ដូច​ការរំពឹង​ទុក លោក Alexander Stubb ​ដែលបាន​ប្រកាស​ថា ការ​គាំទ្រ​របស់​ហ្វាំង​ឡង់ ​ចំពោះ​ប្រទេសអ៊ុយក្រែន ​គឺ​«គ្មានដែន​កំណត់នោះ» បាន​​​ជាប់ឆ្នោត​​ក្លាយ​ជា​​ប្រធានាធិបតី​ហ្វាំ​ង​ឡង់​នៅ​ថ្ងៃទី១១​ ខែកុម្ភៈ​ ដែល​នឹង​នាំ​ប្រទេសហ្វាំង​ឡង់​ ដែល​មាន​ព្រំដែន​ជាប់​ប្រទេសរុស្ស៊ី​ ដ៏​វែងជាង ១៣០០​ គីឡូម៉ែត្រ​ ​ទៅពឹង​ផ្អែក​លើ​អឺរ៉ុប​ សហរដ្ឋ​អាមេរិក ​អង់គ្លេស​ និង​ប្រទេស​ក្នុងប្លុក​សេរី​ច្រើន​។ 

តាមសេចក្តីរាយការណ៍​របស់​រ៉យទ័រ ការ​ជាប់​ឆ្នោតរបស់​ លោក Alexander Stubb ដែល​ជា​អ្នក​ជំនាញ​​ខ្លាំង​ក្នុងការ​ដឹកនាំ​ក្នុងវិស័យ​ធនាគារ​ ហិរញ្ញវត្ថុ​ គឺ​នៅ​បន្ទាប់ពី​យុទ្ធនាការ​មួយ ​ដែល​បាន​បង្កើតឡើង​នៅលើ​ការសន្យា​ដើម្បី​ទទួលបាន​សមាជិកភាព​ថ្មី​បំផុត​របស់​ប្រទេស​របស់គាត់​ពី​​អង្គការ​ណា​តូ​និង​គាំទ្រ​អ៊ុយ​ក្រែ​ន​នៅក្នុង​សង្គ្រាម​របស់ខ្លួន​ជាមួយ​ប្រទេស​រុស្ស៊ី​ដែលជា​អ្នកជិតខាង​រួមគ្នា។

នៅក្នុង​ការងារ​ថ្មី​ ​​លោក Alexander Stubb នឹង​ដឹកនាំ​គោលនយោបាយ​ការបរទេស​​ថ្មី​របស់​ប្រទេសហ្វាំងឡង់​ដែល​ជាយូរ​មក​ហើយ​​ស្ថិត​នៅ​ជា​អព្យាក្រឹត​​ មិន​ចូលបក្សសម្ព័ន្ធ​ណាមួយ ដោយ​ការ​ងាក​ទៅ​រក​អឺរ៉ុប ឬ​ក៏​ងាកទៅ​រុស្ស៊ី​ឡើយ ហើយ​និង​ការ​ងារ​​សន្តិសុខ​ដ៏​ស្មុគស្មាញ​ស្ថិត​ក្រោម​ការ​​​គំរាម​កំហែង​របស់មហាអំណាច​រុស្ស៊ី។ 


រ៉​យ​ទ័​រ បាន​រាយការណ៍​ថា​ លោក Alexander Stubb មាន​វ័យ ៥៥​ ឆ្នាំ​ ​ធ្លាប់​បាន​និយាយថា ៖​«វា​មាន​សារៈសំខាន់​ខ្លាំងណាស់​ដែល​យើង​នៅ​អឺរ៉ុប ​ត្រូវ​​ថែរក្សា​ការការពារ​ខ្លួន​របស់​យើង»​។ ​លោក​​បាន​និយាយថា​ ខ្លួន​គាត់​​បាន​យល់ស្រប​ជាមួយនឹង​អ្នក​​កាន់​​តំណែង​មុន​​ គឺ​ ​អតី​ត​ប្រធានាធិបតី​​​ Sauli Niinisto ដែល​ខ្នះខ្នែង​នាំ​យក​​​ហ្វាំង​ឡង់​ទៅជ្រក​ក្រោម​ស្លាក​របស់​ណាតូ​ ដោយ​បាន​និយាយថា៖«​យើង​ត្រូវការ​ណា​តូ​អឺរ៉ុប​បន្ថែមទៀត»។

លោក Stubb ត្រូវ​បាន​គេដឹងថា បាន​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​​រយៈពេល​ជាច្រើន​ឆ្នាំ​​ដែល​ធ្វើការ​ជា​អនុប្រធាន​ធនាគារ​វិនិយោគ​អឺរ៉ុប និង​​ជា​នាយ​កនៅ​វិទ្យាស្ថាន​សាកលវិទ្យាល័យ​អឺរ៉ុប​នៅ​ទីក្រុង Florence ។


លោក​បាន​ប្រាប់​រ៉​យ​ទ័​រថា លោក​នឹង​ក្លាយជា «ប្រធានាធិបតី​លោកខាងលិច​ក្នុង​វិធី​ជាច្រើន» ហើយ​ពឹង​ផ្អែកលើ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេសជិតខាង Nordic នៅ​ពេល​​និយាយ​អំពី​ការកំណត់​សម្លេង​នៃ​គោលនយោបាយ​ការបរទេស ហើយ​លោក​បានរំលេចថា៖«គ្មាន​ដែន​កំណត់» ចំពោះ​ការគាំទ្រ​របស់​ហ្វាំ​ង​ឡង់​ចំពោះ​​​អ៊ុយ​ក្រែ​ន​ដែលរងគ្រោះ​ដោយសារ​ការឈ្លាន​ពាន​របស់​រុស្ស៊ី៕