បេក្ខជន​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Prabowo Subianto និង​​​អនុប្រធានាធិបតី លោក Gibran Rakabuming Raka ដែល​ជា​កូនប្រុសច្បង​របស់​ប្រធានាធិបតី​បច្ចុប្បន្ន លោក Joko Widodo​ កំពុង​ឈានទៅរក​ជ័យជំនះ​ ក្នុងការ​បោះឆ្នោត ជាមួយនឹង​​​លទ្ធផល​នាំ​មុខ​ដាច់​ឆ្ងាយ​​លើ​គូប្រជែង​ ដោយ​​ផ្អែកលើ ៦០​ ភាគរយ​នៃ​សន្លឹកឆ្នោត​គំរូ​ ដែល​ត្រូវបាន​រាប់​នៅ​ថ្ងៃទី ១៤ ខែកុម្ភៈ។

​យោង​តាម​ការ​ផ្សាយ​របស់​​ The Straits Times ត្រឹម​ម៉ោង​​ប្រហែល ៥៖៣០ ម៉ោង​នៅ​សិង្ហបុរី (៤៖៣០​ នាទី​ល្ងាចម៉ោង​នៅ​ប្រទេស​​កម្ពុជា​) ទីភ្នាក់ងារ​បោះឆ្នោត Poltracking Indonesia បាន​​រក​ឃើញ​សន្លឹក​ឆ្នោត​គំាទ្រ​បេក្ខជន​ Prabowo-Gibran ចំនួន ​៥៩,៦៨ ភាគរយ​នៃ​សន្លឹកឆ្នោត ដោយ​ផ្អែកលើ ២ភាគ៣​នៃ​សន្លឹកឆ្នោត​គំរូ​ដែល​បាន​រាប់។

អតីត​អភិបាលក្រុង​ហ្សារកាតា លោក Anies Baswedan និង​អ្នកនយោបាយ​ជាន់ខ្ពស់ Muhaimin Iskandar ទទួលបាន​សំឡេងគាំទ្រ ២៣,៣៧ ភាគរយ ខណៈដែល​អតីត​អភិបាលខេត្ត Central Java លោក Ganjar Pranowo និង​អតីតរដ្ឋមន្ត្រី​ច្បាប់ និង​សន្តិសុខ Mahfud MD ទទួលបាន ១៦,៩៤ ភាគរយ។


នៅក្នុង​ការបង្ហាញ​ពី​ទំនុកចិត្ត​លើ​លទ្ធផល​ដំបូង អនុប្រធាន​ក្រុម​យុទ្ធនាការបោះឆ្នោត​របស់​ Prabowo-Gibran លោក Habiburokhman បាន​ប្រាប់​កាសែត The Straits Times ថា «នេះ​គឺជា​ជ័យជម្នះ​របស់​ប្រជាជន​ឥណ្ឌូនេស៊ី។ លទ្ធផល (នៃ​ការរាប់​រហ័ស) គឺ​ខ្ពស់ជាង​លទ្ធផល​នៃ​ការស្ទង់មតិ​មុន​ការបោះឆ្នោត​ប្រធានាធិបតី»។

លោក Habiburokhman ​បាន​បន្ថែមថា៖«នេះ​មានន័យថា​ប្រជាជន​របស់​យើង​ចង់ឃើញ​ការបន្ត​ ចំពោះ​សមិទ្ធិផល​របស់លោក Jokowi រហូតមកដល់​ពេលនេះ ហើយ​ប្រជាជន​របស់​យើង​ជឿថា​លោក Prabowo គឺជា​អ្នក​ដែល​អាចដឹកនាំ​បាន»៕