រដ្ឋាភិបាល​នៃ​ប្រទេស​ប៉ូឡូញ ​បារាំង​ និង​អាល្លឺម៉ង់​ បាន​ប្តេជ្ញា​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ នឹង​ធ្វើ​ឱ្យ​អឺរ៉ុប​ក្លាយ​ជា​មហា​អំណាច​​ផ្នែក​សន្តិសុខ​ និង​ការពារ​ជាតិ​​ ​ដោយ​មាន​សមត្ថភាព​កាន់​​ខ្លាំង​​ក្នុង​ការ​គាំទ្រ​អ៊ុយក្រែន​ ក្រោ​យ​​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ​ដូណាល់ ​ត្រាំ ដែល​អាច​នឹង​ត្រឡប់​ទៅ​កាន់​អំណាច​វិញ​នោះ​ ​ចេញ​វោហារសាស្រ្ត​លើក​ទឹក​ចិត្ត​​ឱ្យ​រុ​ស្ស៊ី​វាយ​ប្រហារ​ណាតូ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នា​ក់ងា​រ​សារព័ត៌មាន​ AP។ 

​នាយក​រដ្ឋ​មន្ត្រី​ប៉ូឡូញ​ លោក​ ដូណាល់​ ធឺសស្ក៍​ (Donald Tusk) ​ដែល​បាន​ជួប​ជាមួយ​ប្រធានាធិបតី​បា​រាំង​ លោក​ អាម៉ានុយអែល​ ម៉ាក្រុង​ (Emmanuel Macron) នៅ​​ទីក្រុង​ប៉ារីស​ និង​អធិការបតី​អាល្លឺម៉ង់​លោ​ក​ អូឡាហ្វ​ សូលហ្ស៍​ (Olaf Scholz)​ នៅ​ទីក្រុង​ប៊ែរឡាំង​ កាល​ពី​ថ្ងៃ​ចន្ទ​ បាន​និយាយ​ថា​ លោក​ចង់​​ពង្រឹង​ឡើង​វិញ​នូវ​​ទំនាក់​ទំនង​របស់​ប៉ូឡូញ​ជាមួយ​ដៃគូ​អឺរ៉ុប​សំខាន់​ៗ​។​ 

លោក ធឺសស្ក៍​​ បាន​និយាយ​នៅ​ក្នុង​ការ​ជជែក​វែក​ញែក​ឱ្យ​សហភាព​អឺរ៉ុប​ក្លាយ​ជា​ «​មហា​អំណាច​យោធា​» តាម​សិទ្ធិ​របស់​ខ្លួន​ ថា​៖ «​មិន​មាន​ហេតុ​ផល​ណា​មួយ​ ដែល​​យោធា​របស់​យើង​ត្រូវ​ខ្សោយ​ជាង​រុស្ស៊ី​នោះ​​ទេ​ ដូច្នេះ​ហើយ​ការ​បង្កើន​ផលិតកម្ម​ និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​របស់​យើង​ គឺ​ជា​អាទិភាព​ដែល​មិន​អាច​ប្រកែក​បាន​»​។ 


ថ្លែង​​​ជាមួយ​លោក​ ធឺសស្ក៍​ នៅ​ទីក្រុង​ប៊ែរឡាំង​ លោក សូលហ្ស៍​បាន​រិះ​គន់​ការ​អត្ថា​ធិប្បាយ​របស់​លោក​ ត្រាំ​​ ដោយ​មិន​​បញ្ចេញ​ឈ្មោះ​អតីត​ប្រធានាធិបតី​អាមេរិក​រូប​នេះ​។ លោក សូលហ្ស៍​បាន​​និយាយ​ថា​៖ ​​«​​ការ​​សន្យា​​ការពារ​​របស់​​អង្គការ​​ណាតូ​ ​គឺ​គ្មាន​កំណត់​ ពោល​គឺ​ «មួយ​សម្រាប់​គ្រប់​គ្នា​ គ្រប់​គ្នា​សម្រាប់​មួយ​»។ 

លោក​បន្ត​ថា​៖ «​ខ្ញុំ​សូមនិ​យាយ​ឱ្យ​ច្បាស់​សម្រាប់​ហេតុផល​បច្ចុប្បន្ន​៖​ ​​«​​​​ការ​ប្រៀប​ធៀប​គ្នា​លើ​ការ​​​​​ធានា​​កា​​រ​គាំទ្រ​ក្នុង​​ណាតូ​​​​ គឺ​​​គ្មាន​ទំនួល​​ខុស​​ត្រូវ​​ និង​​គ្រោះ​​ថ្នាក់​​ ហើយ​​ជា​​ផល​​ប្រយោជន៍​របស់​រុស្ស៊ី​តែ​ម្នាក់​ឯង​»។


