ការរាប់​សន្លឹកឆ្នោត​បា​ន​ចាប់ផ្តើម​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ កាលពី​ថ្ងៃ​ពុធ​ បន្ទាប់ពី​ការិយាល័យ​បោះឆ្នោត​បាន​បិទ​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ Prabowo Subianto ត្រូវបាន​គេ​មើលឃើញថា ​ជា​អ្នក​នាំមុខ​ក្នុងការ​ប្រជែង​​​រួមមាន​អតីត​អភិបាលក្រុង​ហ្សា​ការ​តា Anies Baswedan និង​អតីត​អភិបាលខេត្ត Central Java លោក Ganjar Pranowo ។

លោក Prabowo Subianto ធ្លាប់​បាន​ចាញ់​ប្រធានាធិបតី Joko Widodo ដែល​គេស្គាល់ថា Jokowi ចំនួន​២​លើក​​នៅក្នុង​ការបោះឆ្នោត​ក្នុង​ឆ្នាំ​ ២០១៤ និង​២០១៩ ប៉ុន្តែ​នៅ​ក្នុង​កា​របោះឆ្នោត​លើក​នេះ ​​បេក្ខជន​ប្រធានាធិបតី​​ Prabowo បានជ្រើសរើស​កូនប្រុស​ច្បង​របស់​ប្រធានាធិបតី​ Joko Widodo​ ដែល​ផុត​អាណត្តិ​គឺ Gibran Rakabuming Raka ជា​បេក្ខជន​អនុប្រធានាធិបតី​​​។

ថ្វីត្បិតតែ​​មានប្រជាប្រិយភាព​ក្នុង​ការ​ដឹកនាំ​ប្រទេស​​ឥណ្ឌូនេស៊ី​​ក្នុង២​អាណត្តិកន្លងមកនេះ ​លោក Jokowi ​ត្រូវបាន​កំណត់​​ឱ្យ​ចុះ​ចេញ​ពីអំណាច​ដែល​កំណត់​ដោយ​រដ្ឋធម្មនុញ្ញត្រឹម​២អាណត្តិ​។ Prabowo និង Gibran កំពុង​ឈរឈ្មោះ​ឱ្យ​គណបក្ស Gerindra ដែលជា​ដៃគូ​ចម្រុះ​នៅក្នុង​រដ្ឋាភិបាល PDI-Perjuangan របស់ Jokowi ។


ប្រជាជន​ឥណ្ឌូណេស៊ី​ប្រហែល ២០៥​លាន​នាក់​ក្នុងចំណោម​ប្រជាជន ២៧០​លាន​នាក់​មាន​សិទ្ធិ​បោះឆ្នោត​សម្រាប់​ការប្រណាំង​អ្នកដឹកនាំ និង​ការបោះឆ្នោត​សភា​ដែល​ត្រូវបាន​ធ្វើឡើង​ក្នុងពេល​ដំណាលគ្នា។

ការស្ទង់មតិ​កន្លងមក​បានបង្ហាញ​ថា ​បក្សដែល​ដឹកនាំ​ដោយ Prabowo នាំមុខ​ប្រហែល ៥២ ភាគរយ​ធៀប​នឹង ២៤ភាគរយ​និង២០ភាគរយ​របស់​គណបក្ស​២​ផ្សេង​ទៀត​។


ការសម្រេចចិត្ត​របស់ Prabowo ក្នុងការ​ជ្រើសរើស Gibran អាយុ ៣៦ ឆ្នាំ​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​របស់គាត់ បើទោះបីជា​តម្រូវការ​អា​យុ​អប្បបរមា ៤០ ​សម្រាប់​បេក្ខជន​ប្រធានាធិបតី ឬ​អនុប្រធាន​ក៏ដោយ បានធ្វើ​តាម​សេចក្តីសម្រេច​របស់​តុលាការ​ដ៏​ចម្រូងចម្រាស​នៅក្នុង​ខែតុលា។

សេចក្តីសម្រេច​ដែល​ចេញ​ដោយ​ចៅក្រម រួមទាំង​ប្អូនថ្លៃ​របស់លោក Jokowi បាន​លើកលែង​បេក្ខជន​ដែល​បានឈ្នះ​ការបោះឆ្នោត​ក្នុង​តំបន់។ Gibran គឺជា​អភិបាលក្រុង​នៃ​ខេត្ត​ជ្វា​កណ្តាល៕​