រដ្ឋ​មន្ត្រី​ការ​បរទេស​ហ្វីលីពីន​ លោក Enrique Manalo ​​បាន​និយាយ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ប្រទេស​ហ្វីលីពីន​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​​​ក្នុង​ការ​ចរចា​​ស្ដី​ពី​ក្រម​ប្រតិបត្តិ​​​រវាង​ប្រទេស​ចិន​ និង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេង​ៗទៀត​ ដើម្បី​បញ្ចៀស​ការ​ប្រឈម​មុខ​ដា​ក់​គ្នា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ 


​លោក Enrique ​ក៏​បាន​និយាយ​​ទៀត​ថា​ ភាព​តាន​តឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ មិន​មែន​សុទ្ធ​តែ​ជា​បញ្ហា​អំពី​​ការ​ប្រជែង​គ្នា​រវាង​ប្រទេស​មហា​អំណាច​ ដែល​មាន​សហរដ្ឋ​អាមេរិក​ និង​ចិន​នោះ​ទេ​ ហើយ​ហ្វីលីពីន​ និង​ប្រទេស​ដទៃ​ទៀត​​ក៏​មាន​សិទ្ធិ ​និង​ផល​ប្រយោជន៍​ស្រប​ច្បាប់ត្រូវ​រក្សា​​​ផង​ដែរ​។

លោក​​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​​ ការ​និយាយ​ភាព​តាន​តឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​ដោយ​សារ​តែ​ការ​ប្រកួត​ប្រជែង​រវាង​ប្រទេស​មហាអំណាច​ ​នឹង​មិន​​ល្អ​ ដើម្បី​ឱ្យ​គេ​​​​យល់​ដឹង​​​​អំពី​ស្ថានភាព​ពិត​ ដោយ​ឥត​លាក់​លៀម​នោះ​ទេ​​ ប៉ុន្តែ​ «​វា​បិទ​បាំង​ការ​វិនិច្ឆ័យ​ដ៏​ល្អ​ សកម្មភាព​ដែល​ខុស​ច្បាប់​យ៉ាង​ច្បាស់​នៅ​ក្នុង​ច្បាប់​អន្តរជាតិ​ហើយ​ការ​​ប្រឆាំង​នឹង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ ជួនកាល​ត្រូវ​បាន​គេ​ពន្យល់​ធ្វើ​ឱ្យ​មើល​ទៅ​សម​ហេតុ​ផល​ ក្រោម​លេស​នៃ​ការ​ប្រកួត​ប្រជែង​គ្នាទៅ​វិញ​​​ទេ​»​។


ជាមួយ​គ្នា​នេះ​ ​រដ្ឋ​មន្រ្តី​ការបរទេស​​ហ្វីលីពីន​ ​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​​អំពី​ភាព​តាន​តឹង​ក្នុង​​តំបន់​ជុំវិញ​កោះ​តៃវ៉ាន់​ និង​បាន​ជំរុញ​ឱ្យ​ភាគី​ទាំង​អស់​រក្សា​ទំនាក់​ទំនង​ដោយ​ផ្ទាល់​។​


​គំនិត​នៃ​ក្រម​ប្រតិបត្តិ​​លើ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ត្រូវ​បាន​​លេច​ចេញ​ឡើង​តាំង​ពី​ជាង​ ២ ទសវត្សរ៍​មុន​ ប៉ុន្តែ​ភាគី​ប្រទេស​នានា​ ទើប​តែ​​ប្តេជ្ញា​ចិត្ត​ដើម្បី​ចាប់​ផ្តើម​ដំណើរការ​វា​នៅ​ឆ្នាំ​ ២០១៧ ប៉ុណ្ណោះ​។ ​លើស​ពី​នេះ​ទៀត​សោត​​វា​ក៏​​មាន​ការ​វិវឌ្ឍន៍​តិច​តួច​ស្ដី​ពី​ក្រម​មួយ​នេះ​ ​ដោយ​សារ​តែ​ការ​ចរចា​លើ​ខ្លឹមសារ​នៃ​ក្រម​ មិន​​ទាន់​ឈាន​ទៅ​មុខ​នៅ​ឡើយ​។


​បញ្ហា​នេះ​មាន​ភាព​រសើប​ខ្លាំង​ ដោយ​ប្រទេស​ជិត​ខាងផ្សេង​ៗ​​របស់​ចិន​ចង់​ផ្អែក​វា​លើ​ក្រម​ច្បាប់​អន្តរជាតិ​ខណៈ​ចិន​រង​ការ​ចោទ​ប្រកាន់​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ ​​មិន​យក​ចិត្ត​ទុក​ដាក់​ទាំងបន្ត​ទទូច​​អះ​អាង​ថា​ ដែន​ទឹក​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរ​តែ​ទាំង​មូល​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន​។​

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បញ្ហា​នៅ​តែ​បន្ត​តាន​តឹង​ ដោយ​​​ហ្វីលីពីន​ និង​ចិន​ តែង​តែ​ប៉ះ​ទង្គិច​ ហើយ​ទម្លាក់​កំហុស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ អំពី​ការ​ឈ្លាន​ពាន​ចូល​​ដែន​ទឹក​ជម្លោះ​ ដែល​ភាគី​ទាំង​២​អះ​អាង​យក​រៀង​ៗ​ខ្លួន​​៕