ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាង​ជើង​ KCNA ​បាន​រាយការណ៍​នៅ​​ថ្ងៃ​ចន្ទ​ នេះ​​ថា​ ​​​កូរ៉េ​ខាង​ជើង ​បាន​​ជោគ​ជ័យក្នុង​ការ​បង្កើត​​ប្រព័ន្ធ​បញ្ជា​អាវុធ​បាញ់​​ផ្លោង​ថ្មី​មួយ ​សម្រាប់​ប្រព័ន្ធ​​​បាញ់​​​រ៉ុក្កែត​ច្រើន​គ្រាប់​ ស្រប​ពេល​ដែល​ប្រ​ទេស​នេះ​បង្កើន​ទំនើប​កម្ម​អាវុធ​របស់​ខ្លួន​ចំ​ពេល​ភាព​តាន​តឹង​​ក្នុង​តំបន់​កើន​ឡើង​។ ​

KCNA ​បាន​រាយការណ៍​ថា​​ បណ្ឌិត្យ​សភា​វិទ្យា​សាស្ត្រ​ការពារ​ជាតិ​​​កូរ៉េខាង​ជើង​ ដែល​គ្រប់​គ្រង​ការ​អភិវឌ្ឍ​មីស៊ីល​របស់​ប្រទេស​នេះ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ធ្វើ​ការ​បាញ់​សាក​ល្បងនូវ​​​ប្រព័ន្ធ​​បាញ់​​​​គ្រាប់​រ៉ុក្កែត​​​ច្រើន​គ្រាប់​ ដែល​អាច​បញ្ជា​បាន​ ​ទំហំ ២៤០​ មិលី្លម៉ែត្រ​ដែល​វា​ជា​ប្រភេទ​ «​ប្រព័ន្ធ​​បញ្ជា​បាញ់​គ្រាប់​ផ្លោង​»។ 

ទីភ្នាក់ងារ​​​ព័ត៌មាន​ដដែល​បន្ត​ថា​ សារៈ​សំខាន់​ជា​យុទ្ធ​សាស្រ្ត​នៃ​ «​ប្រព័ន្ធ​​បញ្ជា​បាញ់​គ្រាប់​ផ្លោង​» នេះ​នឹង​​​ត្រូ​វ​បាន​​វាយ​តម្លៃ​ឡើង​វិញ​​ ហើយ​តួនាទី​របស់​វា​នៅ​ក្នុង​សមរ​ភូមិ​ក៏​នឹង​កើន​ឡើង​ផង​ដែរ​ ដោយ​សារ​តែ​«​ការ​កែ​លម្អ​បច្ចេក​ទេស​យ៉ាង​ឆាប់​រហ័ស​»​។


ក្រោយ​សមិទ្ធ​ផល​ថ្មី​នេះ​ KCNA បាន​ផ្សាយ​ថា​ ​​ការ​អភិវឌ្ឍ​គ្រាប់​ផ្លោង​ និង​ប្រព័ន្ធ​​បញ្ជាបាញ់​​គ្រាប់​ផ្លោង​​នឹង​​​ធ្វើ​​​ឱ្យ​​មាន​​«​ការ​ផ្លាស់​ប្តូរ​គុណភាព​»​​​ក្នុង​​​កង​កម្លាំង​ទទួល​បន្ទុក​ប្រព័ន្ធ​​បាញ់​គ្រាប់​រ៉ុក្កែត​ច្រើន​គ្រាប់រប​ស់​​កង​ទ័ព​កូរ៉េខាង​ជើង​។ ​

ការ​សាក​ល្បង​កាល​ពី​ថ្ងៃ​​អាទិត្យ​ បាន​កើត​ឡើង​ចំ​ពេល​ដែល​​កូរ៉េខាង​ជើង​ បាន​​សាក​ល្បង​​​បាញ់​មីស៊ីល​ ជា​ច្រើន​គ្រាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​ ស្រប​ពេល​ដែល​​ក្រុង​ព្យុងយ៉ាង​ និង​​ក្រុង​ម៉ូស្គូ​ បង្កើន​ទំនាក់​ទំនង​ជាមួយ​គ្នា​ ក្នុង​​ទង្វើ​ដែល​​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​បាន​រិះ​គន់​ថា ជា​មូលហេតុ​ធ្វើ​ឱ្យ​ភាព​តាន​តឹង​កាន់​តែ​កើន​ឡើង​។ ​


យ៉ាង​ណា​មិញ​ កូរ៉េ​ខាង​ជើង​​បា​ន​​ចោទ​ប្រកាន់​​បក​វិញ​ថា​ អាមេរិក​ ​និង​​កូរ៉េ​ខាង​ត្បូង​ ​បាន​​បង្កើន​​ភាព​​តាន​តឹង​​ជាមួយ​​នឹង​​សម​យុទ្ធ​​យោធា​​ទ្រង់​ទ្រាយ​​ធំ​​របស់​​ពួក​គេ​ដែល​នេះ​ជា​ការ​គំរាម​កំហែង​​លើ​ខ្លួន​៕​