​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​សៅរ៍​បាន​បោះពាក្យ​សម្ដី​ថា លោក​អាច​នឹង​លើកទឹកចិត្ត​ឱ្យ​ប្រទេស​រុស្ស៊ី​ធ្វើ​អ្វី​គ្រប់យ៉ាង​តាមតែ​អំពើ​ចិត្ត​ខ្លួន លើ​រដ្ឋ​ជា​សមាជិក​នៃ​អង្គការ​ណា​តូ​មួយ ដែល​ចំណាយ​ប្រាក់​សម្រាប់​វិស័យ​ការពារជាតិ​មិន​គ្រប់គ្រាន់​តាម​គោលការណ៍​។ នេះ​យោងតាម​បណ្ដាញ​ព័ត៌មាន CNN​។​

​លោក ត្រាំ បាន​ថ្លែង​ក្នុងជំនួប​ជាមួយ​អ្នកគាំទ្រ​នៅ​ក្រុង Conway នៃ​រដ្ឋ ការ៉ូ​លី​ណា​ខាងត្បូង យ៉ាង​ដូច្នេះ​ថា​៖«​មុន​ខ្ញុំ​កាន់អំណាច ណា​តូ​បាន​បាក់បែក​គ្នា​នៅឡើយ​។ ខ្ញុំ​បាន​និយាយថា អ្នក​គ្រប់គ្នា​នឹងត្រូវ​ចំណាយ​ប្រាក់​។ ពួកគេ​ក៏​និយាយថា ប្រសិនបើ​យើង​មិន​ចំណាយ​ប្រាក់ តើ​អ្នក​នៅតែ​ការពារ​យើង​ទេ​?​ខ្ញុំ​ក៏​ឆ្លើយតប​ថា ពិតជា​មិនអាច​ទេ​»​។ លោក​បន្តថា​៖«​ពួកគេ​បាន​ភ្ញាក់ផ្អើល​នឹង​ចម្លើយ​របស់ខ្ញុំ​»​។​

​អតីត​ប្រធានាធិបតី​អាមេរិក​ដដែល បាន​អះអាង​ទៀតថា មាន​ពេល​មួយ​មាន​«​ប្រធានាធិបតី​នៃ​ប្រទេស​ដ៏​ធំ​មួយ​» បាន​សួរ​លោក​ថា តើ​សហរដ្ឋ​អាមេរិក​នឹង​នៅតែ​ការពារ​ប្រទេស​គេ​ទេ ប្រសិនបើ​រុស្ស៊ី​ចូល​ឈ្លានពាន ហើយ​ពួកគេ «​មិន​ចំណាយ​ប្រាក់​»?​។​


​លោក ត្រាំ បាន​និយាយ​នូវ​អ្វីដែល​លោក​បាន​តប​ទៅ​ប្រធានាធិបតី​នោះ​ថា​៖«​ទេ ខ្ញុំ​នឹងមិន​ការពារ​អ្នក​ទេ​»​។​

​លោក​បន្តថា​៖«​ជាក់ស្ដែង ខ្ញុំ​អាច​នឹង​លើកទឹកចិត្ត​គេ​ (​សំដៅលើ​រុស្ស៊ី​)​ ឱ្យធ្វើ​អ្វីដែល​គេ​ចង់​ធ្វើ​។ អ្នក​ត្រូវតែ​ចំណាយ​ប្រាក់​។ អ្នក​ត្រូវតែ​បង់ប្រាក់​ដែល​អ្នកឯង​ត្រូវ​បង់​»​។​


​ប្រតិកម្ម​ទៅនឹង​ការណ៍​នេះ សេត​​វិមាន​កាលពី​ថ្ងៃ​សៅរ៍​ដដែល បាន​ហៅ​ការលើកឡើង​របស់លោក ត្រាំ ថា ជា​រឿង​ដែល​គួរឱ្យ​អាម៉ាស់ និង​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​និយាយ​ដូចនេះ​។​

​ផ្ទុយទៅវិញ សេត​វិមាន បាន​លើកសរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន លោក ចូ បៃ​ដិ​ន ក្នុង​ការពង្រឹង​សម្ព័ន្ធភាព​ណា​តូ​។  

​អ្នកនាំពាក្យ​សេត​វិមាន លោក Andrew Bates បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​យ៉ាង​ដូច្នេះ​ថា​៖«​លោក​ប្រធានាធិបតី បៃ​ដិ​ន បាន​ស្ដារ​សម្ព័ន្ធភាព​របស់​យើង​ឡើងវិញ និង​ធ្វើឱ្យ​យើង​កាន់តែ​រឹងមាំ​នៅក្នុង​ពិភពលោក ដោយសារតែ​លោក​ដឹងថា រាល់​ការទទួលខុសត្រូវ​ដំបូង​របស់​មេ​គេ គឺ​ការរក្សា​ប្រជាជន​អាមេរិក​ឱ្យមាន​សុវត្ថិភាព និង​ប្រកាន់ខ្ជាប់​នូវ​តម្លៃ​ដែល​បង្រួបបង្រួម​យើង​»​។​

​សេត​វិមាន​បាន​បន្តថា​៖«​ការលើក​ទឹកចិត្ត​ដល់​ការ​លុកលុយ​របស់​សម្ព័ន្ធ​មិត្ត​ជិតស្និទ្ធ​បំផុត​របស់​យើង​ដោយ​របប​សម្លាប់​គឺ​គួរឱ្យ​ភ័យខ្លាច និង​គ្មាន​ការ​​រំខាន ហើយ​វា​បង្ក​គ្រោះថ្នាក់ ដល់​សន្តិសុខ​ជាតិ​អាមេរិក ស្ថិរភាព​ពិភពលោក និង​សេដ្ឋកិច្ច​របស់​យើង​នៅឯ​ផ្ទះ​»​។​

​គោលការណ៍​ស្នូល​នៃ​អង្គការ​សន្ធិ​សញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (​ណា​តូ​)​ គឺជា​ការសន្យា​នៃ​ការការពារ​ជា​សមូហ​ភាព​ដោយ​ថា ការវាយប្រហារ​លើ​ប្រទេស​សមាជិក​ណាមួយ​នៃ​ណា​តូ គឺជា​ការ​​វាយប្រហារ​លើ​ប្លុក​នេះ​ទាំងមូល​។

​ជា​យូរ​មកហើយ លោក ត្រាំ តែងតែបាន​ត្អូញត្អែរ​អំពី​ចំនួន​ទឹកប្រាក់​ដែល​ប្រទេស​សមាជិក​ផ្សេងទៀត ចំណាយ​លើ​វិស័យ​ការពារជាតិ ធៀប​ទៅនឹង​ការ​ចំណាយ​របស់​សហរដ្ឋ​អាមេរិក​៕