​ប៉ូលិស​រុស្ស៊ី បានដាក់​នាយក​រដ្ឋមន្ត្រី​អេ​ស្តូ​នី លោកស្រី ខា​ចា កាឡាស (Kaja Kallas)​ រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ លី​ទុយ​អា​នី និង​សមាជិកសភា​ចាស់​របស់​ឡេ​តូ​នី​ រាប់សិប​នាក់​ដែល​ប្រទេស​ទាំង​ ៣ ​នេះ​ ធ្លាប់ជា​រដ្ឋ​ក្នុង​សហភាព​​សូ​វៀត ទៅក្នុង​បញ្ជី​តាម​ចាប់ខ្លួន ចំពោះ​ការបំផ្លាញ​ទីកន្លែង​រំឭក​ការចងចាំ ​ដែល​បន្សល់​ពី​សម័យ​សូ​វៀត​។ នេះ​យោងសេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​​រ៉​យ​ទ័​រ ដែល​ស្រង់​ព័ត៌មាន​ពី​ក្រសួងមហាផ្ទៃ​រុស្ស៊ី​។​

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌ្មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov) បាន​ថ្លែងថា ការ​តាម ចាប់ខ្លួន​លោកស្រី កាឡាស ធ្វើឡើង​ដោយសារតែ​នាយក​រដ្ឋ​មន្ត្រី​អេ​ស្តូ​នី​រូបនេះ បានប្រមាថ​ការចងចាំ​ប្រវត្តិសាស្ត្រ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី ​TASS បាន​ផ្សាយ​ថា បណ្ដា​មន្ត្រី​នៃ​ប្រទេស​បាល់​ទិ​ក ត្រូវបាន​ចោទ​ប្រកាន់​ពីបទ​ «​បំផ្លាញ​កន្លែង​រំឭក​ការចងចាំ​ដែល​ឧទ្ទិស​ទៅដល់​ទាហាន​សូ​វៀត​» ដែល​នេះ​ជា​ទង្វើ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ​៥ ​ឆ្នាំ ក្រោម​ក្រមព្រហ្មទណ្ឌ​រុស្ស៊ី​។​


​រាប់​ចាប់តាំងពី​រុស្ស៊ី​ ចូល​ឈ្លា​ន​ពាន​អ៊ុយ​ក្រែ​ន​ទ្រង់ទ្រាយ​ធំ​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ ​២០២២ មក អេ​ស្តូ​នី ឡេ​តូ​នី និង​លី​ទុយ​អា​នី បាន​កម្ទេច​វិមាន​រំឭក​ការចងចាំ​ភាគច្រើន​ដែល​បន្សល់ទុក​ពី​សម័យ​សូ​វៀត​ក្នុងប្រទេស​របស់ខ្លួន រួមទាំង​ទីកន្លែង​រំឭក​ការ​ចងចាំ​ដល់​ទាហាន​សូ​វៀត​ដែល​ត្រូវបាន​សម្លាប់​ក្នុង​សង្គ្រាម​លោក​លើក​ទី​ ២ ​ផងដែរ​។

​ប្រទេស​ទាំង​ ៣ ធ្លាប់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សហភាព​សូ​វៀត ប៉ុន្តែ​បច្ចុប្បន្ន​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប និង​អង្គការ​​ណា​តូ ហើយ​ចាប់តាំងពី​ការ​ឈ្លា​ន​​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​មក ប្រទេស​ទាំងនេះ​ក្លាយជា​អ្នកគាំទ្រ​អ៊ុយ​ក្រែ​ន​យ៉ាង​ម៉ឺង​ម៉ាត់​ហើយ​ប្រឆាំង​រិះគន់​នឹង​រុស្ស៊ី​ឥត​សំចៃមាត់​។​


​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​បាល់​ទិ​ក ចាត់ទុក​ទីកន្លែង​រំឭក​ការចងចាំ​ទាំងនោះ​ជា​ឧបករណ៍​ឃោសនា ដែល​សាងសង់ឡើង​ដោយ​អតីត​អធិរាជ​ជំនាន់​ដើម​។​

​លោកស្រី កាឡាស បាន​សរ​​សេរ​នៅលើ​បណ្ដាញ​សង្គម ​X ថា​៖«​ឥឡូវនេះ វិមាន​ក្រឹម​ឡាំង​សង្ឃឹមថា សកម្មភាព​របស់ខ្លួន​នឹងធ្វើ​ឱ្យ​ខ្ញុំ និង​អ្នក​ដទៃទៀត​នៅ​ស្ងាត់ ប៉ុន្តែ​វា​នឹងមិន​អាច​ទេ​។ ខ្ញុំ​នឹង​បន្ត​ការគាំទ្រ​ដ៏​រឹងមាំ​របស់ខ្ញុំ​ ចំពោះ​អ៊ុយ​ក្រែ​ន​។ ខ្ញុំ​នឹង​បន្ត​ឈរលើ​ការបង្កើន​ការការពារ​អឺរ៉ុប​»​។​

​គ្រប់​អ្នកនយោបាយ​នៃ​ប្រទេស​បាល់​ទិ​ក​ដែល​ជាប់​ក្នុង​បញ្ជី​ចាប់ខ្លួន​របស់​រុស្ស៊ី នឹងត្រូវ​ចាប់ខ្លួន ប្រសិនបើ​ពួកគេ​ឆ្លង​ចូល​ព្រំដែន​​រុស្ស៊ី នេះ​មានន័យថា ដីកា​របស់​រុស្ស៊ី​ចូល​ជាធរ​មានតែ​ក្នុង​ទឹកដី​របស់ខ្លួន​ប៉ុណ្ណោះ​៕​