​ទោះបី​រដ្ឋបាល​ប្រធានាធិបតី បាន​ព្រមាន​ថា នឹងមិន​ចុះហត្ថលេខា​លើ​ច្បាប់​ថ្មី​ ដែល​ផ្តល់ជំនួយ​ឱ្យតែ​សម្ព័ន្ធ​អ៊ី​ស្រា​អែល ដោយ​មិន​បានគិត​គួរ​ដល់​ជំនួយ​អ៊ុយ​ក្រែ​ន និង​កញ្ចប់​ថវិកា​សន្តិ​សុខ​ដទៃទៀត ប្រធានសភា​ជាន់​ទាប​សហរដ្ឋអាមេរិក​ម​ក​ពី​គណបក្ស​សាធារណរដ្ឋ​កាលពី​ថ្ងៃ​ទី​ ១៣ ខែកុម្ភៈ​បាន​អះអាង​ជាថ្មី​ថា គ្មាន​ការបោះឆ្នោត​គាំទ្រ​ជំនួយ​ថ្មី ទោះ​ព្រឹទ្ធសភា​បើកផ្លូវ​ក៏ដោយ​។​


​រដ្ឋបាល​ប្រធានាធិបតី ចូ បៃ​ដិ​ន​(Joe Biden) ដែលជា​អ្នក​ឧបត្ថម្ភ​គាំទ្រ​លេខ ​១ ​ដល់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ របស់លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី ក្នុងការ​ធ្វើសង្គ្រាម​តទល់​ជាមួយ​មហាអំណាច​នុយក្លេអ៊ែរ​ ផុត​លេខ «​រុស្ស៊ី​» កាល​ខែតុលា ​២០២៣ ធ្លាប់បាន​​ផ្តួចផ្តើម​កញ្ចប់​ជំនួយ​សង្គ្រាម​សរុប ​១០៥​ ពាន់​លាន​ដុល្លារ​ សម្រាប់​ទាំង​អ៊ុយ​​ក្រែ​ន អ៊ីស្រា​អែល ការផលិត​គ្រាប់​បំពេញ​ឃ្លាំង​វិញ និង​កិច្ចការ​សន្តិសុខ ប៉ុន្តែ​សេចក្តី​ព្រាង​នោះ​ត្រូវបាន​រារាំង​ដោយ​សភា​។​

​ប៉ុន្តែ​កញ្ចប់​ជំនួយ​យោធា​សង្គ្រាម​ដ៏​សម្បើម​នោះ​ត្រូវបាន​ច្រានចោល​ដោយ​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ លោក Mike Johnson មកពី​គណបក្ស​សាធារណរដ្ឋ​ក្រោម​ឥទ្ធិពល​នយោបាយ​របស់ លោក ដូ​ណា​ល់  ត្រាំ អតីត​ប្រធានាធិបតី ​១​ អាណត្តិ និង​ដែល​ទំនង​ត្រូវបានតែងតាំង​ជាថ្មី​សម្រាប់​ការបោះឆ្នោត​នៅ​ខែវិច្ឆិកា ចុងឆ្នាំ​នេះ​។​


​ដើម្បី​ដោះស្រាយ​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន ព្រឹទ្ធសភា​អាមេរិក​ បាន​តាក់តែង​សេចក្តី​​ព្រាង​ច្បាប់​ជំនួយ​ថ្មី​ទៀត​ដែល​ទម្លាក់​ចំនួន​ទឹកប្រាក់​មក​នៅត្រឹម​ ៩៥​ ពាន់​លាន​ដុល្លារ​វិញ​សម្រាប់​ដោះស្រាយ​បញ្ហា​សង្គ្រាម​។​


​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន​ជាថ្មី​ម្តងទៀត បាន​អង្វរ​ឱ្យ​សភា​អាមេរិក​ អនុម័ត​ច្បាប់​ផ្តល់ជំនួយ​សង្គ្រាម​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ជំនួយ​នោះ​មាន​សារៈសំខាន់​សម្រាប់​ការ​ក្រោកឈរឡើង​ប្រឆាំង​មេដឹកនាំ​ផ្តាច់ការ​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin)​។​


​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​​បារាំង AFP ប្រធានសភា​អាមេរិក លោក Mike Johnson ដែល​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​លោក ដូ​ណា​ល់ ត្រាំ ដែល​ទំនង​ក្លាយជា​គូប្រជែង​របស់​ប្រធានាធិបតី លោក បៃ​ដិ​ន នៅក្នុង​ការបោះឆ្នោត​ខែវិច្ឆិកា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​គ្មាន​ចេតនា​សូម្បីតែ​អនុញ្ញាត​ឱ្យមាន​ការបោះ​ឆ្នោត​លើ​សេចក្តីព្រាងច្បាប់​ចុងក្រោយ​នេះ​។​ ​លោក Mike Johnson ត្រូវបាន​ស្រង់​សម្តី​ដូច​បាន​និយាយថា​៖«​ប្រាកដ​ណាស់ ខ្ញុំ​មិន​ធ្វើ​ទេ​!»​។​

​ក្រោយ​ការជាប់គាំង​ច្រើនលើកច្រើនសា​ក្នុងការ​ទម្លាក់​ជំនួយ​យោធា​ទៅឱ្យ​អ៊ុយ​ក្រែ​ន ​ចាប់តាំងពី​ចុងឆ្នាំ​ ២០២៣​ មក ព្រឹទ្ធសភា​ ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​របស់លោក ចូ បៃ​ដិ​ន បាន​តាក់តែង និង​អនុម័ត​សេចក្តីព្រាងច្បាប់​ថ្មី​មួយ​នៅ​ថ្ងៃទី​ ១៣ ខែកុម្ភៈ​។ សេចក្តីព្រាងច្បាប់​នោះ​រួម​បញ្ចូល​ទាំង​ការផ្តល់​មូលនិធិ​ចំនួន ៩៥​ ពាន់​លាន​ដុល្លារ ដែល​ភាគច្រើន​សម្រាប់​សន្តិសុខ​របស់​អ៊ុយ​ក្រែ​ន និង​អាទិភាព​ទៅលើ​បញ្ហា​សន្តិសុខ​នៅ​អ៊ី​ស្រា​អែល និង​តៃវ៉ាន់​។​

​ក្រោយ​ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាងច្បាប់​នោះ ថ្លែង​ចេញពី​សេត​វិមាន លោក ចូ បៃ​ដិ​ន បាន​និយាយថា ការជួយ​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋអាមេរិក និង​ជាពិសេស​ការរក​ជំនួយ​ពី​អ៊ុយ​ក្រែ​ន ខណៈដែល​អ៊ុយ​ក្រែ​ន​តស៊ូ​ដើម្បី​ទប់ទល់​នឹង​ការ​ឈ្លា​ន​ពាន​របស់​រុស្ស៊ី​រយៈពេល ​២ ​ឆ្នាំ គឺជា​ការ​ទទួលខុស​ត្រូវជា​មូលដ្ឋាន​។​

​លោក បៃ​ដិ​ន បាន​ថ្លែង​តាម​ទូរទស្សន៍​នូវ​ឃ្លា​ដដែលៗ​ចំនួន​ ៥​ ដង​នៅក្នុង​សុន្ទរកថា​ថា​៖«​ប្រវត្តិសាស្ត្រ​កំពុង​មើល​» ដោយ​បន្ថែមថា​៖«​ការគាំទ្រ​សេចក្តីព្រាងច្បាប់​នេះ​គឺ​ក្រោក​ឡើង​ប្រឆាំង លោកពូ​ទីន​។ ការប្រឆាំង​សេចក្តីព្រាងច្បាប់​នេះ​កំពុង​លេង​ក្នុង​ដៃ​របស់​ពូ​ទីន​»៕