បាតុករ​ថៃ​មួយក្រុម​តូច ​បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​ក្រសួងយុត្តិធម៌​ថៃ នៅ​ថ្ងៃទី១២ខែ​កុ​ម្ផៈ ដើម្បី​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ការដែល​តុលាការ​បានសម្រេច​ថា​នឹង​ដោះលែង​ លោក​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ពី​ពន្ធនាគារ ទាំង​ដែល​លោក​មិនបាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ពោលគឺ​លោក​ស្ថិត​នៅក្រៅ​ពន្ធនាគារ​ចាប់តាំងពី​ពេលដែល​ប៉ូលិស​ប​ញ្ជូ​ល​លោក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេ​ទ្រ​មកម្ល៉េះ។

លោក ភិ​ឈិ​ត ឆៃ​មង្គល (Pichit Chaimongkol) ប្រធាន​បណ្តាញ​និស្សិត និង​ប្រជាជន​ដើម្បី​កំណែទម្រង់​ប្រទេស​ថៃ បាន​ស្រែក​ប្រកាស​ដើម្បីឱ្យ​ក្រុមបាតុករ​ស្រែក​ហ៊ោ​តាម​ក្រោយ​ថា «ថាក់ស៊ីន គ្រាន់តែ​ជា​អ្នកទោស​ម្នាក់​ប៉ុណ្ណោះ»។

យ៉ាងណាក៏ដោយ គេ​សង្កេតឃើញថា មានតែ​បាតុករ​មួយក្រុម​តូច​ប៉ុណ្ណោះ ហើយ​មាន​បាតុករ​ពីរ​បីនាក់​នៅ​ទីនោះ កំពុង​គ្រវីទង់ជាតិ​ថៃ។


ប៉ុន្តែ លោក ភិ​ឈិ​ត បាន​រំពឹងថា​ចំនួន​បាតុករ​នឹង​កើនឡើង​បន្ថែមទៀត ដោយសារតែ​មនុស្ស​កាន់​តែ​ច្រើន​យល់ឃើញ​ដូចគ្នា​ថា វា​មិន​សម​ហេតុផល​នោះទេ​ដែល​តុលាការ​មាន​ចំណាត់ការ​លើ​លោក​ថាក់ស៊ីន ខុសពី​អ្នកទោស​ដទៃ។

លោក​បាន​និយាយថា៖«សូម​លោក ថាក់ស៊ីន កុំ​មើលស្រាល​ពួកយើង។ បញ្ហា​នេះ​នឹង​រីក​កាន់តែ​ធំ ដោយសារ​មនុស្ស​ជាច្រើន​បាន​យល់ស្រប​ជាមួយ​គំនិត​របស់​ពួកយើង»។


ការប្រមូល​ផ្តុំគ្នា​បាតុកម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​គេ​បានទទួល​ដំណឹង​ថា ឈ្មោះ​របស់លោក​ថាក់ស៊ីន​អាច​ស្ថិតនៅក្នុង​បញ្ជី​អ្នកទោស​ដែល​ត្រូវ​បានទទួល​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ ហើយ​នាយកដ្ឋាន​ពន្ធនាគារ​បា​ន​ផ្តល់​បញ្ជី​ឈ្មោះ​អ្នកទោស​នេះ ទៅកាន់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក តា​វី សូត​សុង (TaweeSodsong) កាលពី​ថ្ងៃ​ចន្ទ។

លោក ភិ​ឈិ​ត បានប្រកាស​បញ្ជាក់​តាម​រយៈ​ការអាន​ខ្លឹមសារ​នៅក្នុង​លិខិត​មួយ​ ដែល​បានបង្ហាញ​ពី​ការតស៊ូ​មតិ​ជំរុញឱ្យមាន​ចំណាត់ការ​លើ​អ្នកទោស​គ្រប់រូប​ដោយ​យុត្តិធម៌ ជាពិសេស​អ្នក​ដែលមាន​តួនាទី​នៅក្នុង​ប្រព័ន្ធយុត្តិធម៌។

លោក​បាន​ថ្លែងថា៖ «លោក ថាក់ស៊ីន គឺ​មិនដែល​បាន​ជាប់ពន្ធនាគារ​នោះទេ ហើយ​លោក​នឹង​ទទួលបាន​ការលើកលែង​ទោស​ជាពិសេស»។ លោក​បាន​បន្តថា ៖ «ក្រុមមន្ត្រី​ដែល​ធ្វើការ​លើ​រឿងនេះ​បាន​ឃុបឃិត​គ្នា​ធ្វើ​រឿងនេះ»។

លោក​ថាក់ស៊ីន​បាន​ស្នាក់នៅ​ជាន់​ទី១៤នៃ​មន្ទីរពេទ្យ​ប៉ូលិស​ខេត្ត​មួយ ដោយ​គេ​សន្ម​ត់​ថា លោក​បានទទួល​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់ ដោយសារតែ​លោក​មាន​ជំងឺ​ធ្ងន់ធ្ងរ។ លោក​ត្រូវបាន​គេ​បញ្ជូនទៅ​​មន្ទីរពេទ្យ​នៅឯ​ពន្ធនាគារ នៅ​មួយថ្ងៃ​បន្ទាប់ពី​លោក​បាន​ត្រលប់​ចូល​ប្រទេស​ថៃ​ កាលពី​ខែសីហា ឆ្នាំ២០២៣ ក្រោយពី​បាន​រត់គេចខ្លួន​អស់​រយៈពេល ១៥ ឆ្នាំ​នៅ​បរទេស។ 

ការបញ្ជូន​ខ្លួន​របស់លោក​ទៅ​មន្ទីរពេទ្យ​យ៉ាង​រហ័ស​បែបនេះ​បាន​បង្កើតឱ្យមាន​ការងឿងឆ្ងល់ថា​ តើ​លោក​នឹង​អាចអនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​បានដែរ​ឬក៏​យ៉ាងណា។លោក​ត្រូវបាន​តុលាការ​ថៃ កាត់ទោស​កំបាំងមុខ​ពីបទ​រំលោភ​សិទ្ធិអំណាច​ក្នុងអំឡុង​ពេលដែល​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​ថៃ។

ទោះបីជា​ដំណឹង​នៃ​ការដោះលែង​រូបលោក មិនត្រូវ​បានបញ្ជាក់​ច្បាស់​ពី​តុលាការ​ក៏ដោយ ក៏​កូនស្រី​របស់លោក គឺ​លោកស្រី ផែ​ថង​ថា​ន (Paetongtarn) បាន​លើកឡើងថា លោកស្រី​ចង់ឃើញ​លោក​ត្រលប់​ទៅផ្ទះ​វិញឆាប់។

​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក តា​វី ​បាន​ទៅ​ទស្សនកិច្ច​នៅ​ខេត្ត​ជាប់​ព្រំដែន​ភាគខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ហើយ​ត្រូវបាន​ក្រុមអ្នកតវ៉ា​ចោទប្រកាន់ថា លោក​បាន​មាន​ចេតនា​គេច​ពី​ការជួប​ប្រឈមមុខ​ជាមួយ​ពួកគេ៕