អេហ្ស៊ីបនាពេលនេះបានគំរាមផ្អាកសន្ធិសញ្ញាសន្តិភាពជាមួយអ៊ីស្រាអែល ប្រសិនបើទាហានអ៊ីស្រាអែលបន្តវាយលុកក្រុមហាម៉ាស់ រហូតទៅដល់តំបន់រ៉ាហ្វាហ៍ដែលស្ថិតនៅជាប់ព្រំដែនជាមួយតំបន់ហ្គាហ្សា។
បើតាមមន្ត្រីការទូតរបស់អេហ្ស៊ីបការផ្ទុះសង្គ្រាមឡើងនៅតំបន់រ៉ាហ្វាហ៍នេះនឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ខ្សែច្រវាក់ផ្គត់ផ្គង់ជំនួយមនុស្សធម៌ដោយហេតុថាអង្គការមនុស្សធម៌ជាច្រើនបានប្រើប្រាស់អេហ្ស៊ីបជាច្រកដឹកជំនួយចូលតំបន់ហ្គាហ្សា។
យ៉ាងណាមិញការគំរាមផ្អាកសន្ធិសញ្ញាសន្តិភាព Camp David ដែលជាមូលដ្ឋានគ្រឹះនៃស្ថិរភាពក្នុងតំបន់អស់រយៈពេលជិតកន្លះសតវត្សរ៍មកនេះបានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថាការបញ្ជូនកងទ័ពទៅកាន់ទីក្រុងរ៉ាហ្វាហ៍ គឺជារឿងចាំបាច់ដើម្បីឈ្នះសង្គ្រាមប្រឆាំងនឹងក្រុមឧទ្ទាមហាម៉ាស់។
សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិក គឺអ៊ីស្រាអែល និងអេហ្ស៊ីប អាចនឹងប្រឈមមុខដាក់គ្នាប្រសិនបើអ៊ីស្រាអែលមិនស្ដាប់តាមការព្រមានរបស់អេហ្ស៊ីប។
រីឯស្ថានភាពមនុស្សធម៌នៅតាមតំបន់ព្រំដែនប្រទេសទាំង ២ ក៏នឹងធ្លាក់ចុះកាន់តែអាក្រក់ឡើង ខណៈដែលបច្ចុប្បន្ន១ភាគ៤នៃប្រជាជនភៀសខ្លួនបានប្រឈមនឹងភាពអត់ឃ្លានរួចទៅហើយ។
ជាមួយគ្នានេះដែរស្ថានីយទូរទស្សន៍ Al-Aqsa របស់ក្រុមហាម៉ាស់បានដកស្រង់សម្តីមន្ត្រីម្នាក់របស់ខ្លួនដោយមិនបញ្ចេញឈ្មោះថាការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការវាយលុកផ្នែកណាមួយរបស់ទីក្រុងរ៉ាហ្វានិងក្លាយជាគ្រាប់បែកបំផ្ទុះកិច្ចព្រមព្រៀងទាំងឡាយណាដែលធ្លាប់មានរវាងប្រទេសទាំង ២ ជាពិសេសគឺកិច្ចព្រមព្រៀងបទឈប់បាញ់ដែលកំពុងចរចាសម្របសម្រួលដោយសហរដ្ឋអាមេរិកអេហ្ស៊ីប និងកាតា។
ក្នុងបទសម្ភាសន៍ជាមួយ ABC News ក្នុងសប្តាហ៍នេះលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានស្នើជនស៊ីវិលនៅតំបន់រ៉ាហ្វាហ៍ឱ្យភៀសខ្លួនចេញទៅភាគខាងជើងដោយនិយាយថា នៅទីនោះមានទីតាំងសម្រាប់ស្នាក់នៅបណ្ដោះអាសន្នបាន និងថា អ៊ីស្រាអែលកំពុងបង្កើតផែនការលម្អិត ដើម្បីផ្លាស់ប្តូរទីតាំងរបស់ពួកគេ។
ជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុបប្រមាណ២លាននាក់នៅតំបន់ហ្គាហ្សាបានភៀសខ្លួនទៅកាន់ទីក្រុងរ៉ាហ្វាហ៍ នៃប្រទេសអេហ្ស៊ីប ដើម្បីគេចពីសង្គ្រាមហើយបច្ចុប្បន្នពួកគេកំពុងស្នាក់តាមជំរំនៅជិតព្រំដែនអេហ្ស៊ីប-ហ្គាហ្សា ដែលផ្ដល់ឱ្យដោយអង្គការសហប្រជាជាតិ។
យ៉ាងណាក៏ដោយអេហ្ស៊ីបបានបង្ហាញការព្រួយបារម្ភចំពោះការហូរចូលនៃជនភៀសខ្លួនប៉ាឡេស្ទីនរាប់លាននាក់នឹងក្លាយជាបន្ទុករបស់ខ្លួនប្រសិនបើអ៊ីស្រាអែលមិនអនុញ្ញាតឱ្យពួកគេធ្វើមាតុភូមិនិវត្តន៍នៅពេលដែលសង្គ្រាមឈានដល់ទីបញ្ចប់។
អ៊ីស្រាអែលនិងអេហ្ស៊ីបក៏មិនមែនជាសម្ព័ន្ធមិត្តអ្វីនឹងគ្នាដែរដោយប្រទេសទាំង ២ ធ្លាប់មានសង្គ្រាមជាមួយគ្នាចំនួន ៥ លើកមកហើយប៉ុន្តែក្រោយមកដោយមានអាមេរិកជាអ្នកសម្របសម្រួលប្រទេសទាំង ២ ក៏បានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព កាលពីឆ្នាំ ១៩៧០៕