​ប្រទេស​អភិវឌ្ឍន៍​សំខាន់ៗ​នៅ​តំបន់​អឺរ៉ុប​បានបង្ហាញ​បំណង​រួបរួមគ្នា​ធ្វើឱ្យ​អឺរ៉ុប​កាន់តែខ្លាំង​ជាង​មុន​នៅ​ចំពោះមុខ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ដែល​ស្ថិតនៅ​តំបន់​អឺរ៉ុប​ខាងកើត ក្រោយ​លោក ដូ​ណា​ល់ ត្រាំ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​ដែល​រំពឹងថា​នឹង​ជាប់ឆ្នោត​ជាថ្មី​នៅក្នុង​ការបោះឆ្នោត​នៅ​ចុងឆ្នាំ​នេះ បាន​មើលស្រាល​ប្រទេស​សមាជិក​អឺរ៉ុប​ដែលជា​សមាជិក​របស់​អង្គការ​ណា​តូ​មិនបាន​បង់​វិភាគទាន​គ្រប់គ្រាន់​។​

​រដ្ឋាភិបាល​បារាំង និង​អាល្លឺម៉ង់ ដែល​ស្ថិតនៅ​អឺរ៉ុប​ខាងលិច និងរដ្ឋាភិបាល​នៃ​ប្រទេស​ប៉ូឡូញ ដែល​ស្ថិតនៅ​អឺរ៉ុប​ខាងកើត​ជាប់​ប្រទេស​អ៊ុយ​ក្រែ​ន និង​ដែល​បានផ្តល់​ការគាំទ្រ​យ៉ាង​ច្រើន​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ​ក្នុង​សង្គ្រាម​ទប់ទល់​ការ​ឈ្លា​ន​​ពាន​របស់​រុស្ស៊ី បាន​ប្តេជ្ញា​រួមគ្នា​កាលពី​ថ្ងៃ​ចន្ទ​ថា នឹង​ធ្វើឱ្យ​អឺរ៉ុប​ក្លាយជា​មហាអំណាច​សន្តិសុខ និង​ការពារជាតិ ដោយមាន​សមត្ថភាព​កាន់តែខ្លាំង​ក្នុងការ​គាំទ្រ​អ៊ុយ​ក្រែ​ន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP​។​

​អតីត​ប្រធានាធិបតី​សហរដ្ឋ​​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ដែល​អាច​ត្រឡប់​ទៅកាន់​អំណាច​វិញ​ដោយសារ​ប្រជាប្រិយភាព​នៃ​ការបញ្ចេញ​វោហារ​ស័ព្ទ​រិះគន់​របៀប​នៃ​ការធ្វើ​សង្គ្រាម​របស់​រដ្ឋ​បាល​លោក ចូ បៃ​ដិ​ន ដោយ​ការបញ្ជូន​អាវុធ​ទៅឱ្យ​អ៊ុយ​ក្រែ​ន ហើយ​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ បាន​និយាយ​លើក​ទឹក​ចិត្ត​ឱ្យ​រុស្ស៊ី​វាយប្រហារ​សមាជិក​ណា​តូ​ដែល​មិនបាន​ផ្តល់​មូលនិធិ​ដល់​អង្គការ​ប្រដាប់អាវុធ​នេះ​។​


​អង្គការ​ប្រដាប់អាវុធ​ណា​តូ​ដែលមាន​សមាជិក​ភាគច្រើន​នៅ​តំបន់​អឺរ៉ុប ហើយ​ប្រទេស​អឺរ៉ុប​ខាងកើត​ដែល​ផ្តាច់ខ្លួន​ចេញពី​រុស្ស៊ី​ក្រោយ​សហភាពសូវៀត​ដួលរលំ បាន​ចូល​ជា​សមាជិក​ថ្មី​ជា​បន្តបន្ទាប់ និង​មិនបាន​បំពេញ​កាតព្វកិច្ច​ក្នុងការ​ចំណាយ​គ្រប់​ចំនួន​លើ​វិស័យ​ការពារជាតិ និង​ការផ្តល់​វិភាគទាន​ទៅណា​តូ​។​

​យោងតាម​គេហទំព័រ​របស់​អង្គការ​ណា​តូ ស្ថាប័ន​ប្រដាប់​​អាវុធ​អន្តរជាតិ​មួយ​នេះ​ទទួល​បាន​ធនធាន​តាមរយៈ​ការរួម​ចំណែក​ដោយផ្ទាល់ និង​ដោយ​ប្រយោល​របស់​សមាជិក​របស់​ខ្លួន​។ មូលនិធិ​រួម​របស់​ណា​តូ​ត្រូវបាន​ផ្សំ​ឡើង​ដោយ​ការរួម​ចំណែក​ដោយផ្ទាល់​ចំពោះ​ថវិកា និង​កម្មវិធី​រួម ដែល​ស្មើនឹង​ត្រឹមតែ ០,៣​ ភាគរយ​(​ប្រហែល​ ៣,៣ ពាន់​លាន​អឺរ៉ូ​សម្រាប់​ឆ្នាំ​២០២៣) នៃ​ការចំណាយ​លើ​វិស័យ​ការ​ពារ​ជាតិ​សរុប របស់​ប្រទេស​ជា​សមាជិក​ណា​តូ​។​


​ចាប់តាំងពី​ឆ្នាំ​ ២០០៦​ មក រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​សមាជិក​អង្គការ​ណា​តូ បាន​ឯកភាព​លើ​ការចំណាយ​ចំពោះ​វិស័យ​ការពារជាតិ ​២​ ភាគរយ​ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប (GDP) ប៉ុន្តែ​ប្រទេស​ជាច្រើន​បាន​បរាជ័យ​ក្នុងការ​-​បំពេញ​កាតព្វកិច្ច​ចំពោះ​អ្វីដែល​បាន​ឯកភាពគ្នា​នោះ ដោយសារ​ផលប៉ះពាល់​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល​ឆ្នាំ​ ២០០៧-២០០៨ ហើយ​រហូតដល់​ឆ្នាំ ​២០១៤ ​បានធ្វើឱ្យ​អតុល្យភាព​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ហើយ​ថែមទាំង​បង្ហាញឱ្យឃើញ​ពី​សមត្ថ​ភាពមិន​ស្មើគ្នា​ក្នុងចំណោម​សម្ព័ន្ធមិត្ត​ណា​តូ​អឺរ៉ុប​។​

​ប្រទេស​បារាំង អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស​ទាំង​ ៣​ ប្រទេស​នេះ​រួមគ្នា បាន​ចំណាយ​ប្រមាណ ៥០ ​ភាគរយ​នៃ​ការចំណាយ​លើ​វិស័យ​ការពារជាតិ​ដោយ​សម្ព័ន្ធមិត្ត​មិនមែន អាមេរិក​។​

​កាល​កាន់អំណាច ក្នុង​ឆ្នាំ​ ២០២០ លោក ដូ​ណា​ល់ ត្រាំ បាន​ជំរុញ​ឱ្យ​ប្រទេស​ដទៃទៀត​នៅក្នុង​សម្ព័ន្ធមិត្ត​ណា​តូ​ដំឡើង​ការចំណាយ​លើ​វិស័យ​ការ​ពារ​ជាតិ​រហូតដល់​ ៤​ ភាគរយ​ធៀប​ផលិតផល​ក្នុងស្រុក​សរុប ប៉ុន្តែ នៅក្នុង​ឆ្នាំ​នោះ​ដដែល មានតែ​ប្រទេស​១០​ប៉ុណ្ណោះ​ក្នុង​សម្ព័ន្ធភាព​ណា​តូ ដោយ​មិន​រាប់បញ្ចូល​សហរដ្ឋអាមេរិក បាន​ចំណាយ​ខ្ពស់ជាង​ទិសដៅ​នៃ​ការចំណាយ​ក្នុង​វិស័យ​ការ​ពារ​ជាតិ​ចំនួន​ ២ ​ភាគរយ​នោះ​។​

​ប្រទេស​បារាំង និង​ន័​រ​វែ​ស​ក៏​ទើប​ចំណាយ​ខ្ពស់ជាង​ទិសដៅ​នោះ​កាល​ឆ្នាំ​ ២០១៩​។ សហរដ្ឋអាមេរិក​ដែលជា​មេ​សម្ព័ន្ធមិត្ត​នេះ​មានការ​ចំណាយ​ខ្ពស់​ជាងគេ​ក្នុង​វិស័យ​ការពារ​ជាតិ​ដែលមាន​រហូតដល់​ជិត​ ៤​ ភាគរយ​។​

​យោងតាម​ណា​តូ ចាប់​តាំង​​ពី​រុស្ស៊ី​បាន​ភ្ជាប់​ឧបទ្វីប​គ្រី​មា​ទៅក្នុង​ប្រទេស​របស់ខ្លួន សម្ព័ន្ធ​មិត្ត​ណា​តូ​អឺរ៉ុប ក៏បាន​ប្រកាស​បម្រុង​ថវិកា​ដែល​រដ្ឋ​សមាជិក​មិនបាន​បំពេញ​កាតព្វកិច្ច​តាម​ការអនុម័ត​នោះ សម្រាប់​ការ​​ចំណាយ​ចាំបាច់​៕