​ក្រុមនិស្សិត និង​សកម្មជន​ឥណ្ឌូនេស៊ី​ ជាច្រើន​កាលពី​ថ្ងៃទី ​១២ ខែកុម្ភៈ ឆ្នាំ​ ២០២៤ បានចេញ​បាតុកម្ម​តវ៉ា​ប្រឆាំងនឹង​ការ​ជ្រៀត​​ជ្រែក​របស់​ប្រធានាធិបតី លោក ចូ​កូ វី​ដូ​ដូ (Joko Widodo)​ នៅក្នុង​ការបោះឆ្នោត​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ​១៤ ខែកុម្ភៈ​នេះ​ដើម្បី​គាំទ្រ លោក ប្រា​បូ​វ៉ូ ស៊ូ​បៀ​ន​តូ (PrabowoSubianto)​ បេក្ខភាព​ប្រធានាធិបតី ដែលមាន​កូនប្រុស​រប​ស់​ប្រធានាធិបតី​បច្ចុប្បន្ន​ជា​អនុ​ប្រធានាធិបតី​។​

​គិត​មកទល់ពេលនេះ លោក ចូ​កូ វី​ដូ​ដូ​ដែលជា​ប្រធានាធិបតី​​ឥណ្ឌូនេស៊ី​បច្ចុប្បន្ន មិនបាន​បង្ហាញ​ការគាំទ្រ​បេក្ខជន​ណា​ម្នាក់​ក្នុងចំណោម​បេក្ខភាព​ទាំង ៣​ រូប​ដែល​មានបំណង​ចង់​បន្ត​តំណែង​របស់លោក​នោះទេ​។​

​យ៉ាងណាក៏ដោយ លោក​ត្រូវបាន​គេ​មើលឃើញថា​ហាក់​កំពុងមាន​ភាពជិតស្និទ្ធ​ជាមួយ​លោក ប្រា​បូ​វ៉ូ និង​កូនប្រុស​ច្បង​របស់លោក ដែល​កំពុង​ឈរឈ្មោះ​ជា​អនុ​ប្រធានាធិបតី​។​
​កាលពី​សប្តាហ៍​មុន ការ​ស្ទង់​មតិ​ចំនួន​ ២ ​បាន​បង្ហាញថា លោក ប្រា​បូ​វ៉ូ អាច​ទទួលបាន​សំឡេងគាំទ្រ​ ៥០%​ នៃ​សន្លឹកឆ្នោត​សរុប​។ ដោយឡែក សំឡេងគាំទ្រ​គូប្រជែង​វិញ គឺ​លោក អា​នី​ស បា​ស្វេ​ដាន​ (Anies Baswedan)​ និង​លោក ហ្កា​ន​ចា ប្រា​ណូ​វ៉ូ ​(Ganjar Pranowo)​ មាន​ត្រឹមតែ ២៧% និង​ ៣១% ប៉ុណ្ណោះ​។​


​អ្នកបោះឆ្នោត​មួយចំនួន​មានការ​ព្រួយបារម្ភ​ថា ភាពលម្អៀង​របស់លោក ចូ​កូ វី​ដូ​ដូ កំពុង​ធ្វើឱ្យប៉ះពាល់​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ដោយ​សារ​តែ​លោក​បង្ហាញ​ការ​ពេញ​​ចិត្ត​លើ​បេក្ខជន​តែ​ម្នាក់ ដែល​អយុត្តិធម៌​ចំពោះ​បេក្ខជន​ដទៃ​។​

​និស្សិត​នៅ​ទីក្រុង​យ៉ូ​យ៉ា​កាតា ​(Yogyakarta)​ ស្ថិតនៅ​កោះ​​ជ្វា (Java) ​បាន​ប្រមូល​ផ្តុំគ្នា ដោយ​អ្នកខ្លះ​កាន់​ឧបករណ៍​ធ្វើ​ពី​ឫស្សី និង​អ្នកខ្លះ​កាន់​ផ្ទាំង​​រូបភាព​អំពាវនាវ​រក​យុត្តិធម៌​ប្រឆាំងនឹង​លោក ចូ​កូ វី​ដូ​ដូ និង​សហការី​របស់លោក​។ អ្នក​តវ៉ា​ម្នា​ក់បាន​និយាយថា ៖ «​លោក ចូ​កូ វី​ដូ​ដូ​ធ្លាប់​ត្រូវបាន​គេ​ហៅថា​ជា​ឥស្សរជន​នៃ​ក្តីសង្ឃឹម ប៉ុន្តែ​ឥឡូវនេះ​យើង​មើលឃើញថា លោក​គឺជា​គ្រោះមហន្តរាយ​»​។​


​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ក្នុង​ទីក្រុង​ហ្សា​ការ​តា (Jakarta) ក៏​កំពុង​រៀបចំ​ការតវ៉ា​មួយ​ផ្សេងទៀត​ផងដែរ​។ រីឯ​ការិយាល័យ​ប្រធានាធិបតី បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់ថា​លោក ចូ​កូ វី​ដូ​ដូ បាន​ជ្រៀតជ្រែក​រឿង​នយោបាយ​បោះឆ្នោត​។​

​បាតុកម្ម​តវ៉ា​នេះ​កើតឡើង​បន្ទាប់ពី​វីដេអូ​ឯកសារ​របស់​អ្នក​កាសែត​ស៊ើបអង្កេត លោក ដេ​ន​ឌី ឡាក់​សូ​ណូ ​(Dandy Laksono) បានចេញ​ផ្សាយ​ថា ក្រុមមន្ត្រី​រាជការ រួមទាំង​ប៉ូលិស និង​ក្រុម​មេដឹកនាំ​ប្រចាំ​តំបន់​ផ្សេងៗ​កំពុង​ប្រើប្រាស់​ធនធាន​សាធារណៈ ក្រោមរូបភាព​អនុវត្តន៍​កម្មវិធី​គាំពារ​សង្គម ដើម្បី​គាំទ្រ​លោក ប្រា​បូ​វ៉ូ ក្នុង​យុទ្ធនា​ការបោះឆ្នោត​។​

​ប៉ូលិស​ប្រឆាំង​កុបកម្ម​ប្រមាណ ២៥ ០០០​ នាក់​នឹងត្រូវ​ដាក់ពង្រាយ​នៅ​ទូទាំងប្រទេស ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​ថ្ងៃ​បោះឆ្នោត​៕