អធិការបតី​ដដែល​បាន​បន្ថែម​ថា​៖ «​គ្មាន​នរណា​ម្នាក់​អាច​លេង​សើច​ ឬ​​ដោះស្រាយ​បញ្ហា​សន្តិសុខ​របស់​អឺរ៉ុប​ទេ»។ 

ចំណែក​ឯ​លោក​ ធឺសស្ក៍​ វិញ ​ក៏​បាន​ជំរុញ​ផង​ដែរ​ ឱ្យ​បណ្តា​ប្រទេស​អឺរ៉ុប​វិនិយោគ​បន្ថែម​ទៀត​នៅ​​ក្នុង​គម្រោង​យោធា​ «​ដើម្បី​សម្រេច​បាន​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ នូវ​​​សមត្ថភាព​ការពារ​ដែន​អាកាស​កាន់​តែ​ខ្លាំង​​ សមត្ថភាព​ផលិត​គ្រាប់​រំសេវ​កាន់​តែ​ច្រើន​​»​។

លោក ​ម៉ាក្រុង​បាន​និយាយ​ជាមួយ​ទន្ទឹម​នឹង​លោក​ ធឺសស្ក៍​ នា​ទីក្រុង​ប៉ារីស​ កាល​ពី​ថ្ងៃ​ចន្ទ​ដដែល​ថា​ ឆន្ទៈ​​របស់​អឺរ៉ុប​ ​ក្នុង​ការ​ផ្គត់​ផ្គង់​បន្ថែម​ និង​បំពេញ​តម្រូវ​ការ​របស់​អ៊ុយក្រែន​ ​មាន​សារៈ​សំខាន់​ បន្ទាប់​ពី​មេដឹក​នាំ​នៃ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំង​ ២៧​ បាន​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ ដើម្បី​ផ្តល់​ឱ្យ​អ៊ុយក្រែន​នូវ​ទឹក​ប្រាក់​ចំនួន​ ៥៤ ប៊ីលាន​ដុល្លារ​ ដើម្បី​ជា​ជំនួយ​សេដ្ឋ​កិច្ច​ ដែល​ខ្ទេច​ខ្ទាំ​ដោយ​សារ​សង្រ្គាម​។ ​

លោក​ ម៉ាក្រុង​  ​បាន​និយាយ​ថា​ នេះ​នឹង​អនុញ្ញាត​ឱ្យ​យើង​បង្កើត​ពី​អឺរ៉ុប​នូវ​អំណាច​សន្តិសុខ​ និង​ការពារ​ជាតិ​ ដែល​បំពេញ​បន្ថែម​ដល់​អង្គការ​ណាតូ ​និង​ជា​សសរ​ស្តម្ភ​នៃ​សម្ព័ន្ធភាព​របស់​ប្លុក​​។ 

ការ​ជំរុញ​ផ្នែក​ការ​ទូត​នេះ​ ធ្វើ​ឡើង​​បន្ទាប់​ពី​លោក​ ត្រាំ​ ​ដែល​ត្រៀម​ខ្លួន​ ដើម្បី​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិ​កជា​ថ្មី​ក្នុង​ឆ្នាំ​នេះ​ បាន​​បោះ​សម្ដី​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ថា​ លោក​អាច​នឹង​ជំរុញ​ឱ្យ​រុស្ស៊ី​​​វាយ​ប្រហារ​រដ្ឋ​សមាជិក​នៃ​ណាតូ​ណា​មួយ​ ប្រសិន​បើ​រដ្ឋ​សមាជិក​នោះ​ចំណាយ​ប្រាក់​វិភាគ​ទាន​លើ​វិស័យ​ការពារ​ជាតិ​មិន​គ្រប់​គ្រាន់​តាម​គោលការណ៍​។ ការ​ថ្លែង​យ៉ាង​ដូច្នេះ​របស់​លោក​ ត្រាំ​ បង្ក​ការ​រិះ​គន់​ខ្លាំង​ៗ​ដោយ​ថា​ វា​គំរាម​កំហែង​ដល់​សន្ដិ​សុខ​ និង​ការ​រួប​រួម​គ្នា​របស់​ណាតូ៕​