​គណៈកម្មាធិការ​កណ្តាល​រៀបចំ​ការបោះ​ឆ្នោត ​(CEC)​ នៃ​សហព័ន្ធរុស្ស៊ី​បាន​បិទ​​បញ្ចប់​បញ្ជី​ឈ្មោះ​បេក្ខជន​ប្រជែង​យក​តំណែង​កំពូល​របស់​រដ្ឋ​រុស្ស៊ី​ ដែល​កំពុង​ជាប់ផុង​ក្នុង​សង្គ្រាម​ជាមួយ​អ៊ុយ​ក្រែ​ន​ដោយ​គ្មាន​វត្តមាន​អ្នក​រិះគន់​សកម្មភាព​ស​ង្គ្រា​ម​ឡើយ ផ្ទុយទៅវិញ​មានតែ​អ្នក​រណប​នឹង​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ដែល​កំពុង​កាន់អំណាច​សព្វថ្ងៃនេះ​ប៉ុណ្ណោះ ដែល​នឹង​ធានា​ដល់​ការ​កាន់អំណាច​របស់លោក​ពូ​ទីន​ដល់​ឆ្នាំ ​២០៣០​។​

​ការច្រានចោល​បេក្ខភាព​របស់​អ្នកប្រឆាំង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​កើត​មានតែ ​២​ ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​គណៈកម្មាធិការ​ក​ណ្តា​ល​រៀបចំ​ការបោះឆ្នោត បានប្រកាស​បិទ​បញ្ជី​ដែល​ត្រូវបាន​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី​ហៅ​កាត់​ថា TASS​។​

​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ បាន​ក្លាយជា​ប្រធានបទ​នយោបាយ​ដ៏​ក្តៅ​បំផុត​របស់​រុស្ស៊ី​ទាំង​នយោបាយ​ផ្ទៃក្នុង និង​នយោបាយ​អន្តរជាតិ ហើយ​រដ្ឋាភិបាល​រុស្ស៊ី​តែងតែ​ធ្វើទុក្ខបុកម្នេញ​ចំពោះ​ជន​ទាំងឡាយណា​ដែល​ហ៊ាន​ចេញមុខ​រិះគន់​ចំពោះ​ការធ្វើ​សង្គ្រាម​ដែល​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន សម្រេច​កាលពី​ថ្ងៃទី ​២៤ ខែកុម្ភៈ ឆ្នាំ ​២០២២​។​


​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS បាន​រាយ​ការណ៍​កាលពី​ថ្ងៃទី​ ១១ ខែកុម្ភៈ​ថា ការចុះ​ឈ្មោះ​បេក្ខជន​ប្រធានាធិបតី​របស់​ប្រទេស​​រុស្ស៊ី​សម្រាប់​ការបោះឆ្នោត​នៅ​ពាក់កណ្តាល​ខែមីនា​បាន​បិទ​ហើយ ដោយមាន​បញ្ជី​ឈ្មោះ​រួមមាន​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​ឈ្នះ និង​អ្នកនយោបាយ ៣ ​នាក់​ ដែល​គាំទ្រ​សង្គ្រាម​របស់​ទីក្រុង​ម៉ូស្គូ​នៅ​អ៊ុយ​ក្រែ​ន​។​

​បេក្ខភាព​ប្រធានាធិបតី​រុស្ស៊ី ដែល CEC បាន​ចុះឈ្មោះ រួមមាន ទី​១៖ លោក Vladislav Davankov ដែលជា​អនុប្រធាន​នៃ​រដ្ឋ​​សភា (Duma) រុស្ស៊ី និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ប្រជាជន​ថ្មី ទី​២ លោក Leonid Slutsky មេដឹកនាំ​គណបក្ស​​ប្រជាធិបតេយ្យ​សេរី​ជាតិនិយម (LDPR) ដែល​ស្មោះត្រង់ និង​វិមាន​ក្រឹម​ឡាំង និង​ទី​៣ គឺ​លោក Nikolai Kharitonov ដែលជា​អ្នក​តែងតាំង​ដោយ​បក្ស​កុម្មុយនីស្ត​។​


​ដោយឡែក លោក Boris Nadezhdin  ​ដែល​គេ​ដឹងថា​ជា​អ្នក​ចេញមុខ​ប្រឆាំង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ជា​ចំហ ព្រមទាំង​ស្វែងរក​វិធី​បញ្ចប់សង្គ្រាម បែរជា ​CEC បាន​រារាំង​បញ្ជី​ឈ្មោះ​របស់គាត់​កាលពី​ថ្ងៃទី​ ៨ ​ខែកុម្ភៈ​ពី​ការ​ឈរឈ្មោះ​ដោយ​និយាយថា ខ្លួន​បាន​រកឃើញ​គុណវិបត្តិ​នៅក្នុង​ការ​​ប្រមូល​ហត្ថលេខា​ដែល​ត្រូវការ​សម្រាប់​ការគាំទ្រ​បេក្ខភាព​របស់គាត់​។​

​លោក ពូ​ទីន ក្នុង​វ័យ​ ៧១​ ឆ្នាំ​ ដែល​បានជ្រើសរើស​វិធី​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងឱ្យ​អ្នក​ឯករាជ្យ​ជាជាង​បេក្ខជន​តំណាង​គណបក្ស​ណាមួយ ប៉ុន្តែ​ធ្វើជា​អ្នក​រួបរួម​រុស្ស៊ី (United Russia) ដែល​កាន់អំណាច និង​ជា​មេដឹកនាំ​កំពូល​របស់​រុស្ស៊ី​តាំងពី​ឆ្នាំ​ ២០០០ ត្រូវបាន​គេ​ដឹង​មុន​រួចទៅហើយ​ថា លោក​នឹង​ឈ្នះ​ការបោះឆ្នោត​នៅ​ពាក់​កណ្តាលខែ​ខាងមុខ​សម្រាប់​អាណត្តិ​ថ្មី​មាន​រយៈពេល ៦ ឆ្នាំ​។​

​ខណៈពេលដែល​គ្មាន​នរណាម្នាក់​រំពឹងថា លោក Nadezhdin អាយុ​ ៦០​ ឆ្នាំ​ ដែល​បានកំណត់​លក្ខណៈ​សង្គ្រាម​របស់​លោកពូ​ទីន​នៅ​អ៊ុយ​ក្រែ​ន​ថា​ជា «​កំហុស​ធ្ងន់ធ្ងរ​» ទទួលបាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដោយ​ការរិះគន់​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់គាត់​លើ​សង្គ្រាម​។​

​វិមាន​ក្រឹម​ឡាំង​បាន​និយាយថា ខ្លួន​មិន​មើលឃើញថា លោក Nadezhdin ជា​គូប្រជែង​ដ៏​ពិបាក​ទប់ទល់​របស់លោក​ពូ​ទីន​ឡើយ​។ សង្គ្រាម​ដែល​វិមាន​ក្រឹម​ឡាំង​ហៅថា​ជា «​ប្រតិបត្តិការ​យោធា​ពិសេស​»​ ជិត​ដល់​ឆ្នាំ​ទី​២ ​ហើយ​នោះបាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ទាំងសងខាង ជម្លៀស​ប្រជាជន​អ៊ុយ​ក្រែ​ន​រាប់លាន​នាក់​៕