​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​មី​យ៉ាន់​ម៉ា ​បានឱ្យដឹង​កាលពី​ថ្ងៃ​សៅរ៍ ទី ១០ ខែកុម្ភៈ ឆ្នាំ​ ២០២៤ ​ថា  ​របប​យោធា​របស់​ប្រទេស​មី​យ៉ាន់​ម៉ា បានប្រកាស​កាតព្វកិច្ច​យោធា​សម្រាប់​បុរស និង​ស្ត្រី​ទាំងអស់ ខណៈដែល​ខ្លួន​ព្យាយាម​ទប់ទល់​នឹង​កងកម្លាំង​ឧទ្ទាម​ប្រដាប់អាវុធ​ដែល​កំពុង​ប្រយុទ្ធ​ដើម្បី​ស្វ័យ​ភាព​កាន់តែច្រើន​នៅក្នុង​តំបន់​ផ្សេងៗ​នៃ​ប្រទេស​។​

​បុរស​ទាំងអស់​ដែលមាន​អាយុ​ពី​ ១៨-៣៥ ​ឆ្នាំ និង​ស្ត្រី​ដែលមាន​អាយុ​ចាប់ពី ១៨-២៧ ឆ្នាំ​ត្រូវបំពេញ​កាតព្វកិច្ច​រយៈ​ពេល ២ ​ឆ្នាំ ខណៈដែល​អ្នកឯកទេស​ដូចជា វេជ្ជបណ្ឌិត​ដែលមាន​អាយុ​ដល់​ ៤៥ ​ឆ្នាំ ​ត្រូវ​បម្រើ​យោធា​រយៈ​​ពេល ​៣​ ឆ្នាំ​។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​រដ្ឋ​បាន​និយាយថា កាតព្វកិច្ច​នេះ​អាច​ត្រូវបាន​បន្ត​រហូតដល់ ៥ ​ឆ្នាំ​នៅក្នុង​ស្ថានភាព​អាសន្ន​ដែល​កំពុង​បន្ត​នេះ​។​

​មី​យ៉ាន់​ម៉ា​ត្រូវបាន​គ្រប់គ្រង​ដោយ​ភាពវឹកវរ​ចាប់តាំងពី​យោធា​បាន​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ជាប់ឆ្នោត​ក្នុង​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី ​១ ខែកុម្ភៈ ឆ្នាំ ​២០២១​ មក​នោះ​។ ចាប់តាំងពី​ខែតុលា ឆ្នាំ​ ២០២៤ មក កងទ័ព បាន​ទទួលរង​ការបាត់​បង់កង​កម្លាំង​ជាច្រើន ខណៈពេលដែល​កំពុង​ប្រយុទ្ធ​នឹង​ការវាយលុក​ដោយ​សម្ព័ន្ធ​ភាព​នៃ​ក្រុម​បះបោរ​ជនជាតិភាគតិច​ចំនួន​៣ ក៏ដូចជា​អ្នកតស៊ូ​ផ្នែក​លទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ បាន​ចង​ជា​សម្ព័ន្ធ​កាន់​អាវុធ​ងើប​ប្រឆាំងនឹង​របប​យោធា​ដែល​រង​ការដាក់ទណ្ឌកម្ម​ពី​ប្រទេស​សេរី លើកលែង​មហា​យក្ស​ចិន និង​រុស្ស៊ី​ដែល​នៅ​បន្ត​គាំទ្រ​ដល់​របប​យោធា​មី​យ៉ាន់​ម៉ា​តាមរយៈ​ការផ្តល់​អាវុធ និង​ការសន្យា​ទីផ្សារ​ផ្សេងទៀត​។​


​ស្ថានភាព​បច្ចុប្បន្ននេះ​គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​ដែល​យោធា​បាន​ជួបប្រទះ​ចាប់​តាំង​ពី​ការឡើង​កាន់អំណាច​លើក​ដំបូង​នៅក្នុង​អតីត​អាណានិគម​អង់គ្លេស​ក្នុង​ឆ្នាំ​ ១៩៦២​។​
​អ្នកវិភាគ​បាន​និយាយថា ពួកកងទ័ព​កំពុង​ប្រឈម​ផលវិបាក​ក្នុងការ​ជ្រើសរើស​ទាហាន ហើយ​បានចាប់ផ្តើម​បង្ខំ​ទាហាន​ដែល​មិនទាន់មាន​ជំនាញ​ពេញលេញ​ទៅ​ប្រយុទ្ធ​ជួរមុខ​។​

​អ្នកនាំពាក្យ​របប​យោធា​លោក Zaw Min Tun ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ថា​៖ «​កាតព្វកិច្ច​ការពារ និង​ការពារជាតិ លើសពី​ទាហាន ប៉ុន្តែ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ដូច្នេះ​ខ្ញុំ​ចង់​ប្រាប់​អ្នក​គ្រប់គ្នាឱ្យ​គោរព​ច្បាប់​យោធា​ដោយ​មោទនភាព​»​។​


​ច្បាប់​កាតព្វកិច្ច​មី​យ៉ាន់​ម៉ា​មួយ ​ដែល​បាន​ចុះ​បញ្ចូល​ដាក់ឱ្យ​ប្រើ​ក្នុង​ឆ្នាំ ​២០១០ ប៉ុន្តែ​មិនទាន់បាន​អនុវត្ត​រហូតមកដល់​ពេលនេះ​ទេ បាន​ចែងថា​៖ «​អ្នក​ដែល​មិន​គោរព​តាម​សេចក្តីព្រាងច្បាប់ ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រហូត​​ ៥​ ឆ្នាំ​»៕