ភ្នាក់ងារ​​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​ន័​រវែស​ បាន​​ព្រមាន​កាលពី​ថ្ងៃ​ទី​១២​​​ ខែ​កុម្ភៈ​​ ថា ​ប្រទេស​​រុស្ស៊ី ​កំពុង​ទទួលបាន​អត្ថប្រយោជន៍​នៅក្នុង​សង្គ្រាម​នៅ​​អ៊ុយ​ក្រែ​ន ដោយសារ​ចំនួន​ទាហាន និង​សម្ភារ​កាន់តែច្រើន​ដែល​ផ្គត់ផ្គង់​ដោយ​​ប្រទេស​​ចិន កូរ៉េខាងជើង និង​ប្រទេស​ដទៃទៀត។ យោង​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP។ 

ដោយ​​បង្ហាញ​​របាយការណ៍​វាយ​តម្លៃ​ហានិភ័យ​ប្រចាំឆ្នាំ​របស់ខ្លួន​​រួម​ជាមួយ​នឹង​​ភ្នាក់ងារ​​សន្តិសុខ​ន័​រវែស​ ផ្សេងទៀត ប្រធាន​អង្គភាព​​ចារកម្ម​យោធាលោក Nils Andreas Stensons បាន​និយាយថា ​ទីក្រុង​កៀវ ​នឹងត្រូវ​ការ​ជំនួយ​យោធា​លោក​ខាង​លិច​យ៉ាងណា​ឱ្យ​បាន​ច្រើន​ដើម្បី​​បង្វែរ​​ស្ថានការណ៍។

លោក Stensones បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា៖«​នៅ​ក្នុង​​សង្គ្រាម​​នេះ រុស្ស៊ី​ បច្ចុប្បន្ន​​ស្ថិត​នៅក្នុង​ទីតាំង​ខ្លាំង​ជាង​ឆ្នាំមុន ហើយ​កំពុង​ស្ថិតក្នុង​ដំណើរការ​ទទួល​បាន​អត្ថប្រយោជន៍»។


លោក​បាន​និយាយថា៖«រុស្ស៊ី​ អាច​កេណ្ឌ​​កងទ័ព​ច្រើនជាង​អ៊ុយ​ក្រែ​ន ៣ ​ដង» ដែលទីក្រុង​ម៉ូស្គូ​កំពុង​ដោះស្រាយ​​ទណ្ឌកម្ម​ប្រសើរ​ជាង​ការរំពឹងទុក ហើយ​ឥឡូវនេះ​ឧស្សាហកម្ម​របស់​រុស្ស៊ី​អាច​ផលិត​គ្រាប់បែក យន្តហោះ​ប្រយុទ្ធ យន្តហោះ​គ្មាន​មនុស្ស​បើក និង​កាំជ្រួច​គ្រប់គ្រាន់ ដើម្បី​អនុញ្ញាតឱ្យ​កងទ័ព​របស់​ខ្លួនរក្សា​កិច្ច​ខិតខំ​សង្គ្រាម​របស់​ពួកគេ​ពេញ​​១ឆ្នាំ​​»។ 

លោក​​បាន​និយាយថា ប្រទេស​រុស្ស៊ី ​ក៏​កំពុង​ទទួលបាន​ការគាំទ្រ​ផ្នែក​យោធា​ពី​កូរ៉េខាងជើង អ៊ីរ៉ង់ បេឡា​រុស និង​ចិន​ផងដែរ។ ប្រទេស​ចិន​មិនបាន​ផ្គត់ផ្គង់​អាវុធ​​ទេ ប៉ុន្តែ «ម៉ាស៊ីន យានយន្ត គ្រឿង​អេ​ឡិច​ត្រូ​និ​កនិង​គ្រឿងបន្លាស់» ដែល​​ត្រូវការ​ដោយ​ឧស្សាហកម្ម​អាវុធ​របស់​ទីក្រុង​ម៉ូស្គូ។


លោក Stensons បាន​និយាយថា៖«ជំនួយ​​អាវុធ​​របស់លោក​ខាងលិច​​កាន់តែ​ច្រើន​ថែម​ទៀត​នឹង​ត្រូវការ​សម្រាប់​កងក​ម្លាំ​ង​អ៊ុយ​ក្រែ​ន ដើម្បី​អាច​ការពារ​ខ្លួន និង​​ទទួលបាន​គំនិត​ផ្តួចផ្តើម​ក្នុង​ជម្លោះ​ឡើងវិញ»។ លោក​បាន​គូសបញ្ជាក់​ពី​សំណើ​របស់​ទីក្រុង​កៀវ​សម្រាប់​គ្រាប់បែក អាវុធ​ចម្ងាយ​ឆ្ងាយ ប្រព័ន្ធ​ការពារ​អាកាស រថក្រោះ និង​យន្តហោះ​ចម្បាំង។

ប្រទេស​ន័​រវែស រួម​ជាមួយនឹង​ប្រទេស​ដា​ណឺ​ម៉ាក និង​ហូ​ឡង់ បាន​យល់ព្រម​ផ្តល់​​ឲ្យ​អ៊ុយ​ក្រែ​ន​នូវ​យន្តហោះ​ចម្បាំង F-16 ដែល​ខ្លួន​បានស្នើ​សុំ​ពី​សម្ព័ន្ធមិត្ត​របស់ខ្លួន។

រដ្ឋមន្ត្រី​ការពារជាតិ​ន័​រវែស លោក Bjorn Arild Gram បាន​និយាយថា៖«​ប្រទេស​ន័​រ​វែ​ស និង​អឺរ៉ុប​ត្រូវតែ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ទទួលខុសត្រូវ​បន្ថែមទៀត ដើម្បី​​ធានា​សន្តិសុខ​ផ្ទាល់ខ្លួន និង​សម្ព័ន្ធមិត្ត​របស់​ពួកគេ»។

សហរដ្ឋអាមេរិក​ គឺជា​អ្នកផ្តល់ជំនួយ​ផ្នែក​យោធា​ដ៏​សំខាន់​របស់​ទីក្រុង​កៀវ​ ចាប់​តាំងពី​ការឈ្លានពាន​របស់​រុស្ស៊ី​ ក្នុង​ខែកុម្ភៈ​ឆ្នាំ​២០២២​ ប៉ុន្តែ​​សភា​បាន​បរាជ័យ​ក្នុង​ការ​​អនុម័ត​លើ​ជំនួយ​ថ្មី ហើយ​ការរំពឹងទុក​​របស់លោកដូណាល់ ត្រាំ ត្រឡប់​​មកកាន់​សេត​វិមាន​វិញ បានដាក់​ការទទួលខុសត្រូវ​កាន់​តែ​ខ្លាំង​លើ​អឺរ៉ុប​ក្នុង​ការឈាន​ទៅមុខ​​លើ​ការ​ជួយ​សម្ព័ន្ធ​មិត្ត​អ៊ុយក្រែន៕​