​នាយករដ្ឋមន្ត្រី​ថៃ​លោក សេដ្ឋា ថា​​វី​ស៊ីន (SretthaThavisin) នៅ​ថ្ងៃទី ​១៣ ខែកុម្ភៈ ឆ្នាំ​ ២០២៤ បានប្រកាសថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) នឹងត្រូវ​បាន​ដោះ​លែងឱ្យ​នៅក្រៅ​ឃុំ​ជា​ផ្លូវការ​ហើយ បន្ទាប់ពី​លោក​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប៉ូលិស​ខេត្ត​អស់​រយៈពេល​ ៦ ខែ​។ លោក សេដ្ឋា ក៏បាន​សម្ដែង​ការគោរព និង​ទទួលស្គាល់​ចំពោះ​ការរួមចំណែក​ដឹកនាំ​ប្រទេស​​ថៃ​របស់លោក ថាក់ស៊ីន ផងដែរ​។​


​លោក ថាក់ស៊ីន ជា​មហាសេដ្ឋី​ដ៏​លេចធ្លោ និង​ធ្លាប់ជា​នាយករដ្ឋមន្ដ្រី​ដ៏​ល្បី ១ ​រូប​ផងដែរ​នៅ​ប្រទេស​ថៃ​។ លោក​បាន​វិលត្រឡប់​ចូល​មាតុប្រទេស​វិញ បន្ទាប់ពី​ចំណាយពេល​និរទេស​ខ្លួន​ ១៥​ ឆ្នាំ​នៅក្រៅ​ប្រទេស ដើម្បី​គេចចេញ​ពី​ការជាប់​ពន្ធនាគារ​ដោយសារ​ជម្លោះ​ផលប្រយោជន៍​។​

​តុលាការ​ថៃ​បាន​កាត់ទោស​លោក​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៨ ​ឆ្នាំ ប៉ុន្តែ​ព្រះមហាក្សត្រ​ថៃ​បាន​បន្ធូរ​បន្ថយទោស​ម​ក​នៅត្រឹមតែ ​១​ ឆ្នាំ​ប៉ុណ្ណោះ​។ ឥស្សរ​ជន​នយោបាយ​វ័យ ​៧៤ ​ឆ្នាំ​រូបនេះ បាន​ចំណាយពេល ៦ ​ខែ​ ក្នុងការ​ឃុំខ្លួន​នៅឯ​មន្ទីរពេទ្យ​ប៉ូលិស​ខេត្ត ដោយសារ​តែមាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ ទោះ​យ៉ាងណា ស្ថានភាព​ពិតប្រាកដ​នៃ​សុខភាព របស់លោក​មិនដែល​បានបង្ហាញ​ជា​សាធារណៈ​ឡើយ ហើយ​លោក​ក៏​មិនដែល​បាន​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ដែរ​។​


​លោក សេដ្ឋា ថា​វី​ស៊ីន ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​គ្រួសារ​ស៊ីណាវ៉ាត្រា និង​ជា​មហាសេដ្ឋី ១ ​រូប​ផងដែរ​នោះ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ៖ «​លោក​ថាក់ស៊ីន ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​ជា​ផ្លូវការ ស្របតាម​ច្បាប់​របស់​នា​យក​ដ្ឋា​ន​ពន្ធនាគារ​»​។​


​លោក សេដ្ឋា បាន​បន្ថែមថា​៖ «​លោក ថាក់ស៊ីន ធ្លាប់ជា​អតីត​នាយករដ្ឋមន្ត្រី​ដែល​បានរួម​ចំណែក​កសាង​ប្រទេស​​ថៃ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ បន្ទាប់ពី​ការដោះលែង​គាត់ នោះ​គាត់​នឹង​ក្លាយទៅជា​ពលរដ្ឋ​ធម្មតា​ម្នាក់​ប៉ុណ្ណោះ​»​។​


​លោក ថាក់ស៊ីន ស្ថិតនៅ​ក្នុងចំណោម​អ្នកទោស​ចំនួន​ ៩៣០​ នាក់ ​ដែល​ចាត់​ទុក​ថា​ជា​មនុស្ស​ចាស់ ឬ​មនុ​ស្សមាន​ជំងឺ និង​ដែល​ត្រូវបាន​អនុម័ត​ឱ្យនៅ​ក្រៅ​ឃុំ នេះ​បើ​យោងតាម​ការរាយការណ៍​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុកថៃ​។​

​លោក​អាច​នឹង​ត្រូវបាន​ដោះលែង​បន្ទាប់ពី​ថ្ងៃទី​ ១៨ ខែកុម្ភៈ​។ នេះ​បើ​យោងតាម​ការសម្រេច​រប​ស់​នាយកដ្ឋាន​​ពន្ធនាគារ​។ ប៉ុន្តែ មេធាវី​របស់លោក ថាក់ស៊ីន គឺ​លោក វីន​យ៉ា​ត ឆា​តម​ន្ទ្រី (Winyat Chatmontri) មិនទាន់​បានទទួល​កាលបរិច្ឆេទ​ដោះលែង​ជាក់​លាក់​នៅឡើយ​ទេ​។ ដូច្នេះ ខ្លឹមសារ​លម្អិត​នៃ​សេចក្ដីសម្រេច​ដោះលែង នៅ​មិនទាន់​ចេញផ្សាយ​នៅឡើយ​ទេ ប៉ុន្តែ​លោក​អាច​ប្រឈមមុខ​នឹង​ការតាមដាន​ឃ្លាំមើល​ពី​អាជ្ញាធរ និង​ហាម​មិនឱ្យ​ធ្វើដំណើរ​ចេញ​ក្រៅប្រទេស​។​

​កូនស្រី​របស់លោក​ថាក់​ស៊ីន គឺ​លោក​ស្រី ភែ​ថង​ថា​ន ស៊ីណាវ៉ាត្រា ​(Paetongtarn Shinawatra)​ បាន​និ​យាយ​ថា វា​ដល់​ពេលដែល​ឪពុក​របស់ លោកស្រី​ត្រូវ​ត្រឡប់មកផ្ទះ​វិញ​ហើយ​។ លោកស្រី សង្ឃឹមថា គាត់​នឹងមាន​សុខភាព​ល្អ និង​អាច​រស់នៅ​ក្នុងប្រទេស​ថៃ​បាន​៕