អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ បាន​ឱ្យ​ដឹង​ថា​ ខ្លួន​​​កំពុ​ង​ស៊ើប​អង្កេត​​ការ​វាយ​ប្រហារ​តាម​អ៊ិនធឺណិ​ត​ ដែល​សង្ស័យ​ថា ​​កូរ៉េ​ខាង​ជើង​ជា​អ្នក​ធ្វើ​ចំនួន​ ៥៨ ករណី​ ចន្លោះ​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២៣ ដែល​ធ្វើ​ឱ្យ​បាត់​បង់​សរុប​ជា​ទឹក​ប្រាក់​​ប្រហែល​ ៣ពាន់លាន​ដុល្លារ​។ ​

​ក្រុម​អ្នក​ជំនាញ​​​បាន​ឱ្យ​ដឹង​យ៉ាង​ដូច្នេះ​ ​នៅ​ក្នុង​សេចក្តី​សង្ខេប​ប្រតិបត្តិ​នៃ​របាយការណ៍​ថ្មី​មួយ​ ទៅ​កា​ន់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការ​សហប្រជាជាតិ​ ដែល​​ទីភ្នាក់ងារ​សារព័ត៌មាន​ AP បាន​ឃើញ​​​កាល​ពី​ថ្ងៃ​សុក្រ។ 

អ្នក​ជំនាញ​និយាយ​ថា​ ប្រាក់​ដែល​ប្រមូល​បាន​ពីការ​វាយ​ប្រហារ​តាម​អ៊ិនធឺណិត​ ត្រូវ​បានកូរ៉េខាង​ជើង​ យ​ក​ទៅ​ប្រើ​ប្រាស់​​ដើម្បី​ជួយ​ផ្តល់​មូលនិធិ​ដល់​ការ​អភិវឌ្ឍ​អាវុ​ធ​ប្រល័យ​លោក​។​ ​​​ 


មិន​ត្រឹម​តែ​ប៉ុណ្ណេះ ការ​វាយ​ប្រហារ​តាម​អ៊ិនធឺណិត​​យ៉ាង​ច្រើន​​​ពី​ក្រុម​ជន​អនាមិក​ (ហ៊ែកឃើរ​) របស់​កូរ៉េខាង​ជើង​ ​ត្រូវ​មាន​ការ​ជូន​ដំណឹង​​ទៅ​​ការិយាល័យ​ត្រួត​ពិនិត្យ​ទូទៅ​ (RGB) ដែល​ជា​​​​អង្គភាព​​ចារកម្ម​ប​រទេស​ចម្បង​របស់​កូរ៉េ​ខាង​ជើង ហើយ​ការណ៍​នេះ​ ​នៅ​តែ​បន្ត​កើត​ឡើង​។  ​

ជុំ​វិញ​ការណ៍​នេះ​ កូរ៉េខាង​ជើង​មិន​បាន​ឆ្លើយ​តប​យ៉ាង​ណា​ភ្លាម​នោះ​ទេ​ ប៉ុន្តែ​កន្លង​មក​ ប្រទេស​នេះ​បាន​ច្រាន​ចោល​ការ​ជាប់​ពាក់​ព័ន្ធ​ណា​មួយ​ទៅ​នឹង​ការ​ធ្វើ​ការ​វាយ​ប្រហារ​តាម​អ៊ិនធឺណិត​។ 


ក្នុង​របាយការណ៍​ថ្មី​ដដែល​ អ្នក​ជំនាញ​​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ចំ​ពេល​មាន​ភាព​តាន​តឹង​ផ្នែក​យោធា​ និង​នយោបាយ​កើន​ឡើង​នៅ​លើ​ឧបទ្វីប​កូរ៉េ​ ​​កូរ៉េ​ខាង​ជើង​​នៅ​តែ​បន្ត​​ប្រឆាំង​នឹង​​​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ ហើយ​បន្ត​​អភិវឌ្ឍ​អាវុធ​នុយក្លេអែរ​របស់​ខ្លួន​បន្ថែម​ទៀត​​។ 

របាយការណ៍​​ដដែល​រំពឹង​ថា​នឹង​ចេញ​ផ្សាយជា​សាធារណៈ​​នៅ​ចុង​ខែ​នេះ​ ឬ​ដើម​ខែ​ក្រោយ​ ខណៈ​​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ លោក​ គីម​ ជុង​អ៊ុន​ ​​បាន​បង្កើន​ភាព​តាន​តឹង​នៅ​ក្នុង​តំបន់​។​

លោក​​កំពុង​​គំរា​ម​​​កំហែង​​ថា នឹង​​កម្ទេច​​ប្រទេស​​កូរ៉េ​​ខាង​​ត្បូង​ ប្រសិន​​បើ​​មាន​​ការ​​បង្ក​ហេតុ​ណា​មួយ​កើត​ឡើង​។ ជា​ការ​ឆ្លើយ​តប​ សហរដ្ឋ​អាមេរិក ​កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន​ បាន​ពង្រឹង​សមយុទ្ធ​យោធា​រួម​គ្នា​របស់​ពួក​គេ​៕