ក្រសួងការបរទេសរ​បស់​ប្រទេស​ឥណ្ឌា​ នៅ​ថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០២៤ បាន​និយាយថា ​ប្រទេស​កាតា​ បាន​ដោះលែង​អតីត​ទាហានជើងទឹក​របស់ខ្លួន​ចំនួន ៨ នាក់​ ដែល​ធ្លាប់បាន​ចាប់ខ្លួន ​និង​កាត់ទោស​ប្រហារជីវិត​ក្រោម​ការចោទប្រកាន់ថា​ពួកគេ​បានធ្វើ​ចារកម្ម​ឱ្យ​ប្រទេស​អ៊ីស្រាអែល។

ក្រសួងការបរទេស​ឥណ្ឌា​ មិនដែល​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ជនជាតិ​ឥណ្ឌា​ទាំង ៨ នាក់ ​ឬ​ឧក្រិដ្ឋជន ​ដែល​ត្រូវបាន​ចោទប្រកាន់​នោះទេ ​ហើយ​កាតា​ ក៏​មិន​បានធ្វើ​អត្ថាធិប្បាយ​លើ​ករណីនេះ​ ហើយក៏​មិនបាន​បង្ហាញ​ការចោទប្រកាន់​ជា​សាធារណៈ​ដែរ។

ក៏ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា​ បាន​រាយការណ៍​ថា​បុរស​ម្នាក់​ក្នុងចំណោម​ពួកគេ​ជា​អតីតមន្ត្រី​ជាន់ខ្ពស់ រួមទាំង​ប្រធាន​ក្រុម​ដែល​ធ្លាប់​បញ្ជា​នាវាចម្បាំង​និង​ធ្លាប់បាន​ចាប់ខ្លួន​នៅ​ទីក្រុង Doha ក្នុង​ខែសីហា​ឆ្នាំ២០២២។


កាលពី​ខែតុលា ​ឆ្នាំ២០២៣ ប្រទេស​ឥណ្ឌា​ បាន​និយាយថា​ខ្លួន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​បន្ទាប់ពី​តុលាការ​កាតា​បាន​កាត់ទោស​ប្រហារជីវិត​ពួកគេ​ប៉ុន្តែ​យ៉ាងណា​ការកាត់ទោស​នោះ​ត្រូវបាន​កាត់បន្ថយ​នៅក្នុង​ខែធ្នូ​ឆ្នាំ​ដដែល​នេះ​វិញ។

មុន​ការចាប់ខ្លួន​បុរស​ទាំង៨នាក់​នេះ​គឺជា​បុគ្គលិក​នៃ​ក្រុមហ៊ុន Al Dahra ដែលជា​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ឈូង​សមុទ្រ​ហើយ​ផ្តល់​ដំណោះស្រាយ​ពេញលេញ ដល់​វិស័យ​អវកាស​សន្តិសុខ​និង​ការពារជាតិ។នេះ​បើ​យោងតាម​ការអះអាង​រប​ស់​គេហទំព័រ​នៃ​ក្រុមហ៊ុន​នេះ។


ក្រោយ​ការចាប់ខ្លួន​កាលពី​ឆ្នាំ២០២៣ កាសែត​ហិណ្ឌូ​ បាន​រាយការណ៍​ថា​បុរស​ទាំងនោះ​កំពុង​ធ្វើ​ចារកម្ម​សម្រាប់ «ប្រទេស​ទី៣» ខណៈពេលដែល​កាសែត Times of India បាន​និយាយថា៖ «របាយការណ៍​ជាច្រើន​បាន​បង្ហាញថា​ពួកគេ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វើ​ចារកម្ម​សម្រាប់​អ៊ីស្រាអែល» ។

យ៉ាងណាក្តី​មកទល់នឹង​ថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០២៤នេះ ទីក្រុង​ញូវដែលី​បាន​និយាយថា​បុរស​ទាំង ៨ នាក់​ នេះ ​ត្រូវបាន​ដោះលែង​មកវិញហើយ។

ក្រសួងការបរទេស​ឥណ្ឌា​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​បាន​លើកឡើងថា៖ «រដ្ឋាភិបាល​ឥណ្ឌា​ស្វាគមន៍​ចំពោះ​ការដោះលែង​ជនជាតិ​ឥណ្ឌា៨នាក់​ដែល​ធ្វើ​ការឱ្យ​ក្រុមហ៊ុន Dahra Global ដែល​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​កាតា» ។

សេចក្តីថ្លែងការណ៍​នេះ​បាន​បន្ថែមថា៖«បុរស ៧ នាក់ ​ក្នុងចំណោម ៨ នាក់​បាន​ត្រឡប់​ទៅ​ប្រទេស​ឥណ្ឌា​ វិញ»។ ភាគី​ឥណ្ឌា​ក៏បាន​អរគុណ​ដល់​អធិរាជរ​បស់​ប្រទេស​កាតា Sheikh Tamim bin Hamad Al Thani សម្រាប់​ការសម្រេចចិត្ត​អនុញ្ញាតឱ្យ​មានការ​ដោះលែង​និង​ត្រឡប់ទៅផ្ទះ​វិញ នៃ​អ្នក​ជាប់ឃុំ​ជនជាតិ​ឥណ្ឌា​នេះ៕