ស្ថានការ​ណ៍​​ចិន ​និង​តៃ​វ៉ាន់ ​​នៅ​តែ​ក្តៅ​គគុក​​នៅ​ឡើយ​ចាប់​តាំង​ពី​​ការ​ជាប់ឆ្នោត​​​របស់​គណបក្ស​ប្រជា​ធិបតេយ្យជឿនលឿន (DPP) ដឹក​នាំ​ដោយ​លោក Lai Ching-te ដែល​គេ​ដឹង​ថា មិន​រណប​​​​ និង​មិន​មាន​ជំហរទន់ភ្លន់​​នៅ​ចំពោះ​មុខ​​ការ​គំរាម​​ម្តងហើយ​ម្តងទៀត​របស់​​​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។ 

ក្រសួងការពារជាតិរ​បស់​តៃវ៉ាន់​បាន​និយាយ​នៅ​ថ្ងៃអាទិត្យ​ទី១១ ខែកុម្ភៈ​ថា ​ខ្លួន​បាន​រកឃើញ​បា​ឡុង​​របស់​ចិន​ចំនួន ៨ ហោះ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ​ក្នុង​រយៈពេល​ត្រឹមតែ ២៤ ម៉ោង ដែល​​ក្នុងនោះ​បា​ឡុង​ចំនួន ៥ បាន​ហោះ​ឆ្វែល​ជុំវិញ​កោះ​តៃវ៉ាន់​តែម្ដង។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ ២ថ្ងៃ​ចុង​ក្រោយនេះ​តៃវ៉ាន់​បាន​រាយការណ៍​ថា​មាន​បា​ឡុង​ចិន​ហោះចូល​ដែនអាកាស​របស់ខ្លួន​កាន់តែច្រើនឡើង។

នៅក្នុង​របាយការណ៍​ប្រចាំថ្ងៃ​របស់ខ្លួន​ស្តីពី​សកម្មភាព​យោធា​របស់​ចិន​ ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយថា ​ខ្លួន​បាន​ប្រទះឃើញ​បា​ឡុង​ដំបូង​នៅ​ព្រឹក​ថ្ងៃទី១០ ខែកុម្ភៈ​ និង​ប្រទះឃើញ​បា​ឡុង ១ ទៀត​ នៅ​រសៀល​ថ្ងៃ​ដដែល។


គិត​មកដល់​ថ្ងៃអាទិត្យ​នេះ​បា​ឡុង​ចំនួន៥បាន​ហោះ​ឆ្លងកាត់​ភាគ​ខាងជើង​និង​កណ្តាល​នៃ​កោះ​តៃវ៉ាន់។ នេះ​បើ​យោងតាម​ផែនទី​ដែល​ផ្តល់​ដោយ​ក្រសួងការពារជាតិ​តៃវ៉ាន់។

តៃវ៉ាន់​ដែល​ត្រូវបាន​ចិន​អះអាងថា​ជា​ទឹកដី​របស់ខ្លួន​បាន​ត្អូញត្អែរ​តាំងពី​ខែធ្នូ​ឆ្នាំ២០២៣ពី​ការ​បង្ហោះ​បា​ឡុង​របស់​ចិន​ដោយ​និយាយថា​វា​គឺជា​ការគំរាមកំហែង​ដល់​សុវត្ថិភាព​អាកាសចរណ៍​និង​ជាការ​ប៉ុនប៉ង​ធ្វើសង្គ្រាម​ចិត្តសាស្ត្រ។


យ៉ាងណាមិញ​ក្រសួងការពារជាតិ​ចិន​មិន​បានធ្វើ​សេចក្ដី​អត្ថាធិប្បាយ​ចំពោះ​រឿងនេះ​ទេ។ទាំង​ប្រទេស​ចិន​និង​តៃវ៉ាន់​ពេលនេះ​កំពុង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ដែលជា​ពិធីបុណ្យ​ដ៏​សំខាន់បំផុត​នៅក្នុង​ចំណោម​អ្នកប្រើប្រាស់​ភាសា​ចិន​នៅ​ទូទាំង​ពិភពលោក។

ប៉ុន្តែ​កាលពី​ខែ​មុន​រដ្ឋាភិបាល​ចិន​ បាន​ច្រាន​ចោលការ​ត្អូញត្អែរ​ម្តង​ហើយ​ម្តងទៀត​របស់​តៃវ៉ាន់ ​ពី​ការ​បង្ហោះ​បា​ឡុងនៅក្បែរៗកោះ​តៃវ៉ាន់ ដោយនិយាយ​ថា​ការ​បង្ហោះ​នោះ​ធ្វើឡើង​ក្នុង​គោលបំណង​ធ្វើ​ឧតុនិយម​ប៉ុណ្ណោះ​ពោលគឺ​មិន​ទាក់ទង​អ្វី​នឹង​បញ្ហានយោបាយ​ទេ។ 

យ៉ាងណាក៏ដោយ​យន្តហោះ​ចម្បាំង​របស់​ចិន​បាននិងកំពុង​ធ្វើ​ប្រតិបត្តិការ​ជា​រៀងរាល់ថ្ងៃ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ហើយជារឿយៗថែមទាំង​បាន​ឆ្លងកាត់​ខ្សែបន្ទាត់​ព្រំដែន​របស់ខ្លួន​ជាមួយ​តៃវ៉ាន់​ទៀតផង។សម្រាប់​ចិន​ការឆ្លងកាត់​ព្រំដែន​ទឹក​គឺជា​រឿង​ធម្មតា​ព្រោះ​ចិន​ចាត់ទុកថា​តៃវ៉ាន់​ជា​ផ្នែក​របស់ខ្លួន​ដូច្នេះហើយ​ចិន​មិន​គោរព​ខ្សែបន្ទាត់​ព្រំដែន​ណាមួយ​ទេ។

​តៃវ៉ាន់​កាលពី​ខែ​មុន​បាន​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ថ្មី​ដែលជា​លទ្ធផល​គណបក្ស​ប្រជាធិបតេយ្យ​នៅតែ​បន្ត​ឈ្នះឆ្នោត។ការណ៍​នេះ​បានធ្វើឱ្យ​ចិន​សង្កៀត​ធ្មេញ​កាន់តែខ្លាំង​ដាក់​តៃវ៉ាន់។

លោក Lai Ching-te ដែលជា​ប្រធានាធិបតី​ថ្មី​របស់​តៃវ៉ាន់​ក៏​ធ្លាប់បាន​ចរចា​ជាមួយ​ចិន​ដែរ​ប៉ុន្តែ​ត្រូវបាន​ចិន​ច្រានចោល​និង​ចាត់ទុក​គណបក្ស​របស់​លោ​កថា​ប្រជាធិបតេយ្យ​បែប​ជ្រុលនិយម។

ចិន​ត្រូវបាន​ពិភពលោក​ស្គាល់​យ៉ាង​ទូលំទូលាយ​ពី​បច្ចេកទេស​បង្ហោះ​បា​ឡុង​ចារកម្ម​សម្រាប់​ស៊ើបការណ៍។កាលពី​ខែកុម្ភៈ​ឆ្នាំមុន​សហរដ្ឋអាមេរិក​បាន​បាញ់​ទម្លាក់​បា​ឡុង​របស់​ចិន​ដែល​ហោះ​នៅលើ​ទឹកដី​របស់ខ្លួន​ប៉ុន្តែ​ត្រូវបាន​ចិន​បដិសេធថា​ជា​បា​ឡុង​ស៊ីវិល​ដែល​រសាត់​ទៅដល់​តំបន់​នោះ​ដោយ​ចៃដន្យ៕