អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានស្ដីបន្ទោសទៅកាន់សមាជិកនៃអង្គការណាតូផ្សេងទៀត ដែលមិនបានចូលរួមវិភាគទានគ្រប់គ្រាន់សម្រាប់វិស័យការពារជាតិ។ ការណ៍នេះបានធ្វើឱ្យលោក ត្រាំ បើកដៃឱ្យរុស្ស៊ី ហើយថាសហរដ្ឋអាមេរិកនឹងមិនការពារសមាជិកណាដែលមិនបានបង់វិភាគទានគ្រប់គ្រាន់នោះទេ។
លោក ដូណាល់ ត្រាំ ថ្លែងក្នុងយុទ្ធនាការមួយកាលពីសប្តាហ៍កន្លងទៅថា៖«បើសិនជា ប្រទេសណាមួយមិនបានបង់ប្រាក់គ្រប់គ្រាន់សម្រាប់ថ្លៃការពារ យើងនឹងមិនការពារប្រទេសនោះទេ»។
លោកបានបន្តទៀតថា៖«យើងមានតែលើកទឹកចិត្តរុស្ស៊ីឱ្យធ្វើអ្វីក៏បានតាមការចង់បានរបស់គេ ព្រោះវាជាកាតព្វ កិច្ចរបស់សមាជិកនីមួយៗដែលត្រូវតែបង់ថ្លៃការពារ»។
យ៉ាងណាមិញ អ្វីដែលលោក ដូណាល់ ត្រាំ ថ្លែងនេះបានធ្វើឱ្យប្រទេសជាសមាជិកអង្គការណាតូ ខឹងសម្បារយ៉ាងខ្លាំង ដោយហេតុថា វាខុសពីមាត្រាទី៥ ដែលមានចែងនៅក្នុងសន្ធិសញ្ញារបស់អង្គការណាតូ។
នៅក្នុងមាត្រាទី៥នៃសន្ធិសញ្ញារបស់អង្គការណាតូ ការវាយប្រហារលើសមាជិកណាម្នាក់ ស្មើនឹងការវាយប្រហារលើអង្គការទាំងមូល។ ម្លោះហើយក្នុងករណីដែលប្រទេសជាសមាជិកណាមួយរងការវាយប្រហារ សមាជិកផ្សេងទៀតនឹងចាត់វិធានការឆ្លើយតបភ្លាមៗ ដែលក្នុងនោះរួមមានការប្រើប្រាស់កម្លាំងទ័ពផង។
ម្យ៉ាងទៀតសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលឈានចូលដល់រយៈពេល២ឆ្នាំទៅហើយនោះ បានធ្វើឱ្យបណ្ដាប្រទេសនៅអ៊ឺរ៉ុបខាងកើត មានការព្រួយបារម្ភជាខ្លាំង។ បារម្ភថា រុស្សីអាចពង្រីកអំណាចរបស់ខ្លួន ដោយឈ្លានពានប្រទេសផ្សេងទៀត បន្ទាប់ពីអ៊ុយក្រែន។
ទន្ទឹមនឹងនេះ ការចូលជាសមាជិករបស់អង្គការណាតូគឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយសម្រាប់ ប្រទេសទាំងនោះ ដើម្បីទទួលបានការការពារពីប្រទេសជាសមាជិកផ្សេងទៀត ជាពិសេសគឺសហរដ្ឋអាមេរិក តែម្ដង។
ដោយសារជាប្រទេសមហាអំណាចយោធាស្រាប់ មិនមែនជារឿងចម្លែកនោះទេ ដែលសហរដ្ឋអាមេរិកត្រូវបានគេចាត់ទុកថាជាបងធំក្នុងចំណោមសមាជិកអង្គការណាតូ។ ម្លោះហើយ អ្វីដែលលោក ដូណាល់ ត្រាំ និយាយនៅពេលនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់បណ្ដាប្រទេសជាសមាជិកដទៃទៀត។
ក្នុងនាមជាអតីតប្រធានាធិបតីអាមេរិក (២០១៧-២០២១) លោក ដូណាល់ ត្រាំ តែងតែស្ដីបន្ទោសទៅកាន់សមាជិកអង្គការណាតូ។ មានពេលមួយនោះ លោកបានស្ដីបន្ទោសអាល្លឺម៉ង់ ដែលមិនចំណាយប្រាក់គ្រប់គ្រាន់ក្នុងការការពារខ្លួន តែបែរជាពឹងផ្អែកទៅលើទីក្រុងវ៉ាស៊ីនតោនទៅវិញ។
យ៉ាងណាក៏ដោយ អង្គការណាតូមានមូនិធិទុនរួមមួយ ដែលចូលរួមដោយប្រទេសជាសមាជិក ប៉ុន្តែភាគច្រើនមូនិធិនោះបានមកពីកញ្ចប់ថវិកាដែលត្រូវចំណាយលើវិស័យការពារជាតិរបស់សមាជិករៀងៗខ្លួន។ កញ្ចប់ថវិកានោះគឺដើម្បីរក្សាកម្លាំងទ័ព ទិញសព្វាវុធ ដែលអង្គការណាតូក៏មានសិទ្ធិក្នុងការប្រើប្រាស់ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ សមាជិកអង្គការណាតូគ្រប់រូបបានប្ដេជ្ញាក្នុងការចំណាយយ៉ាងហោចណាស់ ២% នៃផលិតផលក្នុងស្រុកសរុប (GDP) ទៅលើវិស័យការពារជាតិ។ ប៉ុន្តែសមាជិកភាគច្រើនបានខកខាន ក្នុងការសម្រេចបានតាមការប្ដេជ្ញានេះ កាលពីឆ្នាំមុន។
អង្គការណាតូត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៩ ក្នុងគោលបំណងធានាសន្តសុខ និងសេរីភាព របស់សមាជិក ពីបញ្ហានយោបាយ និងសង្គ្រាមណាមួយ។អង្គការនេះក៏ជាផ្នែកមួយក្នុងការលើកកម្ពស់ លទ្ធិប្រធាធិបតេយ្យ តាមរយៈការអនុញ្ញាតឱ្យប្រទេសជាសមាជិកពិភាក្សាដោយបើកចំហរ បញ្ចេញមតិ និងសហការគ្នាក្នុងការការពារសន្តិសុខ ដើម្បីបញ្ចៀសនូវជម្លោះណាមួយ។
រហូតមកដល់ពេលនេះ អង្គការណាតូ មានសមាជិកចំនួន ៣១ ប្រទេស ដែលភាគច្រើនជាបណ្ដាប្រទេសនៅ ប៉ែកអឺរ៉ុប បូកបញ្ចូលសហរដ្ឋអាមេរិក និងកាណាដា។ ដើម្បីអាចអនុម័តលើរឿងណាមួយបាន គឺលុះត្រាតែសមាជិកណាតូទាំងអស់យល់ព្រម ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនៅតែជាសមាជិកដែលមានអំណាចយោធាខ្លាំងជាងគេ។
សមាជិកចុងក្រោយបង្អស់របស់អង្គការណាតូ គឺប្រទេសហ្វាំងឡង់ ដែលបានក្លាយជាសមាជិកផ្លូវការ កាលពីខែមេសា ឆ្នាំមុន បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើងនៅក្បែររបងផ្ទះរបស់ខ្លួន។
ក្នុងពេលប្រហាក់ប្រហែលគ្នានោះ ប្រទេសស៊ុយអ៊ែតក៏បានស្នើរសុំចូលជាសមាជិកនៃអង្គការណាតូផងដែរ ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ផ្លូវការណាមួយនៅឡើយ ដោយនៅសល់ប្រទេសហុងគ្រីមួយទៀត ដែលមិនទាន់យល់ស្រប៕