​រថយន្ត ១,២៥​ លាន​គ្រឿង ប៉ុន្តែ​ចុងក្រោយ​ផលិត​រថយន្ត​រហូតដល់ ១,៨​ លាន​គ្រឿងក្នុង​ឆ្នាំ​នោះ​។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុងស្រុក​ចិន បាន​រាយ​​ការណ៍​ថា នៅ​ឆ្នាំ​ ២០២៣ ក្រុម​ហ៊ុន ​BYD បាន​ពង្រីក​សមត្ថភាព​ផលិត​រថយន្ត​ប្រហែល ៣,៥ លាន​គ្រឿង ខណៈ​ក្រុមហ៊ុន Tesla ផលិត​បានត្រឹមតែ ២,៣៥ លាន​គ្រឿង​ប៉ុណ្ណោះ​។

​ទីក្រុង​ប៉េកាំង​ កំពុង​សម្លឹងមើល​ការបង្កើន​ការផ្លាស់ប្តូរ​ជា​សកល​ទៅលើ​ការលក់​រថយន្ត​អគ្គិសនី ដើម្បីឱ្យ​ប្រទេស​ចិន​ក្លាយជា​មហាអំណាច​ឧស្សាហកម្ម ហើយ​ការ​នាំមុខគេ​របស់​ប្រទេស​ក្នុងការ​នាំចេញ​រថយន្ត ត្រូវបាន​គេ​មើលឃើញថា ជា​ជំហាន​មួយ​ឆ្ពោះ​ទៅលើ​គោលដៅ​នេះ ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេងៗ បាន​ផ្លាស់ប្តូរ​ការ​ផ្តោតលើ​ការផលិត​នៅក្រៅ​ប្រទេស​។ ចិន​រំពឹងថា ចិន​នឹង​លក់​រថយន្ត​ ១២​ លាន​គ្រឿង​ឆ្នាំ​ ២០៣០៕