ប្រធានាធិបតី​​អាមេរិក​ លោក ចូ បៃដិន ដែល​មិនសម្រេច​បំណង​​ក្នុងការផ្តល់​ជំនួយ​ដល់​សម្ព័ន្ធ​មិត្ត​អ៊ុយក្រែន​ ដែល​កំពុង​​ជាប់ដៃ​ក្នុង​សង្គ្រាម​ជាមួយ​​មហាអំណាច​រុស្ស៊ី​ បាន​រិះគន់​​លោក​ ដូណាល់ ត្រាំ ដែល​ជា​អតីត​គូប្រជែង​​​​​​តំណែង​កំពូល ​និង​អាច​​ជាគូ​ប្រជែង​ដ៏​មានសក្តានុពល​​ក្នុងតំណែង​ប្រធានាធិបតីដែល​លើក​ទឹកចិត្ត​ឱ្យ​រុស្ស៊ី​វាយ​ប្រហារ​សមាជិក​ណាតូ​ដែល​មិនចំណាយមូលនិធិ​គ្រប់​គ្រាន់​ក្នុងវិស័យ​ការពារជាតិ។​

ថ្លែង​ពី​វិមាន​ប្រធានាធិបតី​នៅថ្ងៃទី​១៣​ កុម្ភៈ ក្រោយ​ព្រឹទ្ធសភា​​អនុម័ត​សេចក្តីព្រាង​ច្បាប់​ផ្តល់​ជំនួយ​ដល់​អ៊ុយក្រែន​ក្រោយ​ជាប់​គាំង​ច្រើន​ខែ លោក ចូ បៃ​ដិន បាន​រិះគន់​លោក​ ដូណាល់ ត្រាំ​ បន្ទាប់ពី​អតីត​ប្រធានាធិបតី​មួយ​អាណត្តិ​បាន​​លើកទឹកចិត្ត​រុស្ស៊ី​ឱ្យ​វាយប្រហារ​សមាជិក​ណា​តូ​ដែល​មិន​បានទទួល​ការប្តេជ្ញាចិត្ត​ផ្នែក​ហិរញ្ញវត្ថុ។

លោក ចូ បៃដិន បាននិយាយ​ដោយសំដៅ​ទៅ​លើ​លោក ដូណាល់ ត្រាំ ដែលត្រូវបាន​ចោទ​ប្រកាន់​​២លើក​ក្នុង១អាណត្តិ​របស់​លោក ចំពោះ​ការ​រំលោភ​អំណាច​សាធារណៈ​ ដោយ​និយាយថា៖​«សម្រាប់​​បុព្វហេតុ​ព្រះ​ជា​ម្ចាស់​ វា​ជា​ភាព​ល្ងង់ខ្លៅ។ វា​គួរឱ្យ​ខ្មាស់អៀន។ វា​មាន​គ្រោះថ្នាក់។ វា​មិនមែនជា​ជនជាតិ​អាមេរិក​ទេ។»


ដោយ​​សំដៅ​លើ​ការ​និយាយ​របស់​លោក​ ត្រាំ ដែល​​មើល​ឃើញ​​ភាព​មិន​ចាំបាច់​ក្នុងការ​ការពារ​សម្ព័ន្ធ​មិត្ត​ណាតូ​នៅតំបន់​អឺរ៉ុប លោ​​ក ចូ បៃដិន បាន​និយាយថា៖​«គ្មាន​ប្រធានាធិបតី​ណា​ផ្សេងទៀត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង ដែល​​​ធ្លាប់​ឱនក្បាល​ដល់​មេដឹកនាំ​ផ្តាច់ការ​រុស្ស៊ី​ទេ»។

ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ដល់​អ៊ុយ​ក្រែ​ន​ត្រូវបាន​​រារាំង​​អស់​ជាច្រើន​ខែ​ដោយសារ​ភាព​ចលាចល​​នៅ​ក្នុង​សភា ទោះបីជា​ទីក្រុង​កៀវ​សុំ​ជំនួយ​ដើម្បី​ទប់ទល់​នឹង​ការកើនឡើង​នៃ​ការវាយប្រហារ​របស់​រុស្ស៊ី​ក៏ដោយ។


កញ្ចប់​ថវិកា​ព្រឹទ្ធសភា​ចំនួន​៩៥​ពាន់​លាន​ដុល្លារ រួមមាន​ការផ្តល់​មូលនិធិ​សម្រាប់​យោធា​របស់​អ៊ីស្រាអែល និង​សម្រាប់​តៃវ៉ាន់ ប៉ុន្តែ​ចំណែក​​ធំ ដែល​មាន​​ចំនួន​៦០​​​​ពាន់​លាន​ដុល្លារ នឹង​ជួយ​អ៊ុយ​ក្រែ​ន​​ឡើងវិញ​នូវ​ការផ្គត់ផ្គង់​គ្រាប់រំសេវ អាវុធ និង​តម្រូវការសំខាន់ៗផ្សេងទៀត៕​