ប្រទេស​ឥណ្ឌា ​និង​អារ៉ាប់​រួម​ នៅ​​ថ្ងៃ​​ទី​១៤ ខែកុម្ភៈ​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ស្តី​ពី​ច្រក​របៀ​ង​ពាណិជ្ជកម្ម​ ដែល​មាន​គោល​បំណង​ត​ភ្ជាប់​អឺរ៉ុប​​ជាមួយ​ឥណ្ឌា​​ ដោយ​ប្រើ​ផ្លូវ​តាម​​​មជ្ឈិម​បូព៌ា​​ទាំង​ផ្លូវ​សមុទ្រ​ និង​ផ្លូវ​ដែក​។ នេះ​បើ​តាម​ការ​​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ដែល​ថា​ ផែនការច្រក​​​របៀង​ពាណិជ្ជកម្ម​ឆ្លង​ទ្វីប​នេះ មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក​ និង​អឺរ៉ុប​។ ​

ការ​ប្រកាស​អំពី​កិច្ច​ព្រម​ព្រៀងនៃ​ «​ច្រក​របៀង​សេដ្ឋកិច្ច​ឥណ្ឌា​-​មជ្ឈិម​បូព៌ា»​ ដែល​សម្រេច​ឡើង​​ក្នុង​អំឡុ​ង​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​ ណារិន​ដ្រា មូឌី ទៅ​កាន់​អារ៉ាប់​រួមកាល​ពី​ថ្ងៃ​អង្គារ​​ ត្រូវ​បាន​ចេញ​ផ្សាយ​ក្នុង​​សេចក្តី​ថ្លែងការណ៍របស់​​ក្រសួង​ការ​បរទេស​ឥណ្ឌា​។ 

សេចក្ដីថ្លែងការណ៍ដដែល​​ មិន​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​ច្រើន​នោះ​ទេ​ ប៉ុន្តែ​ថា​៖«​(កិច្ច​ព្រម​ព្រៀង​)នេះ​​នឹង​​ពង្រឹ​ង​លើ​ការ​យល់​ដឹង​ និង​កិច្ច​សហប្រតិបត្តិការ​ពី​មុន​ៗ​លើ​បញ្ហា​នេះ​ ហើយ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឥណ្ឌា ​និង​អារ៉ាប់​រួម​ ក្នុង​ការ​បន្ត​ការ​ត​ភ្ជាប់​ក្នុង​តំប​ន់​»​។


​ច្រក​របៀងពាណិជ្ជកម្ម​ ​ដែល​​ប្រកាស​ឡើង​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​មុន​ នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​ G20 ​នា​ទីក្រុង​ញូវដេលី ​មាន​បំណង​ពង្រីក​ផ្លូវ​ពាណិជ្ជកម្ម​ពី​ប្រទេស​ឥណ្ឌា​ឆ្លង​កាត់​សមុទ្រ​អារ៉ាប់​​ ទៅ​កាន់​អារ៉ាប់​រួម​​ហើ​យ​ចូល​ទៅ​​អារ៉ាប៊ីសាអូឌីត​ មុន​ពេល​ត​ភ្ជាប់​តាម​រយៈ​ហ្សកដានី ​និង​អ៊ីស្រាអែល​ ឆ្ពោះ​ទៅ​កាន់​អឺរ៉ុប​។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ឥណ្ឌា​ មិន​បាន​និយាយ​អំពី​ប្រទេ​ស​ណា​មួយ​ក្រៅ​តែ​ពី​ឥណ្ឌា ​និង​អារ៉ាប់​រួម​ ​ដែល​​បង្កើត​ទំនាក់​ទំនង​ជាមួយ​គ្នា​ជាង​ ១ ​សតវត្សរ៍​​មក​នេះ​ តាម​រយៈ​ពាណិជ្ជកម្ម​ នោះ​ទេ​។ ​ចំណែក​ឯ​ក្រសួង​ការបរទេស​អារ៉ាប់​រួម​ ក៏​មិន​ទាន់​​ចេញ​សេចក្ដី​ថ្លែងការណ៍​យ៉ាង​ណា​ដែរ​ជុំ​វិញ​កិច្ច​ព្រម​ព្រៀង​នេះ​។


លោក​ មូឌី បាន​ជួប​ជាមួយ​ប្រធានាធិបតី​អារ៉ាប់​រួម​ លោក​ ​Sheikh Mohamed bin Zayed al Nahyan ​ដែល​មេ​ដឹក​នាំ​ឥណ្ឌា​ ជា​រឿយ​ៗ​​ចាត់​ទុក​ថា​ដូច​ជា​បងប្អូន​​ប្រុស​។ ​

លោក​ Sheikh Mohamed ​បាន​និយាយ​​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​លោក​ មូឌី​ ថា​៖«​​ឥឡូវ​នេះ​​ តំបន់​របស់​យើង​កំពុង​ឆ្លង​កាត់​ពេល​វេលា​ដ៏​លំបាក​មួយ​ ប៉ុន្តែ​ដោយ​សារ​តែ​ទំនាក់​ទំនង​របស់​យើង​ជាមួយ​អ្នក​ យើង​កំពុង​បង្កើត​ក្តី​សង្ឃឹម​ជា​ច្រើន​ និង​ទន្ទឹង​រង់​ចាំ​អនាគត​ជាមួយ​ប្រទេស​ឥណ្ឌា ​ដែល​ស្មើ​​នឹង​មហិច្ឆតា​របស់​យើង​»​។ ​

គេ​​មើល​ឃើញ​ថា​ កិច្ច​ព្រម​ព្រៀង​ក្រប​ខ័ណ្ឌ​រវាង​ប្រទេស​ឥណ្ឌា ​និង​អារ៉ាប់​រួម​ ​ហាក់​ដូច​ជា​បង្ហាញ​សញ្ញា​ថា​រដ្ឋ​ទាំង​​២​កំពុង​ជំរុញ​ឆ្ពោះ​ទៅ​មុខ​ជាមួយ​នឹង​ផែនការ​បង្កើត​ច្រក​របៀង​ ដែល​អាច​ធ្វើ​ឱ្យ​ខូច​ដល់​យុទ្ធសាស្ត្រ​ខ្សែ​ក្រវ៉ាត់​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ពាណិជ្ជកម្ម​ពិភព​លោក​របស់​ចិន​​។​

ក្រៅ​ពី​ច្រក​របៀង​ពាណិជ្ជកម្ម​ ​​អារ៉ាប់​រួម​ និង​ឥណ្ឌា​​​ក៏​​បាន​ចុះ​ហត្ថលេខាផង​ដែរ​ ​លើ​សន្ធិ​សញ្ញា​វិនិយោគ​ទ្វេ​ភាគី​ និង​ផ្លាស់​ប្តូរ​កិច្ច​ព្រម​ព្រៀង​​សហប្រតិបត្តិការ​ ដែល​គ្រប​ដណ្តប់​លើ​បណ្ដាញ​​អគ្គិសនី​ ពាណិជ្ជកម្ម​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ឌីជីថល​៕