បេក្ខភាពប្រធានាធិបតីឥណ្ឌូនេស៊ីបីរូប អមដោយអ្នកគាំទ្ររាប់ម៉ឺននាក់ បានចេញធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃចុងក្រោយរបស់ខ្លួន ដោយរៀបចំការប្រមូលផ្តុំគ្នាធំៗតាមទីក្រុង រដ្ឋធានី មានការប្រគុំតន្ត្រីជាមួយនឹងការសម្តែងដោយក្រុមតន្ត្រីករក្នុងស្រុកជាច្រើនកុះករកាលពីថ្ងៃទី១០ ខែកុម្ភៈ។ នេះបើតាមកាសែតសឹង្ហបុរី Chanel New Asia (CNA)។
សារព័ត៌មាន CNA បានឱ្យដឹងថា អ្នកគាំទ្រជាច្រើនរាប់ម៉ឺននាក់ នៅក្នុងព្រឹត្តិការណ៍ផ្សេងៗគ្នា ដែលធ្វើឡើងនៅកណ្តាលរដ្ឋធានីហ្សាការតា និងទីក្រុងផ្សេងៗទៀត ពេញផ្ទៃប្រទេសឥណ្ឌូនេស៊ី ហើយពលរដ្ឋឥណ្ឌូនេស៊ី ខ្លះជម្នះចង់ចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយនេះ បើទោះបីពួកគេត្រូវធ្វើដំណើររាប់ម៉ោងឆ្លងកាត់ការកកស្ទះចរចារណ៍ដ៏ណែនតានតាប់យ៉ាងណាក៏ដោយ។
យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ៧៥ ថ្ងៃរបស់ប្រទេសឥណ្ឌូនេស៊ី បានបញ្ចប់ជាផ្លូវការ នៅថ្ងៃទី១០ ខែកុម្ភៈ ដោយក្នុងនោះបេក្ខជនប្រធានាធិបតីបានធ្វើការសន្យានៅចំពោះមុខអ្នកគាំទ្រនៅនាទីចុងក្រោយរបស់ពួកគេ មុនពេលការបោះឆ្នោតជាតិរយៈពេលពេល ៣ ថ្ងៃ ចាប់ផ្តើម ពោលគឺចាប់ពីថ្ងៃទី១៤ កុម្ភៈ ខាងមុខនេះ ដែលនៅទីបំផុតប្រទេសប្រជាធិបតេយ្យដ៏ធំបំផុតទីបីរបស់ពិភពលោកមួយនេះនឹងអាចជ្រើសរើសប្រធានាធិបតីទី ៨ របស់ខ្លួនជាផ្លូវការ។
ប្រទេសឥណ្ឌូណេស៊ី នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី១៤កុម្ភៈ២០២៤ ស្របតាមរដ្ឋធម្មនុញ្ញជាតិរបស់ខ្លួនក្នុងនោះបេក្ខភាពប្រធានាធិបតីទាំងបីរូបមាន៖ លោកAnies Baswedan អតីតអភិបាលក្រុងហ្សាការតា លោក Prabowo Subianto រដ្ឋមន្ត្រីការពារជាតិ និងលោក Ganjar Pranowo អតីតអភិបាលខេត្ត Central Java៕