ក្រុមហ៊ុន Xiaomi របស់​មហាយក្ស​ចិន កាលពី​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៤ បាន​ជូនដំណឹង​ដល់​រដ្ឋាភិបាល​ក្រុង​ញូវដែលី (New Delhi) ថា ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងបន្លាស់​ស្មា​ត​ហ្វូ​ន​របស់ Xiaomi មានការ​ស្ទាក់ស្ទើរ​ក្នុងការ​បង្កើត​ប្រតិបត្តិការ​របស់​ពួកគេ​នៅក្នុង​ប្រទេស​ឥណ្ឌា ដោយសារតែ​រដ្ឋាភិបាល​ឥណ្ឌា​ បាន​ចុះ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​ទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​​យ៉ាងច្រើន​មួយរយៈ​ពេល​ចុងក្រោយ​នេះ។ នេះ​បើ​យោងតាម​ប្រភព​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​មួយ។

ក្រុមហ៊ុនទូរស័ព្ទ​ចល័ត Xiaomi បាន​ជ្រៀតចូល​ទៅក្នុង​ទីផ្សារ​របស់​ឥណ្ឌា​រហូតដល់​ទៅ ១៨ ភាគេយ នៃ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​សរុប។ ក្រុមហ៊ុន​នេះ​ធ្លាប់​ស្នើសុំ​នៅក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី៦ ខែកុម្ភៈ ទៅកាន់​រដ្ឋាភិបាល​ឥណ្ឌា ឱ្យ​ពិចារណា​ផ្តល់​ការលើកទឹកចិត្ត​ដល់​ការផលិត និង​កាត់​បន្ថយពន្ធ​នាំចូល​សម្រាប់​គ្រឿងបន្លាស់​ស្មា​ត​ហ្វូ​ន​មួយចំនួន។


ក្រុមហ៊ុន​ទូរស័ព្ទដៃរ​បស់​ចិន​មួយ​នេះ បាននិងកំពុង​ផលិត​ទូរស័ព្ទដៃ​ទំនើប​ក្នុងប្រទេស​ឥណ្ឌា ដោយ​ប្រើប្រាស់​គ្រឿងបន្លាស់​ក្នុងស្រុក​ភាគច្រើន ហើយ​ខ្លះ​នាំចូល​ពី​ប្រទេស​ចិន និង​ប្រទេសផ្សេងៗទៀត។ លិខិត​ខាងលើ​របស់​ក្រុមហ៊ុន Xiaomi ដែល​បានដាក់​ជូនទៅ​កាន់​រដ្ឋា​ភិ​បាល​ឥណ្ឌា គឺជា​ការឆ្លើយតប​ទៅនឹង​សំណួរ​របស់​ក្រសួង​ព័ត៌មាន​ឥណ្ឌា ជុំវិញ​ការជំរុញ​វិស័យ​ផលិត​គ្រឿងបន្លាស់​របស់​ឥណ្ឌា​ឱ្យបាន​កាន់តែ​ល្អប្រសើរ។

បន្ទាប់ពី​ការប៉ះទង្គិច​នៅតាម​ព្រំដែន​ក្នុង​ឆ្នាំ ២០២០ ដែល​បណ្តាលឱ្យមាន​អ្នកស្លាប់ និង​របួស​ទាំងសងខាង ឥណ្ឌា​បាន​បង្កើន​ការត្រួតពិនិត្យ​កាន់តែ​លម្អិត​ទៅលើ​អាជីវកម្ម​របស់​ចិន​នៅ​ឥណ្ឌា។ ការណ៍​នេះ​បាន​បង្អាក់​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិនធំៗ ហើយ​នាំឱ្យមាន​ការទាមទារ​ត​វ៉ា​ម្តង​ហើយ​ម្តងទៀត​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។


បើទោះបីជា​ក្រុមហ៊ុន​ចិន​ក្នុងប្រទេស​ឥណ្ឌា​ ស្ទាក់ស្ទើរ​ក្នុងការ​ពិភាក្សា​បញ្ហា​នេះ​ដោយ​បើកចំហ​ក៏ដោយ ក៏​លិខិត​របស់​ក្រុមហ៊ុន Xiaomi បានបង្ហាញ​ពី​បញ្ហា​ប្រឈម​ដែល​ក្រុមហ៊ុន​កំពុង​ជួបប្រទះ​នៅក្នុង​ប្រទេស​ឥណ្ឌា ជាពិសេស​នៅក្នុង​វិស័យ​ស្មា​ត​ហ្វូ​ន ដោយសារតែ​សមាសធាតុតូចសំខាន់ៗជាច្រើន ត្រូវ​នាំចូល​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​ចិន។

ប្រធាន​ក្រុមហ៊ុន ​Xiaomi ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា លោក មូរ៉ា​លី​គ្រី​ស្នាន (Muralikrishnan)​ បាន​​សង្កត់ធ្ងន់ថា ឥណ្ឌា​ត្រូវ​ដាក់ចេញ​វិធាន​ការកសាង​ទំនុកចិត្ត ដូចជា​ការលើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងបន្លាស់​ឱ្យ​បង្កើត​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ឥណ្ឌា​ផ្ទាល់។ លោក​ក៏បាន​លើកឡើង​ពី​ការព្រួយបារម្ភ​ចំពោះ​ក្រុមហ៊ុន​ផ្គត់ផ្គង់ ជាពិសេស​ក្រុមហ៊ុន​ដែល​នៅ​ប្រទេស​ចិន ប៉ុន្តែ​លោក​មិន​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​ណាមួយ​ឱ្យ​ជាក់លាក់​នោះទេ។

ក្នុង​លិខិត​នោះ​ផងដែរ ក៏បាន​លើកឡើង​ពី​កង្វល់​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការអនុលោម​តាមច្បាប់ បញ្ហា​ទិដ្ឋាការ និង​កត្តាផ្សេងៗទៀត​ដោយ​មិន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែ​ម​នោះទេ។ ក្រុមហ៊ុន​បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​ឥណ្ឌា ព្យាយាម​ដោះស្រាយ​កង្វល់​ទាំងអស់នេះ និង​កសាង​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងបន្លាស់​នៅ​បរទេស ដើម្បី​អាច​ជំរុញ​ឱ្យ​ពួកគេ​បង្កើត​រោងចក្រ​ផលិត​នៅក្នុង​ប្រទេស​ឥណ្ឌា​ដោយផ្ទាល់។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន Xiaomi និង​ក្រសួង​ព័ត៌មាន​ឥណ្ឌា​មិនបាន​ឆ្លើយតប​នឹង​ការស្នើសុំ​ផ្ដល់​ការអត្ថាធិប្បាយ​បន្ថែម​នោះទេ។ 

អាជ្ញាធរ​ឥណ្ឌា​ធ្លាប់បាន​ចោទប្រកាន់​ក្រុមហ៊ុន Vivo ពីបទ​រំលោភបំពាន​ទិដ្ឋាការ និង​ការផ្ទេរ​មូលនិធិ​ចេញ​ក្រៅប្រទេស​ចំនួន ១៣ ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ដោយឡែក ប្រទេស​ឥណ្ឌា​បាន​បង្កក​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន Xiaomi ជាង ៦០០ លាន​ដុល្លារ ដោយ​សង្ស័យថា ​ក្រុមហ៊ុន​នេះ​បាន​បញ្ជូន​ប្រាក់​ដោយ​ខុសច្បាប់​ទៅ​ក្រៅប្រទេស ជាការ​ទូទាត់​ថ្លៃ​សួយសារអាករ។ ប៉ុន្តែ ក្រុមហ៊ុន​ចិន​ទាំងពីរ​បាន​បដិសេធថា​ចំពោះ​ការចោទប្រកាន់​របស់​ឥណ្ឌា។

ចាប់តាំងពី​ឆ្នាំ ២០២០ មក ប្រទេស​ឥណ្ឌា ​បាន​បង្កើត​បទ​ប្បញ្ញត្តិ​ត្រួតពិនិត្យ​លើ​ក្រុមហ៊ុន​ចិន​ដូចជា Xiaomi និង Vivo ជាដើម ហើយ​ថែមទាំង​បាន​ហាមឃាត់​កម្មវិធី​ទូរស័ព្ទដៃ​របស់​ចិន​ជាង ៣០០ កម្មវិធី ក្នុងនោះ​ក៏មាន​ TikTok ផងដែរ។

ក្នុង​លិខិត​នោះ ក្រុមហ៊ុន Xiaomi បាន​លើកឡើងថា ប្រសិនបើ​ឥណ្ឌា​ផ្ដល់​ការលើកទឹកចិត្ត​បន្ថែម នោះ​នឹង​អាច​ជំរុញ​ការប្រកួតប្រជែង​ក្នុង​វិស័យ​ផលិតកម្ម​របស់​ឥណ្ឌា​កាន់តែ​ប្រសើរ ជាពិសេស​គឺ​ការទាក់ទាញ​ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​ឱ្យ​បង្កើត​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ឥណ្ឌា​ផ្ទាល់៕