ការិយាល័យប្រធានាធិបតីអាហ្វ្រិកខាងត្បូង បាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា ប្រទេសអាហ្វ្រិកខាងត្បូងនឹងបញ្ជូនកងទ័ពចំនួន ២ ៩០០ នាក់ ទៅភាគខាងកើតនៃប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមប្រដាប់អាវុធនៅទីនោះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការដាក់ពង្រាយនេះ ធ្វើឡើងទៅតាមការរួមចំណែករបស់អាហ្វ្រិកខាងត្បូង ក្នុងសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកភាគខាងត្បូង (SADC)។ បើតាមសេចក្ដីថ្លែងការណ៍ ការពង្រាយនេះនឹងធ្វើឡើងរយៈពេល១ឆ្នាំពេញ រហូតទៅដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ ហើយត្រូវចំណាយប្រាក់ផ្គត់ផ្គង់ប្រហែល ១០៦ លានដុល្លារអាមេរិក។
ការដាក់ពង្រាយនេះផងដែរ ធ្វើឡើងបន្ទាប់ពីសមាជិក SADC ទាំង ១៦ ប្រទេស បានអនុម័តបេសកកម្មកងទ័ពទៅភាគខាងកើតរបស់កុងហ្គោ កាលពីខែឧសភា ឆ្នាំមុន ដើម្បីជួយកុងហ្គោ ដោះស្រាយអស្ថិរភាព និងសន្តិសុខ ដែលកាន់តែយ៉ាប់យ៉ឺនទៅៗនៅក្នុងតំបន់ភាគខាងកើត។
ជម្លោះដែលអូសបន្លាយជាច្រើនទសវត្សរ៍នៅភាគខាងកើតប្រទេសកុងហ្គោ រវាងក្រុមប្រដាប់អាវុធជាគូប្រជែងជាច្រើនផ្សេងៗគ្នា ដែលដណ្ដើមទឹកដីគ្រប់គ្រង និងធនធាន បានសម្លាប់មនុស្សរាប់សែននាក់ និងធ្វើឱ្យមនុស្សជាង ៧ លាននាក់ត្រូវផ្លាស់ទីលំនៅ។
កងកម្លាំង SADC ដែលមានអំណាចវាយលុក ដើម្បីគាំទ្រកងទ័ពរបស់កុងហ្គោប្រយុទ្ធនឹងក្រុមប្រដាប់អាវុធ នឹងរួមបញ្ចូលកងទ័ពមកពីប្រទេសម៉ាឡាវី អាហ្វ្រិកខាងត្បូង និងតង់ហ្សានី។
ការដាក់ពង្រាយនាពេលនេះ ធ្វើឡើងនៅពេលដែលកុងហ្គោប្រយុទ្ធជាមួយក្រុមឧទ្ទាម M23 ដឹកនាំដោយក្រុមជនជាតិភាគតិច Tutsi។ ការវាយប្រហាររបស់ក្រុមឧទ្ទាម M23 កំពុងរុលទៅមុខក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយគំរាមកំហែងសន្តិសុខដល់ក្រុង North Kivu ដែលជាទីរួមខេត្ត Goma៕