ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​តួកគី​បាន​រាយការណ៍​កាល​ពី​ថ្ងៃទី១៣ ខែកុម្ភៈ​ថា​ ប៉ូលិស​ប្រឆាំង​ភេរវកម្ម​តួក​គី​​ ​​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ថា​ជា​សមាជិក​​ក្រុម​រដ្ឋ​អ៊ិស្លាម​ម្នាក់​ ដែល​កំពុង​ធ្វើ​ការ​នៅ​​​រោងចក្រ​ថាមពល​នុ​យក្លេអ៊ែរ​ នា​​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​នេះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​តួកគី​ Iahls ​បាន​​ផ្សាយ​ថា​ ​ជន​សង្ស័យសមាជិក​​ក្រុម​រដ្ឋ​អ៊ិស្លាម​គឺ​ជា​ជន​​ជាតិ​​រុស្ស៊ី​ ហើយ​បានធ្វើការ​នៅ​រោងចក្រ​នុយក្លេអ៊ែរ​ Akkuyu ដែល​គេ​កំពុង​សាង​សង់​ ក្រោម​ឯកសា​រ​អត្ត​សញ្ញាណ​ក្លែង​ក្លាយ​។​

រោងចក្រ​ថាម​ពល​នុយក្លេអ៊ែរ​​តម្លៃ​ ២០​ពាន់​លាន​ដុល្លារ​ កំពុង​ស្ថិត​នៅ​ក្រោម​ការ​សាង​សង់​នៅ​ឡើយ​ ​ដោយ​ក្រុម​ហ៊ុន​ថាមពល​រដ្ឋ​រុស្ស៊ី​ Rosatom ​ក្នុង​ខេត្ត​ Mersin ​នៅ​លើ​ឆ្នេរ​សមុទ្រ​មេឌីទែរ៉ាណេ​របស់​ប្រទេស​តួកគី​។​ រោង​ចក្រ​នេះ​​​ត្រូវ​បាន​សម្ពោធ​​កាល​ពី​ខែ​មេសា​ ឆ្នាំ​មុន​ ​ហើយ​​​រំពឹង​​ថា​​នឹង​​ចាប់​​​ផ្ដើម​ផលិត​អគ្គិសនី​នៅ​ឆ្នាំ​ក្រោយ​។


ជន​សង្ស័យ​ដែល​អាជ្ញាធរ​តួកគី​បាន​ចាប់​ខ្លួន​ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​តុលាការ​ ហើយ​ធ្វើ​ការ​ឃុំ​​ខ្លួន​​ជា​​បណ្ដោះ​អាសន្ន​ដោយ​​រង់​ចាំ​​ការ​​កាត់​​ទោស​។​ អាជ្ញាធរ​តួកគី​មិន​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​ពី​បុគ្គល​ដដែល​ទេ​។

គេ​មើល​ឃើញ​ថា​ ចំណាត់​ការ​ចាប់​ខ្លួន​ កើត​ឡើង ​ខណៈ​តួកគី​បង្កើន​ការ​ពង្រឹង​សន្តិសុខ​ប្រឆាំង​ភេរកម្ម​។ ​កាល​ពី​ខែ​មុន​ ជន​សកម្ម​ប្រយុទ្ធ​របស់​ក្រុម​រដ្ឋ​អ៊ិស្លាម​​២​នាក់​ រង​ការ​ចោទ​ប្រកាន់​ថា​បាន​បាញ់​សម្លាប់​បុរ​ស​ម្នាក់​ នៅ​វិហារ​គ្រីស្ទ​ Roman Catholic Saint Maria ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​។


​ជាមួយ​គ្នា​នេះ​ ជន​សង្ស័​យ​​រាប់​សិប​​នាក់​ ​ត្រូវ​​បាន​​ឃាត់​ខ្លួន​​ពាក់​ព័ន្ធ​​នឹង​​ការ​​វាយ​​ប្រហារនោះ​ រួម​មាន​ទាំង​​​ខ្មាន់​កាំភ្លើង​​​២​​នាក់​ ​ដែ​ល​រង​ការ​​​ចោទ​ប្រកាន់​​ផង​​ដែរ​​​។

​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​តួកគី​ លោក Ali Yerlikaya​ កាល​ពី​សប្តាហ៍​មុន​ បាន​និយាយ​ថា​ មនុស្ស​ ១៤៧ នាក់​​​ដែល​សង្ស័យ​ថា​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ិស្លាម​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទូទាំង​ប្រទេស​តួកគី​ មក​​ទល់​ពេល​នេះ​៕