អាជ្ញាធរ​ថៃ​ក្នុង​ខេត្ត​ឈុន​បុរី​ បាន​ចាប់​ខ្លួន​បុរស​​ជន​សង្ស័យ​បទ​ល្មើស​គ្រឿង​ញៀន​ជា​ជន​ជាតិ​រុស្ស៊ី​ម្នាក់​ ដែល​អាជ្ញាធរ​រុស្ស៊ី​តាម​ចាប់​ខ្លួន​អស់​រយៈ​ពេល​ជាង​ ១០ ឆ្នាំ​មក​ហើយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាង​កកប៉ុស្តិ៍​កាល​ពី​ថ្ងៃ​សុក្រ​។ 

បុរស​ជន​សង្ស័យ​ដែល​មាន​ឈ្មោះ​ថា​ Mikhail Tolokonnikov អាយុ​ ៣៣ ឆ្នាំ​ ត្រូវ​បាន​ប៉ូលិស​អន្តោ​ប្រវេសន៍​ថៃ​ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ នៅ​ផ្ទះ​មួយ​កន្លែង​ ​ក្នុង​ក្រុង​ Nong Preu ស្រុក​ Bang Lamung ខេត្ត​​ឈុន​បុរី​។

បាង​កកប៉ុស្តិ៍​ផ្សាយ​ថា​ លោក​ត្រូវ​បាន​ចោទ​​ប្រកាន់​ពី​បទ​បន្ត​​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ ​ដោយ​​ទិដ្ឋាការ​ហួស​សុពលភាព​​អស់​រយៈ​ពេល​ប្រហែល​ ១០ ឆ្នាំ​មក​ហើយ​។ ​


ស្នងការ​រង​នៃ​ការិយាល័យ​អន្តោ​ប្រវេសន៍​ថៃ​ លោក​ PhanthanaNuchanart​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ​​លោក​Tolokonnikov​ត្រូវ​បាន​​អាជ្ញាធរ​រុស្ស៊ី​តាម​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​កំណើត​របស់​លោក​ សម្រាប់​បទ​ល្មើស​គ្រឿង​ញៀន​ ហើយ​ប៉ូលិស​អន្តរជាតិ​​ក៏​ចេញ​ដីកា​ចាប់​ខ្លួន​លោក​ផង​ដែរ​។  ​

ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ដដែល​ ធ្វើ​ឡើង​បន្ទាប់​​ពី​អ្នក​ស៊ើប​អង្កេត​អន្តោ​ប្រវេសន៍​នៅ​ក្នុង​ខេត្ត​ឈុនបុរី​ បាន​ទទួល​ព័ត៌មាន​ពី​អ្នក​ស្ម័គ្រ​ចិត្ត​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន​ ថា​មាន​បុរស​ជន​ជាតិ​រុស្ស៊ី​ម្នាក់​ធ្វើ​សកម្មភាព​គួរ​ឱ្យ​សង្ស័​យ​ នៅ​ក្នុង​ខេត្ត​នេះ​។​ ​ការណ៍​នេះ​ បាន​ជំរុញ​ឱ្យ​មន្ត្រី​ថៃ​បើក​ការ​ស៊ើប​អង្កេត​។​


ការ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​បាន​បង្ហាញ​ថា​ ទិដ្ឋាការ​របស់​លោក​ Tolokonnikov ​បាន​ផុត​កំណត់​ ហើយ​លោ​ក​បាន​ផ្លាស់​ប្តូរ​ទី​លំនៅ​ជា​ញឹក​ញាប់​រវាង​ខេត្ត​ភូខេត​ និង​ខេត្ត​ឈុន​បុរី​។  ​បន្ទាប់​​ម​ក​​ ក្រុម​​ស៊ើប​អង្កេត​​បាន​​តាម​​ដាន​​​លោក​​ទៅ​​កន្លែង​​លាក់​ខ្លួន​​នៅ​ស្រុក​ Bang Lamung នៃ​ខេត្ត​ឈុន​បុរី​។

លោក​ Phanthana បាន​ថ្លែង​ថា​ ​ជន​សង្ស័យ​​ត្រូវ​​បាន​​​បញ្ជូន​ខ្លួន​ទៅ​ក្រុម​អ្នក​ស៊ើប​អង្កេត​ក្រុង​ប៉ាតាយ៉ា​ ​​ដើម្បី​​ចាត់​ការ​​តាម​​នីតិ​វិធី​​ច្បាប់​ ហើយ​​​អាច​នឹង​​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​រុស្ស៊ី​ ដើម្បី​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន​៕​