អ្នកកាសែត​ថៃ​ ២ ​​នាក់​​ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ពីបទ​រាយការណ៍​អំពី​សកម្មជន​ម្នាក់​ ដែល​បាន​បាញ់ថ្នាំ​គូស​និមិត្តសញ្ញា​អនាធិបតេយ្យ ដើម្បី​រិះគន់​ច្បាប់​ប្រឆាំង​ការប្រមាថ​ព្រះមហាក្សត្រ នៅលើ​ជញ្ជាំង​ប្រាសាទ​មួយ​នៅ​ទីក្រុង​បាងកក​កាលពី​ជិត​មួយ​ឆ្នាំមុន។ យោងរ៉យទ័រ​ដែល​ស្រង់​ការអះអាង​របស់​​មន្ត្រីប៉ូលិស​និង​មេធាវី​របស់​ពួកគេ។

អ្នកកាសែត​ទីមួយ​មាន​ឈ្មោះថា ណា​តា​ផុល មេ​សុ​ប​ហុន (Nattaphol Meksobhon)​ ដែលជា​អ្នកយកព័ត៌មាន​មកពី​បណ្តាញសារព័ត៌មាន​ឯករាជ្យ​ប្រា​ឆា​ថៃ (Prachatai)។

អ្នកកាសែត​ម្នាក់ទៀត​មាន​ឈ្មោះថា ណា​តា​ផុន ផាន​ផុង​សា​ណុន (Nattaphon Phanphongsanon) ដែល​ជា​អ្នក​ថតរូប​ឯករាជ្យ។ ពួកគេ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ដោយ​រង​ការចោទប្រកាន់​ពីបទ​សមគំនិត​ក្នុងការ​បំផ្លាញ​ទីតាំង​ប្រវត្តិសាស្ត្រ និង​ការបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​នេះ​បើ​យោងតាម​ក្រុម​មេធាវី​ថៃ​ដើម្បី​សិទ្ធិមនុស្ស ដែលជា​តំណាង​របស់​ពួកគេ។


ការចោទប្រកាន់​នេះ​បានធ្វើ​ឡើង បន្ទាប់ពី​អ្នកកាសែត​ទាំងពីរ​បាន​ចុះផ្សាយ​ព័ត៌មាន​របស់​ពួកគេ​កាលពី​ខែមីនា​ឆ្នាំមុន ដោយបាន​រាយការណ៍​អំពី​ការបាញ់​ថ្នាំ​គូស​គំនូរ​របស់​សកម្មជន​សិទ្ធិមនុស្ស ដែលជា​រូបតំណាង​អនាធិបតេយ្យ និង​លេខ១១២ ដែលមាន​គំនូស​ខ្វែង​ពីលើ ស្ថិតនៅលើ​ជញ្ជាំង​ប្រាសាទ​វត្ត​ព្រះពុទ្ធ​អេ​ម៉ឺ​រ៉ា​ល់ (Emerald)ស្ថិតក្នុង​បរិវេណ​ព្រះបរមរាជវាំង​ទីក្រុង​បាងកក។

លេខ ១១២គឺ​សំដៅ​ទៅលើ​ច្បាប់​ប្រឆាំង​ការប្រមាថ​ព្រះមហាក្សត្រ​របស់​ថៃ ដែលជា​ច្បាប់​ការពារ​រាជវង្ស​ពី​ការរិះគន់។ អ្នក​ល្មើ​សនឹង​ច្បាប់​នេះ អាច​ជាប់ពន្ធនាគារ​អតិបរមា​រហូតដល់​ទៅ ១៥ ឆ្នាំ។ ការដាក់ទោស​ដ៏​ធ្ងន់ធ្ងរ​នេះ​ត្រូវបាន​ក្រុម​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​បាន​រិះគន់ថា​ជា​រឿង​ហួសហេតុ។


