​មេដឹកនាំ​សហភាព​អឺរ៉ុប​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍ រក​វិធី​ជួយផ្តល់​មូលនិធិ​ដល់​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​​អ៊ុយ​ក្រែ​ន វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី ដែល​កំពុង​ប្រយុទ្ធ​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី ហើយនឹង​អស់​ថវិកា​ក្នុង​ដំណើរការ​រដ្ឋ​ជា​ប្រក្រតី​នៅ​ខែមីនា​ខាងមុខនេះ​។​

​ការប្រជុំ​របស់​មេដឹកនាំ​អឺរ៉ុប​នាពេលនេះ​ក៏​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​ការបញ្ចុះ​​បញ្ចូល​នាយករដ្ឋមន្ត្រី​ហុង​គ្រី លោក Viktor Orban​ ​ដែលជា​មិត្ត​ជិតស្និទ្ធ​របស់​ប្រ​ធានា​ធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន និង​តែងតែ​ជំទាស់​ការផ្តល់​មូលនិធិ​ទៅឱ្យ​អ៊ុយ​ក្រែ​ន ឱ្យ​ចូលរួម​ក្នុង​ផែនការ​ផ្តល់​ហិរញ្ញប្បទាន​ស្ថិរភាព​ដល់​អ៊ុយ​ក្រែ​ន​។​

​ទោះបីជា​បរាជ័យ​ក្នុងការ​បញ្ចុះបញ្ចូល​មេដឹកនាំ​ហុង​គ្រី​លើក​នេះ មេដឹកនាំ​អឺរ៉ុប​ភាគច្រើន​ក៏បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ផ្តល់​សាច់ប្រាក់​ដល់​រដ្ឋាភិបាល​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី ដោយ​គ្មាន​វត្តមាន​ប្រទេស​ហុង​គ្រី​ដែរ ដោយ​ប្រើប្រាស់​វិធី​ផ្សេងទៀត​។ នេះ​បើ​យោងតាម​សេចក្តី​រាយការណ៍​របស់​រ៉​យ​ទ័​រ​។​


​ផែន​ការដែល​គ្រោង​ផ្តល់​មូលនិធិ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន គឺ​គ្របដណ្តប់​សម្រាប់​ឆ្នាំ​ ​២០២៤-២០២៧ ជាមួយនឹង​ប្រាក់កម្ចី​ចំនួន ​៣៣​ ពាន់​លាន​អឺរ៉ូ (៣៦ ​ពាន់​លាន​ដុល្លារ​) និង​ជំនួយឥតសំណង​ចំនួន ​១៧​ ពាន់​លាន​អឺរ៉ូ​។ ប្រាក់​នេះ​ត្រូវ​បានមកពី​ថវិកា​សហភាព​អឺរ៉ុប​ដើម្បី​ផ្តល់​មូលនិធិ​ដែល​អាច​ព្យាករ​បាន​កាន់តែច្រើន​ដល់​ក្រុង​កៀវ ខណៈដែល​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ប្រយុទ្ធ​ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី​។​

​សហភាព​អឺរ៉ុប​បាន​ជួយ​អ៊ុយ​ក្រែ​ន​ចាប់​តាំង​ពី​ទីក្រុង​ម៉ូស្គូ​បាន​ឈ្លានពាន​ក្នុង​ឆ្នាំ ២០២២ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ វា​បាន​ឆ្លងកាត់​កិច្ចព្រមព្រៀង​អន្តររដ្ឋាភិបាល​ដែល​តម្រូវឱ្យមាន​ការយ​ល់​ព្រម​ពី​ថ្នាក់ជាតិ​ជា​រៀង​រាល់​ឆ្នាំ ហើយ​ចំណាយ​កាន់តែច្រើន និង​លំបាក​ស្មុគស្មាញ​ជាង​ការផ្តល់​មូលនិធិ​តាមរយៈ​ថវិកា​របស់​សហភាព​អឺរ៉ុប​។​


​ស្ថិរភាព​នៃ​ការផ្តល់​ហិរញ្ញប្បទាន​រយៈ​​ពេល ​៤​ ឆ្នាំ​ដែល​ថវិកា​របស់​សហភាព​អឺរ៉ុប​នឹង​ផ្តល់​គឺមាន​សារៈសំខាន់​ជាង​នៅពេលដែល​ជំនួយ​ហិរញ្ញវត្ថុ​ពី​សហរដ្ឋអាមេរិក ដែលជា​ប្រទេស​ផ្តល់ជំនួយ​ដ៏​ធំ​មួយ​ដល់​អ៊ុយ​ក្រែ​ន​មាន​ភាពមិនច្បាស់លាស់​ដោ​យ​សារ​តែ​ការមិនចុះសម្រុង​គ្នា នៅក្នុង​សភា​សហរដ្ឋអាមេរិក​។​

​ដើម្បី​ប្រើប្រាស់​ថវិកា​របស់​សហ​ភាព​អឺរ៉ុប ប្រទេស​សមាជិក​ទាំង ២៧ ត្រូវតែ​យល់ព្រម​ហើយ​ហុង​គ្រី​ដែល​បង្កើត​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ទីក្រុង​ម៉ូស្គូ ចង់​ប្រើ​សិទ្ធិ​វេតូ​លើ​ការចំណាយ​ជា​រៀងរាល់ឆ្នាំ​។ ប្រទេស​សហភាព​អឺរ៉ុប​ចំនួន ​២៦ ​ផ្សេងទៀត​បាន​ច្រានចោល​ការទាមទារ​រប​ស់​ហុង​គ្រី ហើយ​ពួកគេ និង​ហុង​គ្រី​បាន​ប្រឈមមុខ​ដាក់គ្នា​ចាប់តាំងពី​ខែធ្នូ ឆ្នាំ​ ២០២៣​ មក​ម្ល៉េះ​។​

​កិច្ចប្រជុំ​កំពូល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ហៅថា ដើម្បី​ដោះស្រាយ​បញ្ហា គឺជា​ឱកាស​ចុងក្រោយ​ដើម្បី​ឈានដល់​ការសម្រេច​កិច្ចព្រមព្រៀង​មួយ មុនពេល​បោះបង់​ថវិកា​សហភាព​អឺរ៉ុប ដែលជា​មធ្យោបាយ​ផ្តល់​មូលនិធិ​ដល់​អ៊ុយ​ក្រែ​ន ហើយ​ត្រឡប់​ទៅរក​ហិរញ្ញប្បទាន​កាន់តែ​ស្មុគស្មាញ ចំណាយ​ខ្ពស់ និង​អាច​ព្យាករ​តិចតួច ដែល​ធ្លាប់បាន​ប្រើ​ពីមុនមក​។​

​សហភាព​មិនអាច​រង់​ចាំ​យូរ​ទៀត​ទេ ព្រោះ​អ៊ុយ​ក្រែ​ន​ត្រូវបាន​គេ​រំពឹងថា នឹង​អស់សាច់​​ប្រាក់​ដើម្បី​ដំណើរការ​មុខងារ​រដ្ឋ​តាម​ធម្មតា​ក្នុង​ខែមីនា​ខាងមុខនេះ​។​

​ដើម្បី​បំពេញ​តាម​ការទាមទារ​របស់​នាយក​រដ្ឋមន្ត្រី​ហុង​គ្រី លោក Orban មួយផ្នែក មេដឹកនាំ​អឺរ៉ុប​នឹង​ស្នើ​ឱ្យមាន​ការជជែក​ដេញ​ដោល​ប្រចាំឆ្នាំ​អំពី​របៀប​ដែល​ជំនួយ​របស់​សហភាព​អឺរ៉ុប​ត្រូវបាន​ចាយ​ដោយ​អ៊ុយ​ក្រែ​ន ដោយ​មិន​ផ្តល់ឱ្យ​ហុង​គ្រី​នូវ​សិទ្ធិ​វេតូ​លើ​ប្រាក់​នេះ​។ នេះ​បើតាម​រ៉​យ​ទ័​រ​៕