​ទីក្រុង​សាន​ឌី​ហ្គោ​៖ ២ ​ថ្ងៃក្រោយ​បាត់​ខ្លួន​ក្នុងអំឡុងពេល​ជិះ​ឧទ្ធម្ភាគចក្រ​ត្រឡប់​ទៅកាន់​បញ្ជាការ​កងទ័ព​ជើង​អាកាសយោធា​អាមេរិក​បានប្រកាស​ពី​ការបាត់​បង់ជីវិត​រប​ស់ទា​ហាន​ទាំង​ ៥ ​នាក់​ ដែលមាន​វត្តមាន​នៅលើ​ជិះ​ឧទ្ធម្ភាគចក្រ​នោះ​។

បើតាម​អាជ្ញាធរ ឧទ្ធម្ភាគចក្រ​នោះ​មាន​ឈ្មោះថា CH-53E Super Stallion បាន​បាត់​ខ្លួន​កាលពី​យប់​ថ្ងៃទី ​៦ ខែកុម្ភៈ ក្នុងអំឡុងពេល​ត្រឡប់​ទៅ​ស្ថានីយ​កងទ័ពអាកាស (Marine Corps Miramar) ក្នុង​ទីក្រុង San Diego បន្ទាប់ពី​ការហ្វឹកហាត់​នៅឯ​មូលដ្ឋាន​ទ័ពអាកាស Creech ភាគ​ពាយព្យ​នៃ​ទីក្រុង Las Vegas​។

តាមរយៈ​ការបញ្ជាក់​ពី​យោធា​អាមេរិក​កាលពី​ថ្ងៃទី ៨ ​កុម្ភៈ​កន្លងទៅនេះ ទាហាន​អាមេរិក​ចំនួន ៥ ​នាក់​នៅលើ​ឧទ្ធម្ភាគចក្រ បាន​ធ្លាក់​ក្នុងអំឡុងពេល​អាកាសធាតុ​មាន​ព្យុះ​នៅលើ​ភ្នំ​នៅ​ជាយក្រុង San Diego​។


យ៉ាងណាមិញ ទំនាក់ទំនង​ចុងក្រោយបង្អស់​ជាមួយ​ឧទ្ធម្ភាគចក្រ​នោះ គឺ​នៅ​អំឡុង​ម៉ោង ១១ ​កន្លះយប់ ថ្ងៃទី​ ៦​ កុម្ភៈ នៅមុន​ពេលដែល​ឧទ្ធម្ភាគចក្រ​ហោះចូល​កាន់​តំបន់​ដែល​កំពុងមាន​ភ្លៀង និង​ព្រឹល​ធ្លាក់​ខ្លាំង​។

តាមរយៈ​ហេតុការណ៍​នេះ ឧ​ត្ត​ម​សេនីយ៍​Michael J. Borgschulte មេបញ្ជាការ​កងទ័ពអាកាស​ផ្នែក​ទី ៣  បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​នេះ​គឺជា​រឿង​ដ៏​គួរឱ្យ​សោកស្ដាយ​បំផុត ដែល​យើង​បាន​បាត់បង់​ទាហាន​ឆ្នើម​ចំនួន ៥​នាក់ ត្រឹមតែ​ពេល​មួយ​ពព្រិច​ភ្នែក​»​។


លោក Borgsulte បាន​បន្តទៀតថា​៖ «​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ក្រុមគ្រួសារ​នៃ​ទាហាន​របស់​យើង និង​ប្តេជ្ញា​ធានា​នូវ​ការគាំទ្រ និង​ការយកចិត្តទុកដាក់​ចំពោះ​ក្រុមគ្រួសារ​ជនរងគ្រោះ​ក្នុងអំឡុងពេល​ដ៏​លំបាក​នេះ​។ បើទោះបីជា ការបម្រើ​ការ​ក្នុង​ជួរ​កងទ័ព​ជា​រឿង​គ្រោះថ្នាក់ ប៉ុន្តែ​ការបាត់បង់​សមាជិក​ណា​ម្នាក់​នៅតែ​ជា​រឿង ដ៏​គួរឱ្យ​សោកសៅ​»​។

លោក Timothy Loranger អតីត​ជាង​មេកា​និក​យន្តហោះ​របស់​កងទ័ព បានឱ្យដឹងថា ការ​ហោះចូល​តំបន់​គ្រោះថ្នាក់​បែបនេះ សឹងតែ​ជា​រឿង​ធម្មតា​ហើយ​សម្រាប់​ក្រុម​ទាហាន​ក្នុងពេល​ហ្វឹកហាត់ ប៉ុន្តែ​ដោយឡែក នេះ​ជា​មិន​ស្ថិត​ក្នុងករណី​ហ្វឹកហាត់​នោះទេ ដូច្នេះហើយ​តើ​វា​ជា​កំហុស​របស់​អ្នកបើកបរ​យន្ដហោះ​ដែល​ចង់​សាកល្បង​ឬ​យ៉ាងណា​?

លោក​បន្តថា បញ្ហា​បច្ចេកទេស​របស់​យន្ដហោះ នៅក្នុង​អាកាសធាតុ​មិន​អំណោយផល​ក៏​នឹង​ធ្វើឱ្យ​ការហោះហើរ កាន់តែ​ពិបាក​ថែមទៀត ដូច្នេះ​បើសិនជា​អ្នកបើកបរ​មិនមាន​ភាព​ស្ទាត់ជំនាញ​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​ស្ថានការណ៍ មាន​ភាគរយ​ច្រើន​ដែល​យន្ដហោះ​នោះ​អាច​ធ្លាក់​។

អ្នកជំនាញ​រូបនេះ​បន្តទៀតថា បញ្ហា​នេះ​ទាមទារ​ការស៊ើបអង្កេត​ឱ្យបាន​ហ្មត់ចត់ ដើម្បី​ឈានទៅរក​ការសន្និដ្ឋាន​មួយ ដែល​ត្រឹមត្រូវ​បំផុត​។

គួរ​បញ្ជាក់ថា តំបន់​ដែល​ឧទ្ធម្ភាគចក្រ​បាន​ធ្លាក់​នោះ​ជា​តំបន់ភ្នំ​ខ្ពស់បំផុត​ទី​ពីរ​របស់​ទីក្រុង San Diego ដែលមាន​កម្ពស់ ជិត​ ២​ពាន់​ម៉ែត្រ គ្របដណ្តប់​លើ​ផ្ទៃដី ១ ៨៦០ គីឡូម៉ែត្រ​ក្រឡា និង​មាន​សភាព​ចោទ​ខ្លាំង​ទៀតផង​។

យ៉ាងណាក៏ដោយ ស្របតាម​ច្បាប់​របស់​យោធា ឈ្មោះ​របស់​ទាហាន​នឹងមិន​ត្រូវបាន​បញ្ចេញ រហូតដល់​រយៈពេល ២៤ ម៉ោង​បន្ទាប់ពី​សាច់ញាតិ​ទាំងអស់​ទទួលបាន​ដំណឹង​។

គួរ​រំឭក​ផងដែរ​ថា ក្នុង​ឆ្នាំ ២០១៨ ទាហានជើងអាកាស​៤​នាក់​នៅ​រដ្ឋ​ហ្វ្ល​រី​ដា បាន​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​ឧ​ទ្ធ​ម្ភ​ភាគ​ចក្រ នៅ​ជិត​ព្រំដែន រដ្ឋ​កាលីហ្វ័រ​នីញ៉ា និង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ​ក្នុងអំឡុងពេល​បេសកកម្ម​ហ្វឹកហាត់​។ ប៉ុន្តែ​យ៉ាងណា អាជ្ញាធរ​បានដាក់​បន្ទុក​ទៅលើ​អ្នកបើកបរ​យន្ដហោះ ដែលមាន​បញ្ហា​បច្ចេកទេស​ក្នុងពេល​បើកបរ​។

ក្រោយមក​ក្រុមគ្រួសារ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្ដឹង ទៅ​ក្រុមហ៊ុន​ពីរ ដោយបាន​ចោទប្រកាន់ថា​ក្រុមហ៊ុន​នោះ មិនបាន​ផ្ដល់​លក្ខខណ្ឌ​បច្ចេកទេស​ត្រឹមត្រូវ រហូត​បង្កចេញ​ជាហេតុ​ការណ៍​នោះ​៕​