សកម្មភាព​គូស​គំនូរជីវចល​ត្រូវបាន​គេ​ថត​ជា​វីដេអូ និង​ផ្សព្វផ្សាយ​ពាសពេញ​ផ្ទៃ​ប្រទេស។ និពន្ធ​នាយក​សារព័ត៌មាន Prachatai លោក តេ​វ៉ា​រិត ម៉ា​នី​ឆៃ(Tewarit Maneechai)បាន​មានប្រសាសន៍ថា អ្នកកាសែត​ទាំងពីរ​នាក់​បាន​ចុះ​ទៅយក​ព័ត៌មាន ដោយ​មិន​បានដឹង​ជាមុន​ថា សកម្មជន​រូបនោះ​នឹង​គូស​គំនូរ​លើ​ជញ្ជាំង​ប្រាសាទ​នោះទេ។

លោក តេ​វ៉ា​រិត បាន​និយាយថា "ពួកគេ​គ្រាន់តែ​ធ្វើការ​ងារ​តាម​តួនាទី​វិជ្ជាជីវៈ​របស់​ពួកគេ​ក្នុងនាម​ជា​អ្នកកាសែត​តែប៉ុណ្ណោះ"។លោក​វរសេនីយ៍ទោ ផា​វ៉ាត វ៉ា​តា​ស៊ូ​ផាត (Phawat Wattasupat)​ អគ្គនាយករង​ស្នងការ​ប៉ូលិស​រាជវាំង​បាន​ប្រាប់​ទៅកាន់​សារព័ត៌មាន​រ៉​យ​ទ័​រ​(Reuters)​ថា ប៉ូលិស​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បង្ហាញ​អំពី​ភាពត្រឹមត្រូវ​នៃ​ការចាប់ខ្លួន​នេះ។

លោក តេ​វ៉ា​រិត បាន​និយាយថា សហការី​របស់គាត់​មិនបាន​ដឹង​ពី​ការចោទប្រកាន់​នេះ​ទេ​នៅ​មុនពេល​ចាប់ខ្លួន បើទោះបីជា​ដីកា​បានចេញ​កាលពី​ខែឧសភា​ឆ្នាំមុន​ក៏ដោយ។ លោក​បាន​ថ្លែងថា៖«ការចាប់ខ្លួន​ពួកគេ​បាន​បង្ក​ការភ័យខ្លាច​ដល់​ការផ្សាយ​ព័ត៌មាន​អំពី​ប្រធានបទ​រសើប​ផ្សេងទៀត»។

ដោយឡែក លោកនាយក​រដ្ឋមន្ត្រី សេដ្ឋា ​ថា​វី​ស៊ីន (SretthaThavisin) បានលើកឡើង​កាលពី​ថ្ងៃ​អង្គា​រថា រដ្ឋាភិបាល​មាន​យុត្តិធម៌​ខ្លាំងណាស់​ចំពោះ​សេរីភាព​សារព័ត៌មាន ហើយ​ថា​វា​ជាការ​ទទួលខុសត្រូវរ​បស់​ប៉ូលិស​ក្នុងការ​សម្រេច​ទៅតាម​ភាពជាក់ស្ដែង និង​សមស្រប។

លោក​​ បាន​​បញ្ជាក់ថា៖«អ្វី​ៗគ្រប់យ៉ាង​គឺ​ស្ថិតនៅលើ​ច្បាប់ គ្មាន​ការ​បៀតបៀន​រំលោភបំពាន​អ្វី​នោះទេ»។ ​តុលាការ​បានសម្រេច​ឱ្យ​អ្នកកាសែត​ទាំងពីរ​ស្ថិតនៅ​ក្រៅ​ឃុំ ដោយ​ត្រូវ​បង់ប្រាក់​ធានា​ចំនួន ៣៥០០០ បាត (ស្មើនឹង ៩៨០ ដុល្លារ​សហរដ្ឋអាមេរិក) ​ក្នុង​ម្នាក់ បន្ទាប់ពី​ពួកគេ​បាន​ជាប់ឃុំ​អស់​រយៈពេល​មួយ​យប់៕​