​ក្រោ​យ​ពីសម្ព័ន្ធ​មិត្ត​អ៊ីស្រាអែល​​​ដូច​ជា​សហរដ្ឋ​អាមេរិក​ជាដើមប្រតិកម្ម​ការ​វាយ​ប្រហារ​ចូល​​​ក្រុង​រ៉ាហ្វាហ៍(Rafah) ដែល​មាន​ប្រជាជន​ភៀសសឹក​​យ៉ាង​ហោច​១លាន​នាក់​ ប្រទេស​ចិន​ នៅ​ថ្ងៃ​ទី១៣​ខែកុម្ភៈ បាន​ជំរុញ​​អ៊ីស្រាអែល​ឱ្យ​បញ្ឈប់​ប្រតិបត្តិការ​យោធា​របស់ខ្លួន​ចូលក្រុងរ៉ាហ្វាហ៍ ឱ្យបាន​​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ដោយបាន​ព្រមាន​អំពី គ្រោះមហន្តរាយ​មនុស្សធម៌​​ដ៏​ធ្ងន់ធ្ងរ នៅ​ទីនោះ ប្រសិនបើ​ការប្រយុទ្ធ​គ្នា​មិន​ឈប់។

អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "ប្រទេស​ចិន​តាមដាន​យ៉ាង​ដិតដល់​នូវ​ការវិវត្ត​នៅក្នុង​តំបន់ Rafah ប្រឆាំង និង​ថ្កោលទោស​សកម្មភាព​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល និង​បំពាន​ច្បាប់​អន្តរជាតិ" ។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ​បាន​ផ្សាយ​ថា ​រដ្ឋាភិបាល​ចិន​​​បាន​ជំរុញ​អ៊ីស្រាអែល​ឱ្យ «បញ្ឈប់​ប្រតិបត្តិការ​យោធា​របស់ខ្លួន​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន (និង) ខិតខំ​ប្រឹង​ប្រែង​​ដើម្បី​ជៀសវាង​ការស្លាប់ និង​របួស​របស់​ជន​ស៊ីវិល​ស្លូតត្រង់ ដើម្បី​ការពារ​គ្រោះមហន្តរាយ​មនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ​បន្ថែមទៀត​នៅក្នុង​តំបន់​រ៉ាហ្វាហ៍»។


រដ្ឋាភិបាល​អ៊ីស្រាអែល​​កំពុង​ប្រឈមមុខ​នឹង​សម្ពាធ​កាន់តែខ្លាំង​ឡើង​ពី​អន្តរជាតិ ដើម្បី​យល់ព្រម​លើ​បទ​ឈប់​បាញ់​ជាមួយ​ក្រុម​ហា​ម៉ាស់​ ខណៈដែល​ខ្លួន​រៀបចំ​សម្រាប់​ការ​លុកលុយ​ចូលទៅក្នុង​ទីក្រុងរ៉ាហ្វាហ៍​​នៅ​ភាគខាងត្បូង​ទីក្រុង​​​នៅ​ជាប់​ព្រំដែន​ជាប់​ប្រទេសអេហ្ស៊ីប​។

​ប្រទេសអេហ្ស៊ីប​ក៏បាន​​​ព្រមាន​បញ្ចប់​សន្ធិសញ្ញា​​សន្តិភាព​​ដែល​បាន​សម្រេច​ឡើង​កាល​ពី​​ឆ្នាំ​១៩៧០ បើ​សិន​​អ៊ីស្រាអែល​វាយ​លុក​ចូល​ទៅ​ទីក្រុងរ៉ាហ្វាហ៍​នៅ​ជិត​ព្រំដែន​របស់​ខ្លួន​នោះ។ 


អ៊ីស្រាអែល​បានធ្វើការ​វាយឆ្មក់​មុន​ព្រលឹម​ចូល​ក្រុងរ៉ាហ្វាហ៍​កាលពី​ថ្ងៃទី១២​ខែកុម្ភៈ ដោយ​រំដោះ​​បាន​​ចំណាប់ខ្មាំង​២​នាក់ និង​បានសម្លាប់​មនុស្ស​ប្រហែល១០០​នាក់ បន្ទាប់ពី​បដិសេធ​លក្ខខណ្ឌ​របស់​ក្រុម​ហាម៉ាស់សម្រាប់​បទ​ឈប់​បាញ់​កាលពី​សប្តាហ៍​មុន។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​សាទរ​ប្រតិបត្តិការ​ពេញ​មួយ​យប់​ថា «ល្អឥតខ្ចោះ» ខណៈ​ពេលដែល​ក្រសួងការបរទេស​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយថា​ការស្លាប់​របស់​ប្រជាជ​នហ្គាហ្សា​រាប់​សិប​នាក់​ស្មើនឹង «ការសម្លាប់​រង្គាល»។

​តុលាការ​យុត្តិធម៌​អន្តរជាតិ​​ (ICJ) បាន​ចេញ​សាលក្រម​​កាល​ពី​​​ចុង​ខែ​មករា​ដោយ​​តម្រូវ​ឱ្យ​អ៊ីស្រាអែល​​កុំ​ធ្វើសកម្មភាព​នាំ​ឱ្យ​មានឧក្រិដ្ឋកម្ម​សង្គ្រាម៕