កងទ័ពជើងទឹក​ម៉ិ​ក​ស៊ិ​កជាប់​ព្រំដែន​សហរដ្ឋអាមេរិក បានឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​រឹបអូស​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​​តា​មីន​ជាង ៤០ ​តោន ពី​មន្ទីរ​ពិសោធន៍​គ្រឿងញៀន​មួយកន្លែង​ក្នុង​រដ្ឋ​សូ​ណូ​រ៉ា ដែល​វា​ជាការ​រឹបអូស​ដ៏​ធំ​បំផុត​ក្នុង​អា​ណ​ត្តិ​នៃ​រដ្ឋាភិបាល​បច្ចុប្បន្ន​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន AP​។

​កងទ័ពជើងទឹក​ម៉ិ​ក​ស៊ិ​ក បាន​បញ្ជាក់ថា មន្ទីរពិសោធន៍​នោះ​មាន​ទីតាំងនៅ​ក្រុង Quiriego​​ ដែលជា​ទីប្រជុំជន​ដាច់ស្រយាល​មួយ​ក្នុង​រដ្ឋ​សូ​ណូ​រ៉ា ហើយ​ថា មេ​តំ​ហ្វេ​តា​មីន​ចំនួន ៤១ ៣១០ គីឡូក្រាម ត្រូវបាន​រឹបអូស​ចេញពី​ទីនោះ​។ ចំនួន​នេះ គឺ​ស្មើ​ទៅនឹង​ពាក់កណ្តាល​នៃ​គ្រឿងញៀន​សរុប ដែល​ម៉ិ​ក​ស៊ិ​ក​រឹបអូស​បាន រាប់​ចាប់​តាំងពីដើម​ឆ្នាំនេះ​មក​។  

​ក្រៅពី​មេ​តំ​ហ្វេ​តា​មីន កងទ័ព​​ជើង​ទឹក​ម៉ិ​ក​ស៊ិ​ក បាន​និយាយថា សារធាតុ​គីមី​ផ្សំ​ធ្វើ​មេ​តំ​ហ្វេ​តា​មីន ទម្ងន់ ១២ ៧០៥ ​គីឡូក្រាម​និង​ឧបករណ៍​សម្រាប់​ផលិត​ជាង ២០០ ​ឧបករណ៍ ក៏ត្រូវ​បាន​រកឃើញ​ពី​មន្ទីរពិសោធន៍​ដដែល​ផងដែរ​។ ឧបករណ៍​ដែល​រកឃើញ​នៅ​ទីពិសោធន៍​ទាំង​ប៉ុន្មាន ត្រូវបាន​កម្ទេចចោល​ដោយ​ការ​បំផ្ទុះ​។​


​ការ​រឹបអូស​នេះ កើតចេញពី​ប្រតិបត្តិការ​វាយឆ្មក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​។ កង​ទ័ពជើងទឹក​ម៉ិ​ក​ស៊ិ​កបាន​ស្នើថា  មេ​តំ​ហ្វេ​តា​មីន​ដែល​រឹបអូស​បាន ត្រូវបាន​ជន​ជួញដូរ​ត្រៀម​នាំ​ចេញទៅ​កាន់​អឺរ៉ុប អាស៊ី និង​សហរដ្ឋអាមេរិក​។ យ៉ាងណាមិញ ម៉ិ​ក​ស៊ិ​ក​ផ្ទាល់ ក៏មាន​បញ្ហា​ធំ​ផងដែរ​ជាមួយនឹង​ការប្រើប្រាស់​ថ្នាំញៀន​ក្នុងស្រុក​។​

​កាលពី​ ១ ​ឆ្នាំមុន ទាហាន​ម៉ិ​ក​ស៊ិ​កបាន​រឹបអូស​បាន​គ្រឿង​ញៀន​គ្រាប់​ប្រភេទ Fentanyl ច្រើន ជាង​កន្លះ​លាន​គ្រាប់ ចេញពី​មន្ទីរពិសោធន៍​គ្រឿងញៀន​នៅ​ក្រុង​ Culiacan នៃ​រដ្ឋ ​Sinaloa ដែល​នៅជាប់​នឹង​រដ្ឋ​​សូ​ណូ​រ៉ា​៕