ខណៈពេលដែល​តុលាការ​​ធម្មនុញ្ញ​ថៃ​ទើប​រកឃើញ​កំហុស​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ឆ្ពោះ​ទៅមុខ (Move Forward Party​ MFP) បច្ចុប្បន្ន​ដែល​ប៉ះពាល់​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ​ថៃ មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​ដែលមាន​ប្រវត្តិ​ចេញពី​ក្រុម​​យោធា​ជាន់ខ្ពស់ បាន​ក្រើន​​រំឭក​ឱ្យ​ថ្នាក់ដឹកនាំ​បក្ស​នេះ​ប្រាប់​ទៅ​អ្នកគាំទ្រ​ឱ្យ​ឈប់​និយាយ​អ្វី​ប៉ះពាល់​ព្រះមហាក្សត្រ​។​

​លោក ថា​ណា​ខន វ៉ាង​ប៊ូ​ន​​កុង​ឆា​ណា (Thanakorn Wangboon kongchana)​ អនុប្រធាន​គណបក្ស​រួបរួម​ជាតិ​ថៃ ​(United Thai Nation Party)​ ដែល​បង្កើតឡើង​ដោយ​អតីត​នាយករដ្ឋមន្ត្រី ប្រា​យុ​ធ ចាន់​អូ​ចា  ​បាន​និយាយ​ទៅកាន់​មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ​ថា ពួកគេ​គួរតែ​ប្រកាសប្រាប់​អ្នក​តវ៉ា​ថា ស្ថាប័ន​រាជវង្ស​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ ហើយក៏​មិនមែនជា​ភាគី​ជម្លោះ​ដែរ​។​

​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍ (Bangkok Post) នៅ​ថ្ងៃទី​ ១១ ខែកុម្ភៈ ឆ្នាំ ​២០២៤ បាន​ចុះផ្សាយ​ថា ការលើក​ឡើង​របស់ លោក ថា​ណា​ខន គឺ​សំដៅ​ទៅកាន់​ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ លោក ឆៃ​ថា​វ៉ា​ត់ ធូ​ឡា​ថុ​ន (Chaithawat Tulaton)​ និង​អតីត​ប្រធាន​គណ​បក្ស និង​បច្ចុប្បន្ន​ជា​ប្រធាន​ទីប្រឹក្សា​គណបក្ស លោក ភិ​ថា លីម​ចា​រើ​ន​រ៉ាត់ (Pita Limjaroenrat) ​ផងដែរ​។​


​លោក ថា​ណា​ខន បាន​សង្កត់ធ្ងន់ថា បទល្មើស​ប្រឆាំងនឹង​ស្ថាប័ន​ព្រះមហាក្សត្រ គឺជា​បទ​​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ ហើយ​មិនគួរ​ចាត់​ចូលក្នុង​រឿង​នយោបាយ​ដែល​ត្រូវ​លើកលែងទោស​នោះទេ​។ លោក​បានលើកឡើង​សំដៅ​ទៅកាន់​ហេតុការណ៍​ដែល​បាន​កើតឡើង​ថ្មីៗ​កន្លងទៅនេះ​ដែល​សមាជិក​ក្រុមបាតុករ​បាន​ចុច​ស៊ី​ហ្លេរថយន្ត​របស់​ពួកគេ ខណៈដែល​រថយន្ត​រប​ស់​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​មហា​ចក្រី ស៊ី​រុីន​ថន ​(Maha Chakri Sirindhorn) កំពុងធ្វើដំណើរ​លើផ្លូវ​ល្បឿន​លឿន​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃទី​ ៤ ខែកុម្ភៈ​។​

​លោក ថា​ណា​ខន បាន​លើកឡើងថា​៖ «​លោក ភិ​ថា និង​លោក ឆៃ​ថា​វ៉ា​ត់ គួរតែ​ណែនាំ​ក្រុម​ទាំង​នោះ​កុំ​ឱ្យមាន​ការមិន​គោរព​ស្ថាប័ន​ព្រះមហាក្សត្រ និង​ត្រូវធ្វើ​ការបញ្ចេញមតិ​ផ្នែក​នយោបាយ​ក្នុងន័យ​ស្ថាបនា និង​ក្នុង​ដែន​កំណ​ត់នៃ​ច្បាប់​»​។​


​ដោយសារ​ប្រឈម​ផ្លូវច្បាប់​ច្រើន និង​ស្មុគស្មាញ​របស់​ថ្នាក់​​ដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ​ដ៏​មាន​ប្រជាប្រិយ ដែល​ធ្លាប់​ឈ្នះ​ការបោះឆ្នោត​ច្រើនជាងគេ​កាល​ពី​ខែឧសភា ឆ្នាំមុន ប៉ុន្តែ​បរាជ័យ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ​គណបក្ស​ឆ្ពោះទៅមុខ​ត្រូវបាន​គេ​មើលឃើញថា ប្រឈម​ការ​​រំលាយចោល ដើម្បី​បញ្ចៀស​ហេតុការណ៍​នៃ​ការកែទម្រង់​ណាមួយ ពេល​បក្ស​នេះ​ឈ្នះឆ្នោត​ក្នុង​អនាគត​៕