ទោះបីប្រឈមការថ្កោលទោស និងការទាមទារឱ្យមានបទឈប់បាញ់ជាអន្តរជាតិ អ៊ីស្រាអែលនៅតែបន្តធ្វើសង្គ្រាមចូលក្រុងរ៉ាហ្វាហ៍ (Rafah) ដែលនៅជាប់ព្រំដែនប្រទេសអេហ្ស៊ីប ហើយ ទីក្រុងនេះអាចជាទីក្រុងចុងក្រោយ នៃប្រតិបត្តិការសង្គ្រាមផ្លូវគោកចូលតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស់។
ប្រតិកម្មកើតឡើងចម្រុះចំពោះអ៊ីស្រាអែលក្នុងសង្គ្រាមចុងក្រោយនេះ បន្ទាប់ពីអន្តរជាតិបានដាក់សម្ពាធកាន់តែខ្លាំងលើអ៊ីស្រាអែល ជាពិសេសតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេកាលថ្ងៃទី ២៦ ខែមករា បានសម្រេចឱ្យអ៊ីស្រាអែលបញ្ចៀសសកម្មភាពនាំឱ្យមានឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តដោយកងទ័ពអ៊ីស្រាអែល។
ប្រទេសអេហ្ស៊ីបដែលជាសត្រូវចាស់ និងជូរចត់បំផុតរបស់អ៊ីស្រាអែល បានប្រកាសគំរាមផ្អាកសន្ធិសញ្ញាសន្តិភាពជាមួយអ៊ីស្រាអែល ប្រសិនបើទាហានអ៊ីស្រាអែលបន្តវាយលុកក្រុមហាម៉ាស់ចូលដល់ក្រុងរ៉ាហ្វាហ៍ជាប់ព្រំដែនខ្លួននោះ។ អេហ្ស៊ីបដែលរក្សាភាពស្ងប់ស្ងាត់មិនប្រតិកម្មចំពោះសង្គ្រាមក្នុងនាមទ្វេភាគី ប៉ុន្តែក្នុងនាមតំបន់ អេហ្ស៊ីបពិតជាបានចូលរួមជាមួយក្លឹបប្រទេសអារ៉ាប់ទាំង ២២ ក្នុងការអំពាវនាវឱ្យអ៊ីស្រាអែលបញ្ចប់សង្គ្រាម។
ក្រោយការវាយចូលទីក្រុងរ៉ាហ្វាហ៍ ដែលអាចជាទីក្រុងចុងក្រោយក្នុងសង្គ្រាមកម្ទេចក្រុមហាម៉ាស់ អ៊ីស្រាអែលនៅថ្ងៃចន្ទ បានប្រកាសពីការរំដោះបានចំណាប់ខ្មាំង ២ នាក់ ខណៈដែលការបាញ់ផ្លោងកើតមានយ៉ាងខ្លាំង ហើយអង្គការជំនួយមនុស្សធម៌បានមើលឃើញនូវភាពអាសន្នយ៉ាងខ្លាំងនៅទីក្រុងចុងក្រោយនេះ។
ប្រធានអង្គការមនុស្សធម៌គ្រូពេទ្យគ្មានព្រំដែន (Doctors Without Borders) ដែលធ្វើការលើការព្យាបាល លោកស្រី Meinie Nicolai បានសរសេរនៅលើបណ្តាញសង្គម X ថា៖
«គ្មានកន្លែងណាមួយនៅតំបន់ហ្គាហ្សាសុវត្ថិភាពទេ»។
ទាហានអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារចូលហ្គាហ្សាចាប់ពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយចាប់ផ្តើមពីភាគខាងជើង រុញទៅភាគខាងត្បូង ហើយទីក្រុងរ៉ាហ្វាហ៍ និងជាទីក្រុងភៀសខ្លួនចុងក្រោយរបស់ជនស៊ីវិលនៅហ្គាហ្សា។
ប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បែនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) នៅថ្ងៃទី ១១ ខែកុម្ភៈថា អ៊ីស្រាអែលមិនគួរបន្តប្រតិបត្តិការយោធានៅ ទីក្រុងជាប់ព្រំដែន រ៉ាហ្វាហ៍ ដោយគ្មានផែនការដើម្បីធានាសុវត្ថិភាពរបស់ប្រជាជនប្រហែល១លាននាក់ដែលភៀសខ្លួននិងស្នាក់នៅទីនោះទេ។
សេតវិមានបាននិយាយថា ការអំពាវនាវនេះក៏បានផ្តោតទៅលើកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីធានាបានការដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនដោយក្រុមអ៊ិស្លាមនិយម ហាម៉ាស់នៅក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ទៅលើប្រទេសអ៊ីស្រាអែល។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលដែលត្រូវបានដកស្រង់សម្តីពីបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃទី ១០ ខែកុម្ភៈដោយបានទទូចថាប្រតិបត្តិការ «ទីក្រុងរ៉ាហ្វាហ៍» នឹងបន្ត ខណៈពេលដែលផ្តល់នូវការឆ្លងកាត់ប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនស៊ីវិលដូច្នេះពួកគេអាចចាកចេញបាន។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថា ការមិនប្រតិបត្តិការចូលទៅទីក្រុងរ៉ាហ្វាហ៍ និងប្រឈមមុខនឹងកងកម្លាំងហាម៉ាស់ដែលកាន់កាប់ទីក្រុងនោះ នឹងធ្វើឱ្យសង្គ្រាមខាតបង់។
អាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា ដែលត្រូវបានគ្រប់គ្រងដោយក្រុមហាម៉ាស់ បានប៉ាន់ប្រមាណថា ជនជាតិប៉ាឡេស្ទីនជាង ២៨ ០០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់នៅក្នុងតំបន់ ចាប់តាំងពីជម្លោះចាប់ផ្តើម